ដោយស៊ីវ ម៉េង
ភ្នំពេញៈ ស្របពេលដែលបច្ចេកវិទ្យាដើរតួនាទីកាន់តែសំខាន់ឡើង ក្នុងគ្រប់និន្នាការអាជីវកម្ម ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានអំពាវនាវឲ្យភ្នាក់ងារអចលនទ្រព្យក្នុងស្រុក ខិតខំពង្រឹកសមត្ថភាពផ្នែក Digital Marketing ។
លោកស្រីចេវ សុឃុន ប្រធាន CREA បានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី១៧ ឧសភាកន្លងមកថា ការពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យា និង Digital Marketing កាន់តែមានសារៈសំខាន់ខ្លាំងឡើងក្នុងវិស័យអចលនទ្រព្យ។
-->
ហេតុនេះភ្នាក់់ងារអចលនវត្ថុក្នុងស្រុក គួរតែពង្រឹងសមត្ថភាពផ្នែកទាំងនេះ ដើម្បីដើរឲ្យទាន់សម័យកាលនៃបច្ចេកវិទ្យា ពិសេសកំឡុងពេលពិភពលោកកំពូងជួបវិបត្តិ Covid1-19 ដែលជាពេលវេលាដ៏លំបាកក្នុងការធ្វើដំណើរ ហើយបច្ចេកវិទ្យា Digital ត្រូវបានដើរតួនាទីកាន់តែសំខាន់ក្នុងវិស័យអចលនទ្រព្យ និងអាជីវកម្មនានា។
លោកស្រីបន្តថា “បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook, Instagram, Telegram, Twitter, Google Map ជាដើមសុទ្ធតែជាបណ្តាញសង្គម ដែលអ្នករកស៊ីក្នុងវិស័យនេះ គួរផ្តោតលើការសិក្សារៀនសូត្រ និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនកាន់តែប្រសើរឡើង” ។
លោកស្រីបន្តថា “ក្នុងពេលសេដ្ឋកិច្ចកំពុងប្រឈមនឹងវិបត្តិនៃ Covid-19 ការទំនាក់ទំនងតាមបណ្តាញសង្គម និងរកមើលទីតាំងដីតាមរយៈ Google Map បានរួមចំណែកច្រើនក្នុងការកាត់បន្ថយពេលវេលា កាត់បន្ថយការចំណាយ ពិសេសកាត់បន្ថយការឆ្លងរាលដាលនៃមេរោគ Covid-19 ផងដែរ” ។
ជាមួយគ្នានេះ លោកស្រីចេវ សុឃុនបានថ្លែងអំណរគុណដល់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែនដែលបានដាក់ចេញវិធានការណ៍ទាន់ពេលវេលា ក្នុងការទប់ស្កាត់ការរីករាលដាលមេរោគ Covid-19 ពិសេសបានជួយឲ្យអ្នកជំងឺទាំង១២២ នាក់ ដែលបានឆ្លងជំងឺនេះនិងបានសំរាកព្យាបាលនៅកម្ពុជា បានជះសះស្បើយ១០០ភាគរយរហូតមកទល់ពេលនេះ៕