ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៥ត្រូវបាន​សម្ពោធ និង​ដាក់ឱ្យ​ដំណើរការ​នៅ​ដើមឆ្នាំ២០២០នេះ

0

ដោយៈ វុត្ថា

ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គិត​ត្រឹម​ត្រីមាស​ទី១ ឆ្នាំ២០២០នេះ បាន​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ផ្លូវជាតិ​លេខ៥៥ ការបើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ១០ សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ផ្លូវជាតិ​លេខ៥៨ និង​គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២ ។

១) ផ្លូវជាតិ​លេខ៥៥ និង​ផ្លូវជាតិ​លេខ១០

ផ្លូវជាតិ​លេខ៥៥ ត​ភ្ជាប់​ពី​ខេត្តពោធិ៍សាត់ ទៅ​ស្រុក​វាលវែង ឆ្ពោះទៅកាន់​ថ្មដា​ប្រវែង១៨២,១៦គីឡូម៉ែត្រ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ខែមីនា  ឆ្នាំ២០២០ ខណៈ​ការសាងសង់​ផ្លូវជាតិ​លេខ១០ មាន​ប្រវែង​សរុប​ចំនួន១៩៨,៧១គីឡូម៉ែត្រ ត​ភ្ជាប់​ពី​សំឡូត វាលវែង អូរ​សោម ដល់​កោះកុង ដែល​ប្រើប្រាស់​រយៈពេល៤៨ខែ គ្រោង​បញ្ចប់​ក្នុង​ឆ្នាំ២០២៣ ។

គម្រោង​សាងសង់​ផ្លូវជាតិ​លេខ៥៥ មាន​ប្រវែង១៨២,១៦គីឡូម៉ែត្រ ចំណាយ​អស់​ថវិកា១៣២,៨០លាន​ដុល្លារ។ ចំណែក​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ១០ មាន​ប្រវែង ១៩៨,៧១គីឡូម៉ែត្រ គ្រោង​ចំណាយ​ថវិកា១៨៨,៣៨លាន​ដុល្លារ ។

ផ្លូវជាតិ​លេខ៥៥ និង​ផ្លូវជាតិ​លេខ១០នេះ នឹងចូលរួម​ចំណែក​លើ​ក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការដោះដូរ​ពាណិជ្ជកម្ម ការវិនិយោគ​ដំណាំ​កសិផល កសិឧស្សាហកម្ម និង​ទេសចរណ៍ ជាពិសេស​ប្រទេសជិតខាង តាមរយៈ​ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ។

២) ផ្លូវជាតិ​លេខ៥៨

ផ្លូវជាតិ​លេខ៥៨ ត​ភ្ជាប់​ពី​ក្រុង​ប៉ោយប៉ែត ដល់​ឃុំ​ផ្អុង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ប្រវែង១៧៤,១៦គីឡូម៉ែត្រ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពី​ប្រើប្រាស់​រយៈពេល ក្នុងការ​សាងសង់​ចំនួន៤៣ខែ។ ផ្លូវ​នេះ​មាន​សារៈសំខាន់ ជា​យុទ្ធសាស្ត្រ​ដែលមាន​ទីតាំង​ស្ថិត នៅ​ស្របតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ភាគ​ពាយ័ព្យ។

ផ្លូវ​មួយ​ខ្សែ​នេះ សាងសង់ឡើង​ក្រោម​ប្រាក់កម្ចី​សម្បទាន ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សរុប​ប្រមាណ​ជាង១២២លាន​ដុល្លារ​សហរដ្ឋអាមេរិក។

៣) ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២

គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយ​ផ្លូវ​នេះ​មាន​ប្រវែង​សរុប៧២,១៧គីឡូម៉ែត្រ។ ផ្លូវ​នេះ​បាន​ស្ថាបនា​ចាប់ពី​រង្វង់​មូល​តាខ្មៅ ខេត្តកណ្តាល ដល់​អូរ​ចំបក ខេត្តតាកែវ និង​អង្គតាសោម ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់៣០ខែ គិតពី​ខែតុលា ឆ្នាំ២០១៩ និង​គ្រោង​បញ្ចប់​ក្នុង​ខែមេសា ឆ្នាំ២០២០ ។

បន្ទាប់ពី​ផ្លូវ​នេះ​បាន​សាងសង់​រួច​ជា​ស្ថាពរ នឹង​ក្លាយជា​ខ្សែ​ផ្លូវ​មួយ​ដ៏​មាន​សក្តានុពល​ខ្ពស់ និង​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការធ្វើដំណើរ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការកកស្ទះ ពិសេស​សម្រួល​ដល់​ការដឹកជញ្ជូន​ក្នុងស្រុក និង​អន្តរជាតិ តាមរយៈ​ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា-វៀតណាម (ភ្នំ​ដិ​ន-តិ​ញ​បៀ​ន)។

ការសាងសង់​ផ្លូវជាតិ​លេខ២ និង​ផ្លូវជាតិ​លេខ២២នេះ ចំណាយ​ថវិកា ៥៦,១លាន​ដុល្លា​សហរដ្ឋអាមេរិក ដែលជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង និង​ថិ​វ​កា​បដិភាគ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here