តម្លៃ​ដី និង​សកម្មភាព​ដោះដូរ​នៅ​ជុំវិញ​គម្រោង​ព្រលានយន្តហោះ​អន្តរជាតិ-ភ្នំពេញ​ថ្មី ហាក់​មាន​ភាពស្ងប់ស្ងាត់

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ បើទោះជា​គម្រោង​អភិវឌ្ឍន៍ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅ​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបាន​សម្រេច​លទ្ធផល​ប្រមាណ៣០ភាគរយ​រួចទៅហើយ​ក្ដី ប៉ុន្តែ​សម្រាប់​កិច្ចអភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ​នានា នៅ​ជុំវិញ​គម្រោង​នេះ ដូចជា​ការទិញ-លក់ ដោះដូរ​ដីធ្លី ហាក់​មិនមាន​ភាព​ផុសផុល ដែល​អាច​ជំរុញ​ឱ្យ​តម្លៃ​ដី​ឡើងថ្លៃ​ខ្ពស់​នោះទេ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា សម្រាប់​សកម្មភាព នៃ​ការអភិវឌ្ឍ​ពី​វិស័យ​ឯកជន នៅ​តំបន់​ជុំវិញ​គម្រោង​នេះ អាច​ត្រូវការ​ពេលវេលា​យូរ​បន្តិចទៀត ហើយ​តម្លៃ​ដីធ្លី​ក៏​ដូចគ្នា​ដែរ ពោលគឺ​ទាល់តែ​មានការ​អភិវឌ្ឍ មាន​តម្រូវការ​ប្រើប្រាស់​ដី ទើប​តម្លៃ​មានការ​កើនឡើង។

លោក​បន្តថា “តំបន់​នេះ​យ៉ាងហោចណាស់​ក៏ត្រូវ​ចំណាយពេល ៣-៤ ឆ្នាំ​ទៀត​ដែរ ទម្រាំ​គម្រោង​សាងសង់​ព្រលានយន្តហោះ​សម្រេច​លទ្ធផល។ ដូច្នេះ​ក្រោយពេល​គម្រោង​ដ៏​ធំ ដែលមាន​តម្លៃ​រាប់ពាន់​ដុល្លារ​មួយ​នេះ​លេចចេញ​ជា​រូបរាង ទើប​មាន​សកម្មភាព​អភិវឌ្ឍន៍​ពី​វិស័យ​ឯកជន” ។

បច្ចុប្បន្ននេះ បើ​និយាយ​ពី​ការទិញ​លក់ ហាក់​មិនមាន​ភាព​សកម្ម​ដូច​កាលពី​ឆ្នាំ​កន្លងទៅ​នោះទេ ដោយសារតែ​ភាគច្រើន​ដី​នៅ​តំបន់​ជុំវិញ គម្រោង​ព្រលានយន្តហោះ​ថ្មី ត្រូវបាន​អ្នកវិនិយោគ​ទិញ​ទុក​រួចទៅហើយ ហើយក៏​នៅ​មិនទាន់​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​នៅឡើយ។ ដូច្នេះ​នៅពេល​គម្រោង​អភិវឌ្ឍន៍​នានា មិនទាន់​បានបង្ហាញ តម្លៃ​ដី​ក៏​មិនទាន់​ឡើងថ្លៃ​ខ្ពស់​ដូចគ្នា។

នាយិកា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បាន​មានប្រសាសន៍​បញ្ជាក់ប្រាប់​ពី​តម្លៃ​ដី នៅ​ជុំវិញ​តំបន់​គម្រោង​សាងសង់​ព្រលានយន្តហោះ​ផងដែរ​ថា តម្លៃ​ដី​នៅ​ជុំវិញ​តំបន់​នេះ​មាន​ភាពខុស​គ្នាច្រើន រវាង​ដី​ដែល​ស្ថិតនៅ​ជិត​គម្រោង ហើយ​ជាប់​ផ្លូវធំ និង​ដី​ភូមិ​ដែល​ស្ថិតនៅ​ខាងក្នុង​ឆ្ងាយ​ពី​ផ្លូវធំ។

លោកស្រី​បាន​បន្តថា “ដី​ដែល​ស្ថិត​នៅជាប់​ផ្លូវធំ សម្រាប់​តំបន់​លំនៅដ្ឋាន​មានតម្លៃ​ចន្លោះ​ជាង២០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​ដី​ដែលមាន​ទំហំ​ធំ អាចមាន​តម្លៃ​ចាប់ពី១០០ដុល្លារ​ឡើងទៅ” ។ លោកស្រី​បន្ថែមថា “ដោយឡែក​ដី​ដែល​ស្ថិតនៅ​ផ្លូវ​ខាងក្នុង ឬ​ដី​ភូមិ អាចមាន​តម្លៃ៦០ដុល្លារ​ចុះក្រោម​ក្នុង​មួយ​ការ៉េ ហើយ​បើ​ចូលក្នុង​កាន់តែ​ឆ្ងាយ​ពី​ផ្លូវជាតិ ឬ​ផ្លូវធំ​កាន់តែ​មានតម្លៃ​ទាប​ជាង៤០ដុល្លារ​ចុះក្រោម” ។

ជាមួយនឹង​ការ​បង្ហើប​ប្រាប់​ពី​តម្លៃ​ដី នៅ​តំបន់​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ព្រលានយន្តហោះ​អន្តរជាតិ-ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅ​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបាន​លោកស្រី​តាំង ហួរ​លើកឡើង​ផងដែរ​ថា មិនយូរ​ទៀត​នោះទេ ឬ​អាច​នៅ​ដើមឆ្នាំ​ក្រោយនេះ តម្លៃ​ដី​នឹងមាន​ការកើនឡើង ដោយ​សារភាព​អំណោយផលសំខាន់ៗមួយចំនួន ដែល​ចូលរួម​ជំរុញ​កំណើន​តម្លៃ​ដីធ្លី ដូចជា វិបត្តិ​នៃ​ជំងឺឆ្លង Covid-19 នៅ​កម្ពុជា​ត្រូវបាន​រាជរដ្ឋាភិបាល​ទប់ស្កាត់ និង​គ្រប់គ្រង​បាន គម្រោង​សាងសង់​ផ្លូវជាតិ២ចាប់ផ្តើម​ដំណើរការ រួម​ជាមួយនឹង​ការបង្ហាញ គម្រោង​អភិវឌ្ឍន៍ថ្មីៗពី​វិស័យ​ឯកជន ដូចជា​គម្រោង​សំណង់​បណ្តុំ​លំនៅដ្ឋាន ក៏ដូចជា​គម្រោង​បុរី​មួយចំនួន​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here