រដ្ឋាភិបាល​ចំណាយ​ប្រា​ក់ជាង៥០០លាន​ដុល្លារ លើ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅ​ត្រីមាស​ទី១ឆ្នាំ២០២០

0

ដោយ ប៊ី

ភ្នំពេញៈ កម្ពុជា​សម្រេចបាន​សមិទ្ធ​ផលសំខាន់ៗចំនួន៤ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ត្រីមាស១ ឆ្នាំ២០២០ ខណៈ​កម្ពុជា​បាន​ចំណាយ​ប្រាក់ ៥០០,៣៦លាន​ដុល្លារ លើ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ។

ថ្ងៃ​គេហទំព័រ Propertyarea.area.asia បង្ហាញ​ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៤នេះ។ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៤មាន​ដូចខាងក្រោម៖

ទី១ ផ្លូវជាតិ​លេខ៥៥

ផ្លូវជាតិ​ដ៏​សំខាន់​នេះ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ៥ ក្នុង​ទី​រួម​ខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់​ព្រំដែន​ថ្មដា ជាប់​ជាមួយ​ខេត្ត​ត្រាត ប្រទេស​ថៃ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ១០ ត​ភ្ជាប់​ពី​សំឡូត ទៅ​ខេត្តកោះកុង។

ផ្លូវជាតិ​លេខ៥៥ មាន​ប្រវែង​សរុប១៨២.១៦គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ពោធិ៍សាត់ ឆ្លងកាត់​ស្រុក​វាលវែង ទៅដល់​ថ្មដា​ព្រំដែន​កម្ពុជា-ថៃ។ ផ្លូវ​នេះ​ចំណាយ​ថវិកា​សាងសង់​សរុប ១៣២.៨០លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់​នានា និង​ការ​បោសសម្អាត​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ។

ទី២ ផ្លូវជាតិ​លេខ១០

គមនាគមន៍​ដ៏​សំខាន់​នេះ ត​ភ្ជាប់​ពី​សំឡូត ខេត្តបាត់ដំបង ឆ្លង​វាលវែង អូរ​សោម ខេត្តពោធិ៍សាត់ រហូតដល់​ខេត្តកោះកុង ដែលមាន​ប្រវែង​សរុប១៩៨.៧១គីឡូម៉ែត្រ គ្រោង​ចំណាយ​ថវិកា​សរុប ប្រមាណ១៨៨.៣៨លាន​ដុល្លារ​អាមេរិក ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា។

ការស្ថាបនា​នូវ​គម្រោង​ផ្លូវជាតិ​លេខ១០ ដែលមាន​ប្រវែង​ប្រមាណ១៩៨គីឡូម៉ែត្រ គ្រោង​នឹង​បញ្ចប់ ក្នុង​រយៈពេល៤ឆ្នាំ​ខាងមុខ​ស្របតាម​ផែនការ​អភិវឌ្ឍ ត្រូវបាន​ប្រជាជន​នៅក្បែរ​តំបន់​ផ្លូវជាតិ​នោះ​រំពឹងថា ផ្លូវ​នេះ​នឹង​ក្លាយទៅជា​ច្រកទ្វារ យុទ្ធសាស្ត្រ​សម្រាប់​ទីផ្សារ​ពិភពលោក ពង្រឹង​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន ដែល​រស់នៅ​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា។

គម្រោង​ស្ថាបនា​ផ្លូវជាតិ​ថ្មី​នេះ នឹង​ជម្រុញ​ឱ្យ​ប្រជាជន​កម្ពុជា ពង្រឹង​ប្រព័ន្ធ​ផលិតកម្ម​កសិកម្ម​ដែលមាន​ស្រាប់ និង​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម ទន្ទឹមនឹង​ការអភិវឌ្ឍន៍​ឧស្សាហកម្ម។ បន្ថែម​ពីនេះ ជួយ​ឱ្យ​ផលិតផល​កសិកម្ម ដែល​ដាំ​ដុះ​នៅ​ផ្ទៃដី​ប្រទេស​កម្ពុជា​ត្រូវបាន​ដឹក​ទៅកាន់​ច្រកចេញចូលសំខាន់ៗ ជាពិសេស​កំពង់ផែ​សមុទ្រ​ជ្រៅ​នៅ​ខេត្តកោះកុង និង​ព្រះសីហនុ។

ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់​ផ្លូវជាតិ​លេខ១០ ទៅកាន់​កំពង់ផែ​សមុទ្រ​ក៏​ជាការ​បង្កើន​ការប្រកួតប្រជែង និង​សក្ដានុពល​នៃ​ឧស្សាហកម្ម និង​ក​សិ-ឧស្សាហកម្ម។ ម្យ៉ាងទៀត ផ្លូវ​នេះ​បាន​បង្កើត និង​ចែកចាយ​អត្ថប្រយោជន៍​ជាច្រើន​ដល់​អាជីវកម្ម ជាពិសេស​កសិករ​តូចតាច នៅក្នុង​បរិបទ​នៃ​ការកសាង​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូ​វីដ១៩ ក្នុងពេល​បច្ចុប្បន្ន។

ទី៣ ផ្លូវជាតិ​លេខ៥៨

កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង លោក វ៉ាង វិ​ន​ធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវជាតិ លេខ៥៨ ដែលជា​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​កម្ពុជា និង​ថៃ មាន​ប្រវែង​ជាង១៧៤គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ផ្លូវ​នេះ​បាន​ចំ​ណោ​យ​ថវិកា​សាងសង់១២២.៩៨ លាន​ដុល្លារ​អាមេរិក ដែលជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​ថវិកាបដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​បញ្ហា​ផលប៉ះពាល់​នានា ការ​បោសសម្អាត​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ​ជាដើម។

ផ្លូវជាតិ​លេខ៥៨ ដែលមាន​ប្រវែង​សរុប១៧៤.១៦គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរ​ហូត​ដល់​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺ​ក្នុងនោះ​ផ្លូវ​មេមាន​ប្រវែង១៦៥.១៨គីឡូម៉ែត្រ។ ផ្លូវ​នេះ​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ ប្រវែង៩២គីឡូម៉ែត្រ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រវែង៧៣.១៨គីឡូម៉ែត្រ និង​ផ្លូវ​ខ្នែង​ចំនួន៤ខ្សែ មាន​ប្រវែង​សរុប ៨.៩៨គីឡូម៉ែត្រ បំបែក​ចេញពី​ផ្លូវជាតិ​លេខ៥៨ ចូលទៅ​ច្រកទ្វារព្រំដែន​កម្ពុជា-ថៃ អូរ​បី​ជាន់, បឹង​ត្រកួន, ជប់​គរ​គី និង​ថ្ម​ដូន។

ទី៤ ផ្លូវជាតិ​លេខ២ និង​លេខ២២

ផ្លូវជាតិ​លេខ២ និង​លេខ២២

ផ្លូវ​សំខាន់​ទាំងពីរ​នេះ មាន​ប្រវែង​ជាង៧២គីឡូម៉ែត្រ ដែល​បានចាប់ផ្ដើម​សាងសង់ នៅ​ថ្ងៃទី១១ខែកុម្ភៈ​នេះ នឹង​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន ៥៦,១លាន​ដុល្លារ​អាមេរិក។ នេះ​បើតាម​សម្ដេច​តេ​ជោ​ហ៊ុន សែន ដែល​បាន​ថ្លែង​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់។នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ផ្លូវ​ទាំងពីរ​ខ្សែ​នេះ នឹង​សាងសង់​ជា​ប្រភេទ​ផ្លូវ​បេតុង​កៅស៊ូ AC ដែលជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ។

បើតាម​សម្ដេច​តេ​ជោ​ហ៊ុន សែន​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា បដិភាគ​រដ្ឋាភិបាល មាន​ចំនួន១១លាន​ដុល្លារ សម្រាប់​គម្រោង​ផ្លូវ​នេះ។ កំណាត់​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២ មាន​ប្រវែង​សរុប៧២,១៧គីឡូម៉ែត្រ។ ផ្លូវជាតិ​លេខ២ ចាប់ពី​រង្វង់​មូល​តាខ្មៅ ដល់​អូរ​ចំបក់ មាន​ប្រវែង៦២,៥៦គីឡូម៉ែត្រ រាប់​ចាប់ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តកណ្តាល​រហូតដល់​ខេត្តតាកែវ។

ចំណែក​ផ្លូវជាតិ​លេខ២២ ត​ភ្ជាប់​ពី​ចំណុច​អូរ​ចំបក់ ដល់​អង្គតាសោម មាន​ប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុង​ខេត្តតាកែវ។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here