គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្ម​ភ្លោះ​កម្ពស់ ៣០ជាន់ នៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺស្ថិតក្នុង​ភាពមិនច្បាស់លាស់

0

ដោយៈ រ៉ា​ណេ​ត

កំពង់ស្ពឺៈ គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​អគារ​ពាណិជ្ជកម្ម​ភ្លោះ ដែលមាន​កម្ពស់៣០ជាន់ ស្ថិតនៅក្នុង​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ រហូតមកដល់​ពេលនេះ​ស្ថិតនៅក្នុង​ស្ថាន​ភាពមិន​ច្បាស់លាស់​នៅឡើយ​ទេ។

អភិបាលខេត្ត​កំពង់ស្ពឺ​លោក​វ៉ី សំណាង​បញ្ជាក់ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី២៧ ឧសភា​កន្លងមក​ថា គំរោង​នេះ ស្ថិតនៅក្នុង​ភាពមិនច្បាស់លាស់​នៅឡើយ ខណៈ​ដែលមាន​ក្រុមហ៊ុន​ជំនាញ​មួយចំនួន បានធ្វើ​ការសិក្សា​លម្អិត​ទៅលើ​គម្រោង​បាន​បង្ហើប​ថា ក្រុង​មួយ​នេះ​នៅ​មិនទាន់​ស័ក្ដិសម ទទួលយក​អាគារ​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់​បែបនេះ​នៅឡើយ។

លោក​បន្តថា “មកទល់នឹង​ពេលនេះ គម្រោង​នៃ​ការសាងសង់​អាគារ​ពាណិជ្ជ​កម្ម​ភ្លោះ​លើកដំបូង នៅ​កណ្តាល​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ស្ថិតនៅក្នុង​ភាពមិនច្បាស់លាស់​នៅឡើយ។លោ​ក្ប​ន្ថែ​ម​ថា “រហូតមកទល់​ពេលនេះ មិនទាន់មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ណាមួយ​បង្ហាញ​ពី​មហិច្ឆតា​ចង់​ធ្វើការ​វិនិយោគ​នោះដែរ” ។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា “បើ​និយាយ​ពី​ការចង់បាន ក្នុងនាម​ជា​អជ្ញាធរ​ខេត្ត គឺ​ពិតជា​ចង់បាន​នូវ​គ្រប់​គម្រោង​អភិវឌ្ឍន៍​ទាំងអស់​នៅ​ទូទាំង​ខេត្ត ប៉ុន្តែ​អ្វី​ដែ​សំខាន់​ត្រង់​ថា មាន​ក្រុមហ៊ុន​ចូលមក​បោះទុន​វិនិយោគ​បាន​កម្រិតណា” ។

លោក​បន្តថា សម្រាប់​គម្រោង​នៃ​ការសាងសង់ អាគារ​ពាណិជ្ជកម្ម​ភ្លោះ​លើកដំបូង​ប្រចាំ​នៅក្នុង​ក្រុង​ច្បារមន ក៏ដូចជា​ខេត្ត​ផងដែរ ធ្លាប់មាន​ក្រុមហ៊ុន​មិនតិចជាង៥នោះទេ ចូលមក​សិក្សា ប៉ុន្តែ​ជា​លទ្ធផល​ផ្លែផ្កា ដែល​បង្ហាញ​ពី​ការឈានទៅរក​ការអភិវឌ្ឍ​នៅ​មិនទាន់មាន​តម្រុយ​នោះទេ ដោយហេតុថា កម្រិត​នៃ​ចំនួន​សេដ្ឋកិច្ច​ក្នុង​តំបន់ ក៏ដូចជា​ការធ្វើ​ពាណិជ្ជកម្ម នៅក្នុង​ខេត្ត​ហាក់​មិនទាន់មាន​តម្រូវការ​អគារ​ខ្ពស់​បែបនេះ​នោះទេ។

លោក វ៉ី សំណាង បានបញ្ជាក់​ទៀតថា ដំបូង​ឡើង​យើង​បាន​លើក​ពី​គម្រោង​សាងសង់​អាគារ​កម្ពស់​ជាង៣០ជាន់ ប៉ុន្តែ​បន្ទាប់ពី​មានការ​សិក្សា​លម្អិត ក្រុមហ៊ុន​ជំនាញ​បាន​បញ្ជាក់ថា ត្រូវ​ចំណាយ​ទុន​ច្រើន​ក្នុង​ការសាងសង់ ហើយ​ចំណូល​ដែល​ទទួលបាន​ពី​ការអភិវឌ្ឍន៍​អាគារ​គឺមាន​កម្រិត ដូច្នេះ​តម្រូវឱ្យមាន​ការកែប្រែ គម្រោង​អភិវឌ្ឍន៍​សាជាថ្មី​ជា​ចាំបាច់។ លោក​ថា ពេលនេះ​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ភ្លោះ គឺ​នៅ​រក្សា​ដដែល ប៉ុន្តែ​កំពុង​សិក្សា​ទៅលើ​កម្ពស់ ដែល​បាន​កាត់​មក​នៅត្រឹម១៥ជាន់ ដើម្បី​តម្រូវ​ទៅតាម​ស្ថានភាព​ជាក់ស្ដែង​នៃ​តម្រូវការ​ប្រើប្រាស់​ជាក់ស្ដែង ហើយ​លទ្ធភាព​ដែល​អាច​សាងសង់​នៅពេលណា នឹង​បង្ហាញ​ក្នុងពេលឆាប់ៗខាងមុខនេះ។

អគ្គនាយក និង​ជា​សហ​ស្ថាបនិក​គេហទំព័រ​អចលនទ្រព្យ Proppertyarea.asia លោក យិន លាង​គង់ បាន​មានប្រសាសន៍ថា ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ នៅពេល​បច្ចុប្បន្ននេះ នៅ​មិនទាន់មាន​តម្រូវការ​ចាំបាច់ ប្រើប្រាស់​អាគារ​ពាណិជ្ជក​ម្ម​ដែលមាន​កម្ពស់ខ្ពស់ៗនៅឡើយ​នោះទេ ដោយហេតុថា កម្រិត​នៃ​ការធ្វើ​ពាណិជ្ជកម្ម នៅក្នុង​តំបន់​នៅមានកម្រិត​នៅឡើយ។

លោក​បន្តទៀតថា “តម្រូវការ​នៃ​ការប្រើប្រាស់​អាគារ​ពាណិជ្ជ​កម្មខ្ពស់ៗ កើត​មាននៅ​តំបន់​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់ មិនសូវមាន​ផ្ទៃដី​ទំនេរ​ច្រើន ហើយ​តម្លៃ​ដី​មានតម្លៃ​ថ្លៃ ប៉ុន្តែ​សម្រាប់​ខេត្តកំពង់ស្ពឺ​នៅមាន​ផ្ទៃដី​ទំនេរ​ច្រើន ដូច្នេះ​តម្រូវការ​សាងសង់​អាគា​រ​ភ្លោះ ខ្ពស់ៗ សម្រាប់​បម្រើ​ដល់​តម្រូវការ គឺ​នៅសល់​ពេល​យូរ​ទៀត” ។

កំពង់ស្ពឺ​ត្រូវបាន​ជាប់​ឈ្មោះថា ជា​ខេត្ត​គោលដៅ​លើ​ការវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម ដោយសារ​មាន​ភាព​អំណោយផល​លើក​ត្តា​ភូមិសាស្ត្រ ជាពិសេស​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ផលិតផល​សម្រេច ឬ​ពាក់កណ្តាល​សម្រេច​ឆ្ពោះទៅកាន់​កំពង់ផែ​ទឹក​ជ្រៅ​ក្រុងព្រះសីហនុ សម្រាប់ធ្វើ​ការនាំចេញ។ ជាក់ស្ដែង​បច្ចុប្បន្ននេះ នៅក្នុង​ខេត្តកំពង់ស្ពឺ​មាន​រោងចក្រ សហគ្រាស​តូចធំ កំពុងដំណើរការ​សរុប​ជាង ២៧០ទីតាំង ដែល​ផ្តល់ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ជាង១០ម៉ឺន​កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here