ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ មនុស្សជាច្រើនបាននិយាយថា ការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យ ជាពិសេសការទិញ-លក់ដីធ្លី គឺជារឿងងាយស្រួល និងឆាប់មានបំផុត ប៉ុន្តែវាមិនមែនងាយស្រួលដូចការគិតនោះទេ។

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ មនុស្សជាច្រើនបាននិយាយថា ការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យ ជាពិសេសការទិញ-លក់ដីធ្លី គឺជារឿងងាយស្រួល និងឆាប់មានបំផុត ប៉ុន្តែវាមិនមែនងាយស្រួលដូចការគិតនោះទេ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Show Up Real Estate លោក អ៉ិន ណាង បានចែករំលែកនូវចំណេះដឹងខ្លីៗដែលជាគោលការណ៍គ្រឹះ និងជាទុនយ៉ាងសំខាន់សម្រាប់ឈរជើង និងរកស៊ីបានយូរនៅក្នុងវិស័យអចលនទ្រព្យ ប្រកបដោយភាពជោគជ័យខ្ពស់។
លោក អ៉ិន ណាង បានមានប្រសាសន៍ថា “ការចូលខ្លួនមកប្រឡូក ឬរកស៊ីនៅក្នុងវិស័យអចលនទ្រព្យវាមិនមែនជារឿងលំបាក និងពិបាកធ្វើនោះទេ ប៉ុន្តែអ្វីដែលសំខាន់ គឺភាពរឹងមាំ ដែលអាចឈរជើង និងរកស៊ីនៅក្នុងសង្គមដែលពោរពេញទៅដោយការប្រកួតប្រជែងមួយនេះបានយូរអង្វែង និងទទួលភាពជោគជ័យ។ ឧទារហណ៍ថា ប្រសិនបើចំណាយលុយទិញដីសម្រាប់វិនិយោគ គឺត្រូវតែមានទំនុកចិត្តខ្ពស់ថា នឹងអាចទទួលបានចំណេញ។
លោកបានបញ្ជាក់ថា សម្រាប់ការរកស៊ីនៅក្នុងវិស័យអចលនទ្រព្យ ថវិកាដែលជាទុនដំបូង វាគឺជាចំណុចសំខាន់មិនអាចខ្វះបាន ប៉ុន្តែនៅមានធាតុផ្សំផ្សេងៗមួយចំនួនទៀត ដែលអ្នករកស៊ីនៅក្នុងវិស័យមួយនេះ គប្បីត្រូវតែមាន នោះគឺចំណេះដឹង ភាពឆ្លាតវៃ និងស្វែងយល់ពីព័ត៌មានពាក់ព័ន្ធនានាជាច្រើនទៀតដូចជា៖
១- ចេះសិក្សាពីតម្លៃក្នុងស្រុក ៖ នេះជាកិច្ចការដំបូងដែលអ្នកត្រូវដឹងពីតម្លៃអចលនទ្រព្យក្នុងពេលបច្ចុប្បន្ន ស្គាល់ពីតំបន់នីមួយៗ ជាពិសេសគឺតំបន់កំពុងអភិវឌ្ឍន៍ និងតំបន់គ្រោងអភិវឌ្ឍន៍។ នៅពេលដែលអ្នកដឹងពីតម្លៃអចលនទ្រព្យក្នុងតំបន់ណាមួយច្បាស់ នោះអ្នកនឹងងាយស្រួលក្នុងការលក់ -ទិញ ដោយទទួលបានផលចំណេញច្រើន។ អ្នកត្រូវដឹងឱ្យច្បាស់ថា តម្លៃនៃអចលនទ្រព្យមួយនេះ វានឹងកើនតម្លៃនៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត ។
២- កុំមើលរំលងតំបន់ជាយក្រុង ៖ នៅពេលការអភិវឌ្ឍកាន់តែរីកចម្រើន តំបន់ក្រុងកាន់តែចង្អៀត នោះក្រុមអ្នកវិនិយោគនឹងងាកទៅកាន់តំបន់ជាយក្រុងវិញម្ដង ដូច្នេះ អ្នកត្រូវដឹងថា បច្ចុប្បន្នតើការអភិវឌ្ឍនៅក្នុងទីក្រុងដល់កម្រិតណា ហើយវានឹងជះឥទ្ធិពលទៅដល់ជាយក្រុងនៅពេលណា? ឆ្ពោះទៅទិសមួយណា? នៅពេលដែលអ្នកដឹងថា តំបន់ជាយក្រុងណាមួយ នឹងក្លាយជាតំបន់អភិវឌ្ឍន៍អាទិភាព នោះអ្នកនឹងមើលឃើញពីតម្រូវការទីផ្សារ និងការទទួលបានផលចំណេញពីពីការវិនិយោគ។
៣- តាមដានព័ត៌មានឱ្យបានល្អិតល្អន់ ៖ ត្រូវមានទំនាក់ទំនងល្អជាមួយនឹងស្ថាប័នឯកជន ឬរដ្ឋ ដើម្បីទទួលបានព័ត៌មាននានា លើវិស័យអចលនទ្រព្យ ព្រោះអ្នកនឹងដឹងថា តំបន់ណានឹងក្លាយជាតំបន់អភវិឌ្ឍន៍ តំបន់ណានឹងត្រូវរដ្ឋាភិបាលរក្សាទុក ។ ម្យ៉ាងទៀត រាល់ការមានទំនាក់ទំនងល្អ មិនថាចំពោះស្ថាប័នរដ្ឋ ឬឯកជននោះទេ អ្នកអាចនឹងទទួលបានផលចំណេញច្រើន ទាំងគម្រោងអភិវឌ្ឍរបស់រដ្ឋាភិបាល ទាំងការពង្រីកទីផ្សាររបស់អ្នកកាន់តែទូលាយ៕