តំបន់​ក្រាំងធ្នង់​នៅតែ​ទាក់ទាញ​គម្រោង​វិនិយោគ​លើ​វិស័យ​លំនៅឋាន

0
ក្រាំងធ្នង់

ដោយ ៖ វុត្ថា

ភ្នំពេញ ៖  តំបន់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ នៃ​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​ទាក់ទាញ​គម្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ជាពិសេស​វិស័យ​សំណង់​លំនៅឋាន​គ្រប់​ប្រភេទ ដែលមាន​តម្លៃ​រាប់ម៉ឺន​ដុល្លារ ខណៈ​តំបន់​នេះ​មាន​សក្ដានុពល​វិនិយោគ​យ៉ាងខ្ពស់​ក្នុងចំណោម​តំបន់​ជាយក្រុង​ផ្សេងទៀត​របស់​ទីក្រុង​ភ្នំពេញ។

លោក  ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ប្រាប់​គេហទំព័រ propertyarea.asia នៅ​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០នេះ​ថា តំបន់​ជាយក្រុង​នាពេល​ប​ច្ចុច​ប្បន្ន​នេះ​ជាពិសេស​តំបន់​ក្រាំងធ្នង់ បាន​នឹង​កំពុងមាន​ការអភិវឌ្ឍ​ន៍​ទាំង​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ និង​អគារផ្សេងៗ ជាពិសេស​សំណង់​លំនៅឋាន។

លោក ច្រឹ​ក សុខ​នី​ម ថា តំបន់​ក្រាំងធ្នង់​នៃ​ខណ្ឌ​សែន​សុខ បាន​នឹង​កំពុង​ក្លាយទៅជា​តំបន់​រីកចម្រើន​ខ្លាំង​ដូច​តំបន់​ភ្នំពេញ​ថ្មី​ដូច្នេះ​ដែរ ដែល​កាលពីមុន​តំបន់​នេះ​គ្មាន​ការរីកចម្រើន មានតែ​ដីស្រែ តែ​នាពេល​បច្ចុប្បន្ន​តំបន់​នេះ មានការ​រីកចម្រើន​ខ្លាំង​ដែល​មិន​នឹកស្មាន​ដល់។

លោក​ថា តំបន់​ជាយក្រុង​ភ្នំពេញ​ទាំង៤ទិស​កន្លងមកនេះ​មានការ​រីកចំរើន ហើយ​ក្នុង​រយៈពេល៥ទៅ ១០ខាងមុខ​ទៀត នឹងមាន​ការរីកចម្រើន​ខ្លាំង​បន្ថែមទៀត ហើយ​វា​ជា​ឱកាស​សម្រាប់​អ្នក​ចង់​ទិញ​ដី​វិនិយោគ​បន្ត ដើម្បី​ទទួលបាន​ផលចំណេញ​ច្រើន ព្រោះ​ការ​រី​ចម្រើន​ក្នុង​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ការរីកចម្រើន​ប្រកបដោយ​ភាពជឿជាក់ និង​ប្រកបដោយ​ចីរភាព។

ស្ថាបនិក​ក្រុមហ៊ុន​អចលនទ្រព្យ KING Residence លោក ខុម មុនី​រតន៍ បានឱ្យដឹង​កាលពីពេល​កន្លងទៅ​ថា នៅ​តំបន់​ទល់មុខ​ព្រលាន ដូចជា​តំបន់​ឈូក​វ៉ា១ ឈូក​វ៉ា២ ឈូក​វ៉ា៣ ក៏ដូចជា​បន្តទៅ​ដល់​តំបន់​ក្រាំងធ្នង់ ពិត​ជាមាន​សកម្មភាព​អភិវឌ្ឍន៍​លើ​វិស័យ​លំនៅឋាន​ខ្លាំង ប៉ុន្តែ​កំណើន​នៃ​តម្លៃ​គឺ​វា​មាន​កម្រិត។

លោក​បន្ថែមថា តំបន់​ទាំងនេះ ស័ក្ដិសម​ជាមួយនឹង​វិស័យ​លំនៅឋាន​កម្រិត​មធ្យម ត្រឹម​តម្លៃ​ក្រោម៧ម៉ឺន​ដុល្លារ ដោយសារតែ​ប្រជាជន​ដែល​ចូលទៅ​រស់នៅក្នុង​តំបន់​នេះ ភាគច្រើន​អាចមាន​លទ្ធភាព​រកបាន​ចំណូល​មិន​ខ្ពស់​ខ្លាំង​នោះទេ ដែល​អាច​និយាយបានថា​ស្ថិតនៅ​ត្រឹម​កម្រិត​កណ្តាល​ចុះក្រោម​តែប៉ុណ្ណោះ។

លោក ហ៊ឹម សីហា នាយក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Vtrust Appraisal ធ្លាប់បាន​ឱ្យដឹង​ដែរ​ថា ទោះបី​កម្ពុជា​ទទួលរង​នូវ​ផលប៉ះពាល់​ពី​ជំងឺ Covid-19  ក្នុង​រយៈពេល​ខ្លី​ក្នុង​កន្លងមកនេះ សម្រាប់​ការអភិវឌ្ឍ​គម្រោង និង​ការទិញ–លក់​លំនៅឋាន​នៅតែ​ដំណើរការ​ធម្មតា។

លោក​ថ្លែងថា “ចាប់តាំងពី​ដើមឆ្នាំ រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ យើង​ឃើញ​មាន​គម្រោង​លំនៅឋានធំៗ និង​ក្រុម​អ្នកទិញ–លក់​នៅតែមាន​ការធ្វើសកម្មភាព ជាពិសេស​លើ​លំនៅឋាន​ពិត​ប្រក​ដ ឬ​ផ្ទះ​ដែលមាន​សំណង់​គ្រប់គ្រាន់ តែបើ​ដីធ្លី​ក្នុង​ទំហំធំៗអាចមាន​បញ្ហា​ខ្លះ” ។

លោក​បន្តថា លំនៅឋាន​ពិត​ប្រក​ដ ឬ​លំនៅឋាន​ដែលមាន​សំណង់​គ្រប់គ្រាន់ មាន​តម្រូវការ​ច្រើន និង​គ្មាន​ការ​ថមថយ ជាពិសេស​នោះ​អ្នក​អភិវឌ្ឍន៍​បាន​បញ្ចុះតម្លៃ ដែលមាន​ភាព​កាន់តែ​ងាយស្រួល​ដល់​ស្វែងរក​ទិញ ជាពិសេស​លំនៅឋាន​នៅតាម​បណ្តា​ជាយក្រុង​ភ្នំពេញ​មាន​ភាព​ទាក់ទាញ និង​សក្តានុពល​ខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here