តើ​រវាង​លំនៅដ្ឋាន និង​ដីធ្លី គួរតែ​វិនិយោគ​ទៅលើ​វិស័យ​ណា​ទើបបាន​ផលចំណេញ​ខ្ពស់?

0

ដោយ ហ្សូ​លី

ភ្នំពេញៈ វិស័យ​អចលនទ្រព្យ​កម្ពុជា​កំពុង​កម្រើក​ឡើងវិញសន្សឹមៗ មិន​ថា​វិស័យ​លំនៅដ្ឋាន ឬ​ដី​សាងសង់​ផ្ទះ​នោះឡើយ ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​សម្រុក​ទិញ​អចលនទ្រព្យ​សម្រាប់​វិនិយោគ។

ដើម្បី​ដោះស្រាយ​ចម្ងល់​របស់​អ្នក ដែលមាន​បំណង​ចង់​ជាវ​អចលនវត្ថុ ប៉ុន្តែ​មិនទាន់​ហ៊ាន​សម្រេចចិត្ត គប្បី​ដឹង​ពី​ព័ត៌មាន​ជាក់ច្បាស់​ជាមុនសិន។ ដូច្នេះ​អ្នកជំនាញ​បាន​ចែករំលែក​ព័ត៌មាន​មួយចំនួន​ថា តើ​រវាង​ដី​និង​លំនៅដ្ឋាន​គួរ​វិនិយោគ​លើ​មួយណា ដើម្បី​ទទួលបាន​ផលចំណេញ​នៅ​ថ្ងៃ​អនាគត? ។

លោក អ៉ិន ណា​ង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Show Up Real Estate បាន​មានប្រសាសន៍​តាម​ទូរ​សព្ទ​មក​គេហទំព័រ Property Area Asia នៅ​រសៀល​ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២០ នេះ​ថា ជាដំបូង​វា​អាស្រ័យទៅលើ​ស្ថានភាព​អតិថិជន​ដែរ ប្រសិនបើ​ពួកគាត់​មិនទាន់មាន​លំនៅដ្ឋាន​រស់នៅ​ទេនោះ គួរណា​តែ​ទិញ​ផ្ទះ​ជៀសវាង​ការជួល​ផ្ទះ។

លោក​បន្តថា “បើសិនជា​ពួកគាត់​មានផ្ទះ​រួចហើយ គួរណា​តែ​ទិញ​ដី​វិញ​ល្អ​ជាង ដោយសារតែ​ដី អាចមាន​ឱកាស​ចំណេញ​ច្រើនជាង​ការទិញ​ផ្ទះ។ ម្យ៉ាង​នៅពេល​អនាគត ផ្ទះ​នោះ​អាច​ក្លាយជា​សំណង់​ចាស់​បាន។ លោក​បន្តថា “ជាទូទៅ កាលណា​អ្នកទិញ​ផ្ទះ​គឺ​ខាង​ក្រុមហ៊ុន​បាន​បូក​ទាំង​ថ្លែ សំណង់ និង​ដី​រួចហើយ ហេតុនេះ​វា​មានតម្លៃ​ថ្លៃ​ជាង​ដី។

ចំណែកឯ​ដី​វិញ ពួកគាត់​អាច​ទិញ​បាន​ទំហំ​ធំ ហើយ​ការចំណាយ​លើ​ការសាងសង់​មិន​ថ្លៃ​ខុសគ្នា​ប៉ុន្មាន​ទេពី​មួយឆ្នាំ​ទៅមួយ​ឆ្នាំ​នោះ។ វា​អាច​ខុសគ្នា​តិចតួច​អាស្រ័យទៅលើ​គ្រឿងសំណង់ តែបើ​ថ្លៃ​ដី​វិញ​គឺ​ខុសគ្នា​ច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

អ្នកជំនាញ​រូបនេះ​សង្កត់ធ្ងន់ថា សព្វថ្ងៃនេះ​មិនមែន​ផ្ទះ​ថ្លៃ​ទេ គឺជា​ដី​ទេ​ដែលមាន​តម្លៃ​ថ្លៃ ដូចនេះ​បើសិនជា​អាច​គួរតែ​វិនិយោគ​ទៅលើ​ដី​វិញ វា​មានឱកាស​ចំណេញ​ខ្ពស់ជាង ជាពិសេស​ដី​នៅតាម​ជាយក្រុង​តែម្តង។

យ៉ាងណាមិញ កាលពីថ្មីៗនេះ​អ្នកជំនាញ​អចលនទ្រព្យ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Century 21 Advance Property លោក ឡុង គីម​សួគ៌ បានលើកឡើង​វិញ​ថា ការវិនិយោគ​ទៅលើ​វិស័យ​ដីធ្លី មិនមែន​ទទួលបាន​ចំណេញ​ទាំងអស់​នោះឡើយ ព្រោះ​វា​អាច​នឹងមាន​ហានិភ័យ ដូច្នេះ​អ្នកទិញ​គប្បី​ចេះ​សម្លឹងមើល​ឱកាស​សិន​មុននឹង​លក់​ចេញ។ សម្រាប់​អ្នក​ដែលមាន​ធនធាន​គ្រប់គ្រាន់ អាច​ទិញ​នៅ​តំបន់ឆ្ងាយៗ ប៉ុន្តែ​បើ​អ្នកមាន​ជីវភាព​មធ្យម ឬ​ជាប់បំណុល​ធនាគារ​គឺមាន​អត្រា​ប្រឈម​ខ្ពស់។

ចំណែកឯ​នាយិកា​ក្រុមហ៊ុន Amatak Property Service លោកស្រី តាំង ហ៊ូរ វិញ​ធ្លាប់បាន​ថ្លែង​មកកាន់​គេហទំព័រ Property Area Asia ថា មិន​ថា​វិស័យ​ដីធ្លី លំនៅដ្ឋាន អគារ​អ្វី​នោះទេ កាលណា​តែ​វិនិយោគ​នូវ​គម្រោង​ដែល​ច្បាស់លាស់ និង​ទីតាំង​មាន​សក្តានុពល គឺ​សុទ្ធតែ​ទទួលបាន​ផលចំណេញ​នៅពេល​អនាគត​ទាំងអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here