ដោយ ប៊ី
ភ្នំពេញៈ កម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរក្រុមហ៊ុន SPHP (CAMBODIA) CO., LTD. ដែលគ្រោងនឹងអភិវឌ្ឍន៍វារីអគ្គិសនី មានអនុភាព៨០មេហ្គវ៉ាត់ ក្រោមទុនវិនិយោគ២៣១.១លានដុល្លារនៅក្នុងខេត្តពោធិ៍សាត់។

-->
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុន SPHP (CAMBODIA) CO., LTD.នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា “គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ មានអនុភាព ៨០MW ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ២៣១,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៨១កន្លែង” ។
លោក ម៉ៅ ធនិន បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះថា បច្ចុប្បន្នមានគម្រោងវារីអគ្គិសនី ដែលលគ្រោងសាងសង់នៅស្ទឹងពោធិ៍សាត់ ហើយមួយទៀត កន្លែងផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ នៅស្រុកក្រគរ ។
លោកបានថ្លែងថា “នៅពេលបច្ចុប្បន្ននេះ នឹងមានគម្រោងស្ថាបនាទៀត ដែលពាក់ព័ន្ធជាមួយវារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ដែលមានអានុភាព៨០មេហ្គាវ៉ាត់ និងកន្លែងផលិតអគ្គិសនីដោយប្រើពន្លឺព្រះអាទិត្យ ក្នុងស្រុកក្រគរ៦០មេហ្គាវ៉ាត់ផងដែរ ហើយយើងកំពុងតែសិក្សា និងរៀបចំទៅលើការងារនេះ” ។
លោកអភិបាលខេត្តរូបនេះបានថ្លែងថា អ្វីដែលបានប្រើប្រាស់រួចកន្លងមកនេះ គឺនៅវារីអគ្គិសនីអាតៃ ស្ថិតក្នុងឃុំអូរសោម ដែលមានអានុភាព១២០មេហ្គាវ៉ាត់។ ដោយឡែក សម្រាប់ថវិកាដែលត្រូវចំណាយ លើការងារកន្លែងផលិតអគ្គិសនីទាំងពីរនេះ លោកមិនទាន់អាចបញ្ជាក់ឲ្យដឹងបាននៅឡើយទេ ពោលនេះជាការសម្រេច និងគិតរបស់ប្រមុខនៃរាជរដ្ឋាភិបាល ជាមួយក្រសួងជំនាញ ។
លោក ម៉ៅ ធនិន បានបញ្ជាក់ថា ការស្ថាបនាបន្ថែមនូវកន្លែងផលិតថាមពលអគ្គិសនីនេះ មិនមែនសម្រាប់ប្រើប្រាស់ តែនៅក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់នោះទេ ពោលប្រាកដជាអាចចែកចាយ និងប្រើប្រាស់នៅទូទាំងប្រទេសតែម្ដង ។

កាលពីឆ្នាំ២០១៩កន្លងទៅ រាជរដ្ឋាភិបាលសម្រេចឲ្យមានការសាងសង់ កន្លែងផលិតថាមពលអគ្គិសនីថ្មី រួមមាន ទី១ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងទី២ ស្ថានីយអគ្គិសនីដើរដោយពន្លឺ ព្រះអាទិត្យ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ផលិតថាមពលបាន ៦០មេហ្គាវ៉ាត់ ៕