ដោយ វុត្ថា
ភ្នំពេញ៖ ទោះបីកម្ពុជាកំពុងជួបបញ្ហាជំងឺកូវីដ១៩ក្ដី ក៏សកម្មភាពសាងសង់ហេដ្ឋារចនាផ្លូវថ្នល់ និងស្ពាននៅទូទាំងប្រទេសនៅតែមានដំណើរសកម្មភាពធម្មតាដដែល លើកលែងតែផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ដោយសារការមកដល់នៃដឹកគ្រឿងចក្រមានភាពយឺតយ៉ាវ។

-->
នេះគឺជាលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងពិធីដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារ សាងសង់ផ្លូវជាតិលេខ១១ ដោយមានការចូលរួមពីមន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនប្រឹក្សា បច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នេះ។
លោកទេសរដ្ឋមន្ត្រីបន្តថា “យើងខ្ញុំមានភាពយឺតយ៉ាវបន្តិចនូវការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ពីភ្នំពេញទៅតាកែវ ប៉ុន្តែខ្ញុំសង្ឃឹមថា ក្រុមហ៊ុននឹងខិតខំប្រឹងប្រែងយកគ្រឿងចក្រឱ្យបានទាន់ពេលវេលា មកសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ” ។
លោកស៊ុនចាន់ថុលបន្តថា “ដោយសារគ្រឿងចក្រគាត់មួយចំនួនមានការកកស្ទះនៅប្រទេសវៀតណាម គាត់ទិញមក ដឹកតាមវៀតណាម ហើយរហូតមកដល់ពេលនេះ គ្រឿងចក្រទាំងនោះក៏មិនទាន់មកដល់ប្រទេសកម្ពុជាយើងនៅឡើយដែរ” ។
លោកបន្ថែមថា “ប៉ុន្តែខ្ញុំជឿជាក់ថា ក្រុមហ៊ុននឹងខិតខំប្រឹងប្រែង ធ្វើយ៉ាងមិចឱ្យបានលឿនដើម្បីធ្វើកិច្ចការនេះ ឱ្យបានចប់តាមកិច្ចព្រមព្រៀងរបស់យើង។ ជារួមគ្រប់ការដ្ឋានទាំងអស់មិនមានភាពយឺតយ៉ាងនោះទេ លើកលែងតែផ្លូវជាតិលេខ២ និងផ្លូវជាតិលេ២២នេះ” ។ លោកទេសរដ្ឋមន្ត្រីបានអំពាវនាវដល់ក្រុមហ៊ុនសាងសង់ទាំងឡាយ ប្រសិនបើមិនចង់សាងសង់ឡើងវិញ ឬចូលក្នុងបញ្ជីខ្មៅទេ ត្រូវសាងសង់គោរពតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកជាដាច់ខាត។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ជួសជុលធ្វើឲ្យប្រសើរឡើងនូផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ ។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២,១៧គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់មានប្រវែង ៦២,៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តតាកែវ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC។
កំណាត់ផ្លូវទាំងពីរខ្សែនេះសាងសង់ឡើងដោយក្រុមហ៊ុន Hasan Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture គ្រោងចំណាយរយៈពេលសាងសង់ ចំនួន៣០ខែ គិតចាប់ពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២ ៕