ដោយៈ វុត្ថា
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២០នេះ បានសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ ការបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ សម្ពោធបើកឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ និងគម្រោងធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ។
១) ផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០
-->

ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីខេត្តពោធិ៍សាត់ ទៅស្រុកវាលវែង ឆ្ពោះទៅកាន់ថ្មដាប្រវែង១៨២,១៦គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមីនា ឆ្នាំ២០២០ ខណៈការសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន១៩៨,៧១គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត វាលវែង អូរសោម ដល់កោះកុង ដែលប្រើប្រាស់រយៈពេល៤៨ខែ គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៣ ។
គម្រោងសាងសង់ផ្លូវជាតិលេខ៥៥ មានប្រវែង១៨២,១៦គីឡូម៉ែត្រ ចំណាយអស់ថវិកា១៣២,៨០លានដុល្លារ។ ចំណែកគម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែង ១៩៨,៧១គីឡូម៉ែត្រ គ្រោងចំណាយថវិកា១៨៨,៣៨លានដុល្លារ ។
ផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០នេះ នឹងចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការដោះដូរពាណិជ្ជកម្ម ការវិនិយោគដំណាំកសិផល កសិឧស្សាហកម្ម និងទេសចរណ៍ ជាពិសេសប្រទេសជិតខាង តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ។
២) ផ្លូវជាតិលេខ៥៨

ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីក្រុងប៉ោយប៉ែត ដល់ឃុំផ្អុង ខេត្តឧត្តរមានជ័យ មានប្រវែង១៧៤,១៦គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីប្រើប្រាស់រយៈពេល ក្នុងការសាងសង់ចំនួន៤៣ខែ។ ផ្លូវនេះមានសារៈសំខាន់ ជាយុទ្ធសាស្ត្រដែលមានទីតាំងស្ថិត នៅស្របតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភាគពាយ័ព្យ។
ផ្លូវមួយខ្សែនេះ សាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង១២២លានដុល្លារសហរដ្ឋអាមេរិក។
៣) ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយផ្លូវនេះមានប្រវែងសរុប៧២,១៧គីឡូម៉ែត្រ។ ផ្លូវនេះបានស្ថាបនាចាប់ពីរង្វង់មូលតាខ្មៅ ខេត្តកណ្តាល ដល់អូរចំបក ខេត្តតាកែវ និងអង្គតាសោម ដោយប្រើប្រាស់រយៈពេលសាងសង់៣០ខែ គិតពីខែតុលា ឆ្នាំ២០១៩ និងគ្រោងបញ្ចប់ក្នុងខែមេសា ឆ្នាំ២០២០ ។
បន្ទាប់ពីផ្លូវនេះបានសាងសង់រួចជាស្ថាពរ នឹងក្លាយជាខ្សែផ្លូវមួយដ៏មានសក្តានុពលខ្ពស់ និងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះ ពិសេសសម្រួលដល់ការដឹកជញ្ជូនក្នុងស្រុក និងអន្តរជាតិ តាមរយៈច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ភ្នំដិន-តិញបៀន)។
ការសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២នេះ ចំណាយថវិកា ៥៦,១លានដុល្លាសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េខាងត្បូង និងថិវកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕