គម្រោង​វិនិយោគធំៗចំនួន៣នឹងចូលរួម​ប្រែក្លាយជា​ទីក្រុង​បូកគោ​កាន់​តែមានភាព​ទាក់ទាញ

0

ដោយ​វុត្ថា

ភ្នំពេញៈ គម្រោង​វិនិយោគធំៗចំនួន៣បន្ថែមទៀត នៅ​តំបន់ភ្នំ​បូកគោ​នឹងចូលរួម​ប្រែក្លាយជា​ទីក្រុង​ទាក់ទាញ​ថ្មី​របស់​កម្ពុជា ខណៈដែល​រដ្ឋាភិបាល​បានសម្រេច​ដាក់​ឲ្យ​អភិវឌ្ឍ​តំបន់​នេះ​ជាទី​ក្រុង​ឆ្លាត​វៃ និង​ជាទី​ក្រុង​ទេសចរណ៍​ប្រវត្តិសាស្ត្រ ហើយ​វា​នឹង​ក្លាយជា​ទីតាំង​ផ្សារភ្ជាប់​តំបន់ឆ្នេរ​នៃ​ច្រករបៀង​ទេសចរណ៍​ភាគខាងត្បូង ។

បន្ទាប់ពី​រាជរដ្ឋាភិបាល​ដាក់ចេញ​នូវ​ផែនការអភិវឌ្ឍន៍ និង​ប្លង់គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍ​ក្រុង​បូកគោ​នេះ កន្លងមក មាន​គម្រោង​វិនិយោគ​ធំ និង​ថ្មី​ជាច្រើន បាន​តម្រង់ទិស​ទៅកាន់​ទីនោះ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ និង​ប្រែក្លាយ​តំបន់​បូកគោ​នេះ​ទៅជា​ទីក្រុង​ថ្ម សម្រាប់​បំរើ​ដល់​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម និង​វិនិយោគ​ជាតិ និង​អន្តរជាតិ ។

១) គម្រោង​វិនិយោគ​តម្លៃ​ជិត២២លាន​ដុល្លារ​លើ​វិស័យ​ក​សិ-ឧស្សាហកម្ម

រដ្ឋាភិបាល​បានអនុម័ត​គម្រោង​វិនិយោគ​ថ្មី ដែលមាន​តម្លៃ​ជិត២២លាន​ដុល្លារ​នេះ នឹង​បង្ហាញខ្លួន​ក្នុង​រូបភាព​ក្នុង​វិស័យ​ក​សិ-ឧស្សាហកម្ម បង្កើតជា​កសិដ្ឋាន ដូងប្រេង កៅស៊ូ និង​ល្ហុង​ប្រេង របស់​ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD. ដោយមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព នៃ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “បូកគោ” ស្រុក​ជុំ​គី​រី និង​ស្រុក​ទឹកឈូ ខេត្តកំពត អាចបង្កើត​ការងារ​បាន​ចំនួន២.០៧០កន្លែង ។

២) គម្រោង​សាងសង់​សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច ហ៊ុន សែន

គម្រោង​សាងសង់​សារមន្ទីរ​ថាមពល​កើតឡើង​វិញ និង​ឧទ្យាន​ជាតិ​សម្ដេច ហ៊ុន សែន កំពត​នេះ គឺជា​គម្រោង​មួយ​ដែល​អនុវត្ត​ផ្អែក​តាម​អនុ​ក្រិ​ត្យ របស់​រាជរដ្ឋាភិបាល​ផ្ដល់ជូន​អគ្គិសនី​កម្ពុជា ដើម្បី​អនុវត្ត​ដំណើរការ​គម្រោង​សាងសង់ នៅក្នុង​ឆ្នាំ២០២០នេះ នឹង​អាច​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ២០២២ខាងមុខ ។

ទីតាំង​នៃ​គម្រោង គឺ​ស្ថិតនៅ​តំបន់​សហគមន៍ នៃ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “បូកគោ” លើ​ផ្ទៃដី​កោះ​ទំហំ ៨,៦០ហិច​តា នៅក្នុង​ភូមិសាស្ត្រ ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ​ខេត្តកំពត។ ទំហំ​ការកសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ មាន​ច្រើន​គួរសម​ដែល​បម្រើឱ្យ​ការសិក្សា​ស្រាវជ្រាវ​បទពិសោធន៍ និង​ចង់ដឹង​ពី​បច្ចេកវិទ្យា​វិស័យ​វា​រី​អគ្គិសនី​នៅ​កម្ពុជា ក៏ដូចជា​បំរើឱ្យ​វិស័យ​ទេ​ចរណ៍​ក្នុង​តំបន់​នៃ​ខេត្តកំពត​នេះ​ផងដែរ ។

៣) គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន មរតក​ឋានសួគ៌

គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ទីក្រុង​ថ្មី ដែលមាន​ឈ្មោះថា “មរតក​ឋានសួគ៌” ក្នុងតម្លៃ​រាប់សិប​លាន​ដុល្លារ ដែលជា​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​សុខា អូ​តែ​ល​ត្រូវបាន​សម្ពោធ​បើក​ការ​រដ្ឋា​ន​កាលពីដើមឆ្នាំ ២០២០ ក្រោម​វត្តមាន​របស់លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។

គម្រោង​វិនិយោគ​លើ​ការអភិវឌ្ឍ ក្នុង​វិស័យ​លំនៅដ្ឋាន​បែប​ទំនើប​មួយ​នេះ បានក្លាយ​ជាការ​គម្រោង​វិនិយោគ​ដ៏​ធំ និង​លើកដំបូង​គេ​នៅ​តំបន់​រមណីយដ្ឋាន ឧទ្យាន​ជាតិ​ព្រះមុនីវង្ស ក្រោម​ការបោះ​ទុន​ដោយ​ក្រុមហ៊ុន​សុខាអូតែល ដែលជា​ក្រុមហ៊ុន​នាំមុខ​មួយ​នៃ​វិស័យ​បដិសណ្ឋារកិច្ច ក្នុងចំណោម​ក្រុមហ៊ុនធំៗ នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ក្រុមហ៊ុន​ដែល​ទទួលបាន សិទ្ធិ​សម្បទាន​ធ្វើ​វិនិយោគ​អភិវឌ្ឍ នៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “បូកគោ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here