ដោយ ប៊ី
ភ្នំពេញៈ កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗចំនួន៤ លើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងត្រីមាស១ ឆ្នាំ២០២០ ខណៈកម្ពុជាបានចំណាយប្រាក់ ៥០០,៣៦លានដុល្លារ លើគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។
ថ្ងៃគេហទំព័រ Propertyarea.area.asia បង្ហាញពីគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៤នេះ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៤មានដូចខាងក្រោម៖
-->
ទី១ ផ្លូវជាតិលេខ៥៥

ផ្លូវជាតិដ៏សំខាន់នេះ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង។
ផ្លូវជាតិលេខ៥៥ មានប្រវែងសរុប១៨២.១៦គីឡូម៉ែត្រ តភ្ជាប់ពីពោធិ៍សាត់ ឆ្លងកាត់ស្រុកវាលវែង ទៅដល់ថ្មដាព្រំដែនកម្ពុជា-ថៃ។ ផ្លូវនេះចំណាយថវិកាសាងសង់សរុប ១៣២.៨០លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់នានា និងការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
ទី២ ផ្លូវជាតិលេខ១០

គមនាគមន៍ដ៏សំខាន់នេះ តភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ឆ្លងវាលវែង អូរសោម ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលមានប្រវែងសរុប១៩៨.៧១គីឡូម៉ែត្រ គ្រោងចំណាយថវិកាសរុប ប្រមាណ១៨៨.៣៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការស្ថាបនានូវគម្រោងផ្លូវជាតិលេខ១០ ដែលមានប្រវែងប្រមាណ១៩៨គីឡូម៉ែត្រ គ្រោងនឹងបញ្ចប់ ក្នុងរយៈពេល៤ឆ្នាំខាងមុខស្របតាមផែនការអភិវឌ្ឍ ត្រូវបានប្រជាជននៅក្បែរតំបន់ផ្លូវជាតិនោះរំពឹងថា ផ្លូវនេះនឹងក្លាយទៅជាច្រកទ្វារ យុទ្ធសាស្ត្រសម្រាប់ទីផ្សារពិភពលោក ពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ដែលរស់នៅតំបន់ភាគខាងលិចនៃប្រទេសកម្ពុជា។
គម្រោងស្ថាបនាផ្លូវជាតិថ្មីនេះ នឹងជម្រុញឱ្យប្រជាជនកម្ពុជា ពង្រឹងប្រព័ន្ធផលិតកម្មកសិកម្មដែលមានស្រាប់ និងជំរុញការធ្វើពិពិធកម្មពាណិជ្ជកម្ម ទន្ទឹមនឹងការអភិវឌ្ឍន៍ឧស្សាហកម្ម។ បន្ថែមពីនេះ ជួយឱ្យផលិតផលកសិកម្ម ដែលដាំដុះនៅផ្ទៃដីប្រទេសកម្ពុជាត្រូវបានដឹកទៅកាន់ច្រកចេញចូលសំខាន់ៗ ជាពិសេសកំពង់ផែសមុទ្រជ្រៅនៅខេត្តកោះកុង និងព្រះសីហនុ។
ការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ផ្លូវជាតិលេខ១០ ទៅកាន់កំពង់ផែសមុទ្រក៏ជាការបង្កើនការប្រកួតប្រជែង និងសក្ដានុពលនៃឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម។ ម្យ៉ាងទៀត ផ្លូវនេះបានបង្កើត និងចែកចាយអត្ថប្រយោជន៍ជាច្រើនដល់អាជីវកម្ម ជាពិសេសកសិករតូចតាច នៅក្នុងបរិបទនៃការកសាងសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ក្នុងពេលបច្ចុប្បន្ន។
ទី៣ ផ្លូវជាតិលេខ៥៨

កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង លោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ លេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ផ្លូវនេះបានចំណោយថវិកាសាងសង់១២២.៩៨ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយបញ្ហាផលប៉ះពាល់នានា ការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករជាដើម។
ផ្លូវជាតិលេខ៥៨ ដែលមានប្រវែងសរុប១៧៤.១៦គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរហូតដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ គឺក្នុងនោះផ្លូវមេមានប្រវែង១៦៥.១៨គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់ខេត្តបន្ទាយមានជ័យ ប្រវែង៩២គីឡូម៉ែត្រ និងខេត្តឧត្តរមានជ័យប្រវែង៧៣.១៨គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន៤ខ្សែ មានប្រវែងសរុប ៨.៩៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៥៨ ចូលទៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ អូរបីជាន់, បឹងត្រកួន, ជប់គរគី និងថ្មដូន។
ទី៤ ផ្លូវជាតិលេខ២ និងលេខ២២

ផ្លូវសំខាន់ទាំងពីរនេះ មានប្រវែងជាង៧២គីឡូម៉ែត្រ ដែលបានចាប់ផ្ដើមសាងសង់ នៅថ្ងៃទី១១ខែកុម្ភៈនេះ នឹងចំណាយទឹកប្រាក់សរុបចំនួន ៥៦,១លានដុល្លារអាមេរិក។ នេះបើតាមសម្ដេចតេជោហ៊ុន សែន ដែលបានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់។នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ។
បើតាមសម្ដេចតេជោហ៊ុន សែនបានមានប្រសាសន៍ឲ្យដឹងថា បដិភាគរដ្ឋាភិបាល មានចំនួន១១លានដុល្លារ សម្រាប់គម្រោងផ្លូវនេះ។ កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប៧២,១៧គីឡូម៉ែត្រ។ ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង៦២,៥៦គីឡូម៉ែត្រ រាប់ចាប់ពីរាជធានីភ្នំពេញទៅខេត្តកណ្តាលរហូតដល់ខេត្តតាកែវ។
ចំណែកផ្លូវជាតិលេខ២២ តភ្ជាប់ពីចំណុចអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងខេត្តតាកែវ។ នេះជាការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕