ដោយ ៖ វុត្ថា
ភ្នំពេញ៖ អ្នកជំនាញបានលើកឡើងថា ការរៀបចំប្លង់គោលប្រើប្រាស់ដីរបស់រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទូទាំងខេត្ត-ក្រុងនៃប្រទេសកម្ពុជា គឺមានភាពងាយស្រួលក្នុងការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធព្រមទាំងសំណង់អគារផ្សេងៗ ខណៈរហូតមកដល់ពេលនេះសម្រេចបានចំនួន១៣ ក្នុងចំណោមស្រុក-ក្រុងចំនួន២៦ ។

-->
លោក សន សៀប អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate ធ្លាប់បានប្រាប់គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះថា ប្លង់គោលប្រើប្រាស់ដីរបស់រដ្ឋាភិបាល ត្រូវបានកំណត់ជាក់លាក់ថា ដីនៅក្នុងទីក្រុងណាមួយអាចយកទៅប្រើប្រាស់អ្វីបាន ឬសាងសង់អគារបានកំពស់ប៉ុន្មានជាន់ជាដើម។
លោកបន្តថា “នៅពេលដែលយើងមិនទាន់មានច្បាប់ប្រើប្រាស់ដីនេះ វាមានផលលំបាកក្នុងការទិញដី ឬក៏ត្រូវរៀបចំឯកសារមុនក្នុងការសាងសង់ទៅតាមប្រភេទដែលអាចធ្វើបាន ហើយត្រូវការចំណាយលុយមុន ហើយប្រការនេះ អ្នកវិនិយោគមិនចង់មានការចំណាយច្រើននោះទេ។
លោកបន្តថា “អ្វីដែលរដ្ឋាភិបាលកំពុងរៀបចំប្លង់គោលប្រើប្រាស់ដីនេះ គឺជាការល្អប្រើសើរបំផុត និងអត្ថប្រយោជន៍ខ្ពស់សម្រាប់អ្នកវិនិយោគ និងអ្នករកស៊ីខាងវិស័យចលនទ្រព្យ ប្រជាពលរដ្ឋធម្មតា និងរដ្ឋាភិបាល ជាពិសេសអាចគ្រប់គ្រងទៅលើតាមតំបន់ដែលរដ្ឋាភិបាលបានដាក់យុទ្ធសាស្ត្រក្នុងរៀបចំក្រុង និងមានភាពងាយស្រួលក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផងដែរ។
នាយិការក្រុមហ៊ុន CBRE Cambodia ប្រចាំកម្ពុជា លោកស្រី អាន សុធីតា បានឱ្យ ដឹងដែរថា ការរៀបចំឱ្យមានការប្លង់គោលប្រើប្រាស់ដីនៅគ្រប់ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជា វាផ្តល់នូវភាពងាយស្រួលក្នុងការអភិវឌ្ឍក្រុង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងរយៈពេលវែងទៅមុខទៀត ។
លោកស្រីបន្តថា “ការអនុវត្តឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពចំពោះប្លង់គោលប្រើប្រាស់ដីនេះ ដើម្បីបញ្ជៀសនូវហានិភ័យផ្សេងៗ ជាពិសេសលើការរៀបចំនគរូបនីយកម្ម និងសំណង់ក្នុងខេត្តក្រុងនានា។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានឱ្យដឹងកាលពីពេលថ្មីៗនេះថា រហូតមកដល់ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចធ្វើការកំណត់នៃការប្រើប្រាស់ដីតាមប្លង់គោលនៅតាមបណ្តាស្រុក-ក្រុងនៅទូទាំងប្រទេសបានចំនួន១៣ ក្នុងចំណោមស្រុក-ក្រុងចំនួន២៦ ។
លោកបន្តទៀតថា “សម្រាប់ផែនការរៀបចំដែនដីថ្នាក់រាជធានី-ខេត្តបានចំនួន៣ខេត្ត គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ដែលផែនការនៃការរៀបចំដែនដីនេះ ពិតជាមានសារសំខាន់បំផុតក្នុងការរៀបចំ និងកំណត់នូវផែនការយុទ្ធសាស្ត្រសម្រាប់បែងចែកនៃការប្រើប្រាស់ដី ដើម្បីឈានទៅរកការអភិវឌ្ឍ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននឹងកំពុងរៀបចំប្លង់គោលប្រើប្រាស់ដីនៅគ្រប់រាជធានី-ខេត្ត និងរៀបចំទុកជាឯកសារយុទ្ធសាស្ត្រគោល បម្រើឱ្យមហិច្ឆិតារបស់រាជរដ្ឋាភិបាល និងគោលដៅ ទស្សនវិស័យដល់ឆ្នាំ២០៣៥ ក្នុងការគ្រប់គ្រងតំរង់ទិសការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត និងតំបន់ទីប្រជុំជនពាក់ព័ន្ធទាំងឡាយនៅជាប់ជុំវិញ ឆ្លើយតបបាននឹងកំណើននៃការវិនិយោគឯកជន និងចំនួនប្រជាជន តាមរយៈការតម្រង់ទិស និងជម្រុញការវិនិយោគសាធារណៈ ស្របតាមរបបសេដ្ឋកិច្ចទីផ្សារសេរី និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ៕