ប្រធាន CREA អំពាវនាវ​ឲ្យ​ភ្នាក់ងារ​អចលនទ្រព្យ​ក្នុងស្រុក​ពង្រឹង​ផ្នែក Digital Marketing

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញៈ ស្រប​ពេលដែល​បច្ចេកវិទ្យា​ដើរតួនាទី​កាន់តែ​សំខាន់​ឡើង ក្នុង​គ្រប់​និន្នាការ​អាជីវកម្ម ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា (CREA) បាន​អំពាវនាវ​ឲ្យ​ភ្នាក់ងារ​អចលនទ្រព្យ​ក្នុងស្រុក ខិតខំ​ព​ង្រឹ​ក​សមត្ថភាព​ផ្នែក Digital Marketing ។

លោកស្រី​ចេ​វ សុ​ឃុន ប្រធាន CREA បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី១៧ ឧសភា​កន្លងមក​ថា ការពង្រឹង​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា និង Digital Marketing កាន់​តែមាន​សារៈសំខាន់​ខ្លាំង​ឡើង​ក្នុង​វិស័យ​អចលនទ្រព្យ។

ហេតុនេះ​ភ្នាក់់ងារ​អចលនវត្ថុ​ក្នុងស្រុក គួរតែ​ពង្រឹងសមត្ថភាព​ផ្នែក​ទាំងនេះ ដើម្បី​ដើរ​ឲ្យ​ទាន់​សម័យកាល​នៃ​បច្ចេកវិទ្យា ពិសេស​កំឡុងពេល​ពិភពលោក​កំ​ពូ​ង​ជួប​វិបត្តិ Covid1-19 ដែលជា​ពេលវេលា​ដ៏​លំបាក​ក្នុងការ​ធ្វើដំណើរ ហើយ​បច្ចេកវិទ្យា Digital ត្រូវបាន​ដើរតួនាទី​កាន់តែ​សំខាន់​ក្នុង​វិស័យ​អចលនទ្រព្យ និង​អាជីវកម្ម​នានា។

លោកស្រី​បន្តថា “បណ្តាញ​ទំនាក់ទំនង​សង្គម​ដូចជា Facebook, Instagram, Telegram, Twitter, Google Map ជាដើម​សុទ្ធតែជា​បណ្តាញ​សង្គម ដែល​អ្នករក​ស៊ីក្នុង​វិស័យនេះ គួរផ្តោត​លើ​ការសិក្សា​រៀនសូត្រ និង​អភិវឌ្ឍន៍​សមត្ថភាពរ​បស់​ខ្លួន​កាន់តែ​ប្រសើរឡើង” ។

លោកស្រី​បន្តថា “ក្នុងពេល​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​វិបត្តិ​នៃ Covid-19 ការទំនាក់ទំនង​តាម​បណ្តាញ​សង្គម និង​រកមើល​ទីតាំង​ដី​តាមរយៈ Google Map បានរួម​ចំណែក​ច្រើន​ក្នុងការ​កាត់បន្ថយ​ពេលវេលា កាត់បន្ថយ​ការចំណាយ ពិសេស​កាត់បន្ថយ​ការឆ្លង​រាលដាល​នៃ​មេរោគ Covid-19 ផងដែរ” ។

ជាមួយគ្នានេះ លោកស្រី​ចេ​វ សុ​ឃុន​បាន​ថ្លែងអំណរគុណ​ដល់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុន សែន​ដែល​បានដាក់​ចេញ​វិធានការណ៍​ទាន់ពេលវេលា ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ ​Covid-19 ពិសេស​បាន​ជួយ​ឲ្យ​អ្នកជំងឺ​ទាំង១២២ នាក់ ដែល​បាន​ឆ្លង​ជំងឺ​នេះ​និង​បាន​សំរាក​ព្យាបាល​នៅ​កម្ពុជា បាន​ជះ​សះស្បើយ១០០ភាគរយ​រហូតមកទល់​ពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here