ដោយវុត្ថា
ភ្នំពេញៈ គម្រោងវិនិយោគធំៗចំនួន៣បន្ថែមទៀត នៅតំបន់ភ្នំបូកគោនឹងចូលរួមប្រែក្លាយជាទីក្រុងទាក់ទាញថ្មីរបស់កម្ពុជា ខណៈដែលរដ្ឋាភិបាលបានសម្រេចដាក់ឲ្យអភិវឌ្ឍតំបន់នេះជាទីក្រុងឆ្លាតវៃ និងជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ ហើយវានឹងក្លាយជាទីតាំងផ្សារភ្ជាប់តំបន់ឆ្នេរនៃច្រករបៀងទេសចរណ៍ភាគខាងត្បូង ។

-->
បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ចេញនូវផែនការអភិវឌ្ឍន៍ និងប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោនេះ កន្លងមក មានគម្រោងវិនិយោគធំ និងថ្មីជាច្រើន បានតម្រង់ទិសទៅកាន់ទីនោះ ដើម្បីចូលរួមចំណែកអភិវឌ្ឍ និងប្រែក្លាយតំបន់បូកគោនេះទៅជាទីក្រុងថ្ម សម្រាប់បំរើដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគជាតិ និងអន្តរជាតិ ។
១) គម្រោងវិនិយោគតម្លៃជិត២២លានដុល្លារលើវិស័យកសិ-ឧស្សាហកម្ម
រដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគថ្មី ដែលមានតម្លៃជិត២២លានដុល្លារនេះ នឹងបង្ហាញខ្លួនក្នុងរូបភាពក្នុងវិស័យកសិ-ឧស្សាហកម្ម បង្កើតជាកសិដ្ឋាន ដូងប្រេង កៅស៊ូ និងល្ហុងប្រេង របស់ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD. ដោយមានទីតាំងវិនិយោគ ស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាព នៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ស្រុកជុំគីរី និងស្រុកទឹកឈូ ខេត្តកំពត អាចបង្កើតការងារបានចំនួន២.០៧០កន្លែង ។
២) គម្រោងសាងសង់សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេច ហ៊ុន សែន
គម្រោងសាងសង់សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេច ហ៊ុន សែន កំពតនេះ គឺជាគម្រោងមួយដែលអនុវត្តផ្អែកតាមអនុក្រិត្យ របស់រាជរដ្ឋាភិបាលផ្ដល់ជូនអគ្គិសនីកម្ពុជា ដើម្បីអនុវត្តដំណើរការគម្រោងសាងសង់ នៅក្នុងឆ្នាំ២០២០នេះ នឹងអាចត្រូវបញ្ចប់នៅឆ្នាំ២០២២ខាងមុខ ។

ទីតាំងនៃគម្រោង គឺស្ថិតនៅតំបន់សហគមន៍ នៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” លើផ្ទៃដីកោះទំហំ ៨,៦០ហិចតា នៅក្នុងភូមិសាស្ត្រ ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូខេត្តកំពត។ ទំហំការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ មានច្រើនគួរសមដែលបម្រើឱ្យការសិក្សាស្រាវជ្រាវបទពិសោធន៍ និងចង់ដឹងពីបច្ចេកវិទ្យាវិស័យវារីអគ្គិសនីនៅកម្ពុជា ក៏ដូចជាបំរើឱ្យវិស័យទេចរណ៍ក្នុងតំបន់នៃខេត្តកំពតនេះផងដែរ ។
៣) គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន “មរតកឋានសួគ៌”
គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទីក្រុងថ្មី ដែលមានឈ្មោះថា “មរតកឋានសួគ៌” ក្នុងតម្លៃរាប់សិបលានដុល្លារ ដែលជាការវិនិយោគដោយក្រុមហ៊ុនសុខា អូតែលត្រូវបានសម្ពោធបើកការរដ្ឋានកាលពីដើមឆ្នាំ ២០២០ ក្រោមវត្តមានរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

គម្រោងវិនិយោគលើការអភិវឌ្ឍ ក្នុងវិស័យលំនៅដ្ឋានបែបទំនើបមួយនេះ បានក្លាយជាការគម្រោងវិនិយោគដ៏ធំ និងលើកដំបូងគេនៅតំបន់រមណីយដ្ឋាន ឧទ្យានជាតិព្រះមុនីវង្ស ក្រោមការបោះទុនដោយក្រុមហ៊ុនសុខាអូតែល ដែលជាក្រុមហ៊ុននាំមុខមួយនៃវិស័យបដិសណ្ឋារកិច្ច ក្នុងចំណោមក្រុមហ៊ុនធំៗ នៅព្រះរាជាណាចក្រកម្ពុជា និងជាក្រុមហ៊ុនដែលទទួលបាន សិទ្ធិសម្បទានធ្វើវិនិយោគអភិវឌ្ឍ នៅឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ៕