កម្ពុជា​ទទួលបាន​គម្រោង​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​អនុភាព៨០មេ​ហ្គា​វ៉ា​ត់​ក្រោម​ទុនវិនិយោគ​ជាង២៣១លាន​ដុល្លារ

0

ដោយ ប៊ី

ភ្នំពេញៈ ក​ម្មា​ធិ​ការវិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​ក្រុមហ៊ុន SPHP (CAMBODIA) CO., LTD. ដែល​គ្រោង​នឹង​អភិវឌ្ឍន៍​វា​រី​អគ្គិសនី មាន​អនុភាព៨០មេ​ហ្គ​វ៉ា​ត់ ក្រោម​ទុនវិនិយោគ២៣១.១លាន​ដុល្លារ​នៅក្នុង​ខេត្តពោធិ៍សាត់។

តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ដល់​ក្រុមហ៊ុន SPHP (CAMBODIA) CO., LTD.នៅ​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។

គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានឱ្យដឹងថា “គម្រោង​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់១ មាន​អនុភាព ៨០MW ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ចំនួន ២៣១,១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន៨១កន្លែង” ។

លោក ម៉ៅ ធនិន បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​បាល​ខេត្តពោធិ៍សាត់ ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នៅ​ព្រឹក​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ​ថា បច្ចុប្បន្ន​មាន​គម្រោង​វា​រី​អគ្គិសនី ដែល​ល​គ្រោង​សាងសង់​នៅ​ស្ទឹង​ពោធិ៍សាត់ ហើយ​មួយទៀត កន្លែង​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ នៅ​ស្រុក​ក្រគរ ។

លោក​បាន​ថ្លែងថា “នៅពេល​បច្ចុប្បន្ននេះ នឹងមាន​គម្រោង​ស្ថាបនា​ទៀត ដែល​ពាក់ព័ន្ធ​ជាមួយ​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​មួយ ដែលមាន​អានុភាព៨០មេ​ហ្គា​វ៉ា​ត់ និង​កន្លែង​ផលិត​អគ្គិសនី​ដោយ​ប្រើ​ពន្លឺព្រះអាទិត្យ ក្នុងស្រុក​ក្រគរ៦០មេ​ហ្គា​វ៉ា​ត់​ផងដែរ ហើយ​យើង​កំពុងតែ​សិក្សា និង​រៀបចំ​ទៅលើ​ការងារ​នេះ” ។

លោក​អភិបាលខេត្ត​រូបនេះ​បាន​ថ្លែងថា អ្វីដែល​បាន​ប្រើប្រាស់​រួច​កន្លងមកនេះ គឺ​នៅ​វា​រី​អគ្គិសនី​អា​តៃ ស្ថិតក្នុង​ឃុំ​អូរ​សោម ដែលមាន​អានុភាព១២០មេ​ហ្គា​វ៉ា​ត់។ ដោយឡែក សម្រាប់​ថវិកា​ដែល​ត្រូវ​ចំណាយ លើ​ការងារ​កន្លែង​ផលិត​អគ្គិសនី​ទាំងពីរ​នេះ លោក​មិនទាន់​អាច​បញ្ជាក់​ឲ្យ​ដឹងបាន​នៅឡើយ​ទេ ពោល​នេះ​ជាការ​សម្រេច និង​គិត​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល ជាមួយ​ក្រសួង​ជំនាញ ។

លោក ម៉ៅ ធនិន បាន​បញ្ជាក់ថា ការស្ថាបនា​បន្ថែម​នូវ​កន្លែង​ផលិត​ថាមពល​អគ្គិសនី​នេះ មិនមែន​សម្រាប់​ប្រើប្រាស់ តែ​នៅក្នុង​ភូមិសាស្ដ្រ​ខេត្តពោធិ៍សាត់​នោះទេ ពោល​ប្រាកដជា​អាច​ចែកចាយ និង​ប្រើប្រាស់​នៅ​ទូទាំងប្រទេស​តែម្ដង ។

កាលពី​ឆ្នាំ២០១៩កន្លងទៅ រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​មានការ​សាងសង់ កន្លែង​ផលិត​ថាមពល​អគ្គិសនី​ថ្មី រួមមាន ទី១ វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់១ ស្ថិតនៅ​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ និង​ទី២ ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺ ព្រះអាទិត្យ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ ស្ថិតក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ផលិត​ថាមពល​បាន ៦០មេ​ហ្គា​វ៉ា​ត់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here