ដោយ ហ្សូលី
ភ្នំពេញៈ វិស័យអចលនទ្រព្យកម្ពុជាកំពុងកម្រើកឡើងវិញសន្សឹមៗ មិនថាវិស័យលំនៅដ្ឋាន ឬដីសាងសង់ផ្ទះនោះឡើយ ប្រជាពលរដ្ឋកម្ពុជាកំពុងសម្រុកទិញអចលនទ្រព្យសម្រាប់វិនិយោគ។

ដោយ ហ្សូលី
ភ្នំពេញៈ វិស័យអចលនទ្រព្យកម្ពុជាកំពុងកម្រើកឡើងវិញសន្សឹមៗ មិនថាវិស័យលំនៅដ្ឋាន ឬដីសាងសង់ផ្ទះនោះឡើយ ប្រជាពលរដ្ឋកម្ពុជាកំពុងសម្រុកទិញអចលនទ្រព្យសម្រាប់វិនិយោគ។

ដើម្បីដោះស្រាយចម្ងល់របស់អ្នក ដែលមានបំណងចង់ជាវអចលនវត្ថុ ប៉ុន្តែមិនទាន់ហ៊ានសម្រេចចិត្ត គប្បីដឹងពីព័ត៌មានជាក់ច្បាស់ជាមុនសិន។ ដូច្នេះអ្នកជំនាញបានចែករំលែកព័ត៌មានមួយចំនួនថា តើរវាងដីនិងលំនៅដ្ឋានគួរវិនិយោគលើមួយណា ដើម្បីទទួលបានផលចំណេញនៅថ្ងៃអនាគត? ។
លោក អ៉ិន ណាង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Show Up Real Estate បានមានប្រសាសន៍តាមទូរសព្ទមកគេហទំព័រ Property Area Asia នៅរសៀលថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២០ នេះថា ជាដំបូងវាអាស្រ័យទៅលើស្ថានភាពអតិថិជនដែរ ប្រសិនបើពួកគាត់មិនទាន់មានលំនៅដ្ឋានរស់នៅទេនោះ គួរណាតែទិញផ្ទះជៀសវាងការជួលផ្ទះ។
លោកបន្តថា “បើសិនជាពួកគាត់មានផ្ទះរួចហើយ គួរណាតែទិញដីវិញល្អជាង ដោយសារតែដី អាចមានឱកាសចំណេញច្រើនជាងការទិញផ្ទះ។ ម្យ៉ាងនៅពេលអនាគត ផ្ទះនោះអាចក្លាយជាសំណង់ចាស់បាន។ លោកបន្តថា “ជាទូទៅ កាលណាអ្នកទិញផ្ទះគឺខាងក្រុមហ៊ុនបានបូកទាំងថ្លែ សំណង់ និងដីរួចហើយ ហេតុនេះវាមានតម្លៃថ្លៃជាងដី។
ចំណែកឯដីវិញ ពួកគាត់អាចទិញបានទំហំធំ ហើយការចំណាយលើការសាងសង់មិនថ្លៃខុសគ្នាប៉ុន្មានទេពីមួយឆ្នាំទៅមួយឆ្នាំនោះ។ វាអាចខុសគ្នាតិចតួចអាស្រ័យទៅលើគ្រឿងសំណង់ តែបើថ្លៃដីវិញគឺខុសគ្នាច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
អ្នកជំនាញរូបនេះសង្កត់ធ្ងន់ថា សព្វថ្ងៃនេះមិនមែនផ្ទះថ្លៃទេ គឺជាដីទេដែលមានតម្លៃថ្លៃ ដូចនេះបើសិនជាអាចគួរតែវិនិយោគទៅលើដីវិញ វាមានឱកាសចំណេញខ្ពស់ជាង ជាពិសេសដីនៅតាមជាយក្រុងតែម្តង។

យ៉ាងណាមិញ កាលពីថ្មីៗនេះអ្នកជំនាញអចលនទ្រព្យ និងជាអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century 21 Advance Property លោក ឡុង គីមសួគ៌ បានលើកឡើងវិញថា ការវិនិយោគទៅលើវិស័យដីធ្លី មិនមែនទទួលបានចំណេញទាំងអស់នោះឡើយ ព្រោះវាអាចនឹងមានហានិភ័យ ដូច្នេះអ្នកទិញគប្បីចេះសម្លឹងមើលឱកាសសិនមុននឹងលក់ចេញ។ សម្រាប់អ្នកដែលមានធនធានគ្រប់គ្រាន់ អាចទិញនៅតំបន់ឆ្ងាយៗ ប៉ុន្តែបើអ្នកមានជីវភាពមធ្យម ឬជាប់បំណុលធនាគារគឺមានអត្រាប្រឈមខ្ពស់។
ចំណែកឯនាយិកាក្រុមហ៊ុន Amatak Property Service លោកស្រី តាំង ហ៊ូរ វិញធ្លាប់បានថ្លែងមកកាន់គេហទំព័រ Property Area Asia ថា មិនថាវិស័យដីធ្លី លំនៅដ្ឋាន អគារអ្វីនោះទេ កាលណាតែវិនិយោគនូវគម្រោងដែលច្បាស់លាស់ និងទីតាំងមានសក្តានុពល គឺសុទ្ធតែទទួលបានផលចំណេញនៅពេលអនាគតទាំងអស់៕