ដោយ ៖ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន 4Season Construction ដែលមានមូលដ្ឋាននៅប្រទេសចិន បានសម្រេចចិត្តបោះទុនវិនិយោគ១០០លានដុល្លារអាមេរិក ដើម្បីសាងសង់ខុនដូកប់ពពកកំពស់៣៣ជាន់ថ្មីមួយនៅកណ្តាលរាជធានីភ្នំពេញ ខណៈទីផ្សារខុនដូកំពុងមានភាពរីកចម្រើនខ្លាំងនៅកម្ពុជា។
ក្រុមមហ៊ុន CSCEC ដែលជាក្រុមហ៊ុនសាងសង់អគារលំដាប់ថ្នាក់ទី១នៅឆាកអន្តរជាតិរបស់ប្រទេសចិន ជាអ្នកសាងសង់ខុនដូដែលមានឈ្មោះថា Le Bassac ស្ថិតនៅលើមហាវិថីព្រះស៊ីហនុ កែងនឹងផ្លូវលេខ២៩៥ ។
-->
អគ្គនាយកក្រុមហ៊ុន 4Season Construction លោក Lu Hong Zhong បានថ្លែងក្នុងពិធីបុកគ្រឹះបើកការដ្ឋានសាងសង់ថា ដោយមើលឃើញពីស្ថានភាពកំណើនសេដ្ឋកិច្ចនៅកម្ពុជា និងកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ ទើបលោកសម្រេចចិត្តបោះទុនវិនិយោគដ៏ច្រើននេះ។ នេះជាគម្រោងទី១ សម្រាប់ក្រុមហ៊ុនរបស់លោក ដែលបានវនិយោគលើគម្រោងអគារលំនៅដ្ឋាន ដែលមានគុណភាពខ្ពស់ និងស្ថិតនៅក្នុងការខិតខំប្រឹងប្រែង សំរិតសំរាងនូវការបំពាក់បច្ចេកវិទ្យាសុវត្ថិភាព ផាសុខភាពនិងគំនិតច្នៃប្រឌិត ។
លោកបន្ថែមទៀតថា គម្រោងនេះនឹងសាងសង់នៅលើផ្ទែដីជាង២៩០០ម៉ែត្រការ៉េ មាន៤១៧បន្ទប់ និងមានបំពាក់សេវាកម្មជាច្រើនដូចជា អាងហែលទឹក និងកន្លែងហាត់ប្រាណនៅជាន់ទី៣១។ គំរោងនេះ គ្រោងចំណាយពេលសាងសង់រយៈពេល៣ឆ្នាំ។
គម្រោងអគារខុនដូ Le Bassac មិនត្រឹមតែជាការវិនិយោគរកប្រាក់ចំណូលតែប៉ុណ្ណោះទេ ហើយគម្រោងនេះបានដាក់ទិសដៅឆ្ពោះទៅដណ្តើមយកពានរង្វាន់ Luban Award គឺជាពានរង្វាន់កិត្តិយសខ្ពស់បំផុត សម្រាប់គម្រោងសាងសង់នៅក្រៅប្រទេស ដែលមានគុណភាពល្អឥតខ្ចោះប្រចាំប្រទេសចិន។
យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodiaបានរកឃើញថា ការលក់ខុនដូនៅកម្ពុជាបានកើនឡើង១ភាគរយនៅក្នុងឆ្នាំនេះ ដោយកើនពី៦០ភាគរយកាលពីឆ្នាំមុន ដល់៦១ភាគរយនៅដំណាច់ត្រីមាសទី៣ឆ្នាំនេះ។
ចំនួនខុនដូនៅកម្ពុជាបានកើនឡើងជិតដល់៥០,០០០យូនីតហើយនាពេលបច្ចុប្បន្ននេះ ខណៈគំរោងខុនដូជាច្រើនបាននិងកំពុងសាងសង់ និងដាក់ចូលទីផ្សារ៕