ដោយៈ រ៉ាណេត
ភ្នំពេញៈ បើទោះជាគម្រោងអភិវឌ្ឍន៍ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានសម្រេចលទ្ធផលប្រមាណ៣០ភាគរយរួចទៅហើយក្ដី ប៉ុន្តែសម្រាប់កិច្ចអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យនានា នៅជុំវិញគម្រោងនេះ ដូចជាការទិញ-លក់ ដោះដូរដីធ្លី ហាក់មិនមានភាពផុសផុល ដែលអាចជំរុញឱ្យតម្លៃដីឡើងថ្លៃខ្ពស់នោះទេ។

-->
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា សម្រាប់សកម្មភាព នៃការអភិវឌ្ឍពីវិស័យឯកជន នៅតំបន់ជុំវិញគម្រោងនេះ អាចត្រូវការពេលវេលាយូរបន្តិចទៀត ហើយតម្លៃដីធ្លីក៏ដូចគ្នាដែរ ពោលគឺទាល់តែមានការអភិវឌ្ឍ មានតម្រូវការប្រើប្រាស់ដី ទើបតម្លៃមានការកើនឡើង។
លោកបន្តថា “តំបន់នេះយ៉ាងហោចណាស់ក៏ត្រូវចំណាយពេល ៣-៤ ឆ្នាំទៀតដែរ ទម្រាំគម្រោងសាងសង់ព្រលានយន្តហោះសម្រេចលទ្ធផល។ ដូច្នេះក្រោយពេលគម្រោងដ៏ធំ ដែលមានតម្លៃរាប់ពាន់ដុល្លារមួយនេះលេចចេញជារូបរាង ទើបមានសកម្មភាពអភិវឌ្ឍន៍ពីវិស័យឯកជន” ។
បច្ចុប្បន្ននេះ បើនិយាយពីការទិញលក់ ហាក់មិនមានភាពសកម្មដូចកាលពីឆ្នាំកន្លងទៅនោះទេ ដោយសារតែភាគច្រើនដីនៅតំបន់ជុំវិញ គម្រោងព្រលានយន្តហោះថ្មី ត្រូវបានអ្នកវិនិយោគទិញទុករួចទៅហើយ ហើយក៏នៅមិនទាន់បង្ហាញពីគម្រោងអភិវឌ្ឍន៍នៅឡើយ។ ដូច្នេះនៅពេលគម្រោងអភិវឌ្ឍន៍នានា មិនទាន់បានបង្ហាញ តម្លៃដីក៏មិនទាន់ឡើងថ្លៃខ្ពស់ដូចគ្នា។
នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍បញ្ជាក់ប្រាប់ពីតម្លៃដី នៅជុំវិញតំបន់គម្រោងសាងសង់ព្រលានយន្តហោះផងដែរថា តម្លៃដីនៅជុំវិញតំបន់នេះមានភាពខុសគ្នាច្រើន រវាងដីដែលស្ថិតនៅជិតគម្រោង ហើយជាប់ផ្លូវធំ និងដីភូមិដែលស្ថិតនៅខាងក្នុងឆ្ងាយពីផ្លូវធំ។
លោកស្រីបានបន្តថា “ដីដែលស្ថិតនៅជាប់ផ្លូវធំ សម្រាប់តំបន់លំនៅដ្ឋានមានតម្លៃចន្លោះជាង២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយដីដែលមានទំហំធំ អាចមានតម្លៃចាប់ពី១០០ដុល្លារឡើងទៅ” ។ លោកស្រីបន្ថែមថា “ដោយឡែកដីដែលស្ថិតនៅផ្លូវខាងក្នុង ឬដីភូមិ អាចមានតម្លៃ៦០ដុល្លារចុះក្រោមក្នុងមួយការ៉េ ហើយបើចូលក្នុងកាន់តែឆ្ងាយពីផ្លូវជាតិ ឬផ្លូវធំកាន់តែមានតម្លៃទាបជាង៤០ដុល្លារចុះក្រោម” ។

ជាមួយនឹងការបង្ហើបប្រាប់ពីតម្លៃដី នៅតំបន់ជុំវិញគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញថ្មី ដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានលោកស្រីតាំង ហួរលើកឡើងផងដែរថា មិនយូរទៀតនោះទេ ឬអាចនៅដើមឆ្នាំក្រោយនេះ តម្លៃដីនឹងមានការកើនឡើង ដោយសារភាពអំណោយផលសំខាន់ៗមួយចំនួន ដែលចូលរួមជំរុញកំណើនតម្លៃដីធ្លី ដូចជា វិបត្តិនៃជំងឺឆ្លង Covid-19 នៅកម្ពុជាត្រូវបានរាជរដ្ឋាភិបាលទប់ស្កាត់ និងគ្រប់គ្រងបាន គម្រោងសាងសង់ផ្លូវជាតិ២ចាប់ផ្តើមដំណើរការ រួមជាមួយនឹងការបង្ហាញ គម្រោងអភិវឌ្ឍន៍ថ្មីៗពីវិស័យឯកជន ដូចជាគម្រោងសំណង់បណ្តុំលំនៅដ្ឋាន ក៏ដូចជាគម្រោងបុរីមួយចំនួនផងដែរ៕