ដោយៈ រ៉ាណេត
កំពង់ស្ពឺៈ គម្រោងវិនិយោគ និងអភិវឌ្ឍន៍អគារពាណិជ្ជកម្មភ្លោះ ដែលមានកម្ពស់៣០ជាន់ ស្ថិតនៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ រហូតមកដល់ពេលនេះស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់នៅឡើយទេ។

អភិបាលខេត្តកំពង់ស្ពឺលោកវ៉ី សំណាងបញ្ជាក់ប្រាប់ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៧ ឧសភាកន្លងមកថា គំរោងនេះ ស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ ខណៈដែលមានក្រុមហ៊ុនជំនាញមួយចំនួន បានធ្វើការសិក្សាលម្អិតទៅលើគម្រោងបានបង្ហើបថា ក្រុងមួយនេះនៅមិនទាន់ស័ក្ដិសម ទទួលយកអាគារពាណិជ្ជកម្មកម្រិតខ្ពស់បែបនេះនៅឡើយ។
លោកបន្តថា “មកទល់នឹងពេលនេះ គម្រោងនៃការសាងសង់អាគារពាណិជ្ជកម្មភ្លោះលើកដំបូង នៅកណ្តាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ ស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ។លោក្បន្ថែមថា “រហូតមកទល់ពេលនេះ មិនទាន់មានក្រុមហ៊ុនអភិវឌ្ឍន៍ណាមួយបង្ហាញពីមហិច្ឆតាចង់ធ្វើការវិនិយោគនោះដែរ” ។
លោកអភិបាលខេត្តបានបញ្ជាក់ថា “បើនិយាយពីការចង់បាន ក្នុងនាមជាអជ្ញាធរខេត្ត គឺពិតជាចង់បាននូវគ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់នៅទូទាំងខេត្ត ប៉ុន្តែអ្វីដែសំខាន់ត្រង់ថា មានក្រុមហ៊ុនចូលមកបោះទុនវិនិយោគបានកម្រិតណា” ។
លោកបន្តថា សម្រាប់គម្រោងនៃការសាងសង់ អាគារពាណិជ្ជកម្មភ្លោះលើកដំបូងប្រចាំនៅក្នុងក្រុងច្បារមន ក៏ដូចជាខេត្តផងដែរ ធ្លាប់មានក្រុមហ៊ុនមិនតិចជាង៥នោះទេ ចូលមកសិក្សា ប៉ុន្តែជាលទ្ធផលផ្លែផ្កា ដែលបង្ហាញពីការឈានទៅរកការអភិវឌ្ឍនៅមិនទាន់មានតម្រុយនោះទេ ដោយហេតុថា កម្រិតនៃចំនួនសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាការធ្វើពាណិជ្ជកម្ម នៅក្នុងខេត្តហាក់មិនទាន់មានតម្រូវការអគារខ្ពស់បែបនេះនោះទេ។
លោក វ៉ី សំណាង បានបញ្ជាក់ទៀតថា ដំបូងឡើងយើងបានលើកពីគម្រោងសាងសង់អាគារកម្ពស់ជាង៣០ជាន់ ប៉ុន្តែបន្ទាប់ពីមានការសិក្សាលម្អិត ក្រុមហ៊ុនជំនាញបានបញ្ជាក់ថា ត្រូវចំណាយទុនច្រើនក្នុងការសាងសង់ ហើយចំណូលដែលទទួលបានពីការអភិវឌ្ឍន៍អាគារគឺមានកម្រិត ដូច្នេះតម្រូវឱ្យមានការកែប្រែ គម្រោងអភិវឌ្ឍន៍សាជាថ្មីជាចាំបាច់។ លោកថា ពេលនេះគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មភ្លោះ គឺនៅរក្សាដដែល ប៉ុន្តែកំពុងសិក្សាទៅលើកម្ពស់ ដែលបានកាត់មកនៅត្រឹម១៥ជាន់ ដើម្បីតម្រូវទៅតាមស្ថានភាពជាក់ស្ដែងនៃតម្រូវការប្រើប្រាស់ជាក់ស្ដែង ហើយលទ្ធភាពដែលអាចសាងសង់នៅពេលណា នឹងបង្ហាញក្នុងពេលឆាប់ៗខាងមុខនេះ។
អគ្គនាយក និងជាសហស្ថាបនិកគេហទំព័រអចលនទ្រព្យ Proppertyarea.asia លោក យិន លាងគង់ បានមានប្រសាសន៍ថា ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅពេលបច្ចុប្បន្ននេះ នៅមិនទាន់មានតម្រូវការចាំបាច់ ប្រើប្រាស់អាគារពាណិជ្ជកម្មដែលមានកម្ពស់ខ្ពស់ៗនៅឡើយនោះទេ ដោយហេតុថា កម្រិតនៃការធ្វើពាណិជ្ជកម្ម នៅក្នុងតំបន់នៅមានកម្រិតនៅឡើយ។
លោកបន្តទៀតថា “តម្រូវការនៃការប្រើប្រាស់អាគារពាណិជ្ជកម្មខ្ពស់ៗ កើតមាននៅតំបន់ពាណិជ្ជកម្មកម្រិតខ្ពស់ មិនសូវមានផ្ទៃដីទំនេរច្រើន ហើយតម្លៃដីមានតម្លៃថ្លៃ ប៉ុន្តែសម្រាប់ខេត្តកំពង់ស្ពឺនៅមានផ្ទៃដីទំនេរច្រើន ដូច្នេះតម្រូវការសាងសង់អាគារភ្លោះ ខ្ពស់ៗ សម្រាប់បម្រើដល់តម្រូវការ គឺនៅសល់ពេលយូរទៀត” ។
កំពង់ស្ពឺត្រូវបានជាប់ឈ្មោះថា ជាខេត្តគោលដៅលើការវិនិយោគក្នុងវិស័យឧស្សាហកម្ម ដោយសារមានភាពអំណោយផលលើកត្តាភូមិសាស្ត្រ ជាពិសេសផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនផលិតផលសម្រេច ឬពាក់កណ្តាលសម្រេចឆ្ពោះទៅកាន់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ សម្រាប់ធ្វើការនាំចេញ។ ជាក់ស្ដែងបច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ស្ពឺមានរោងចក្រ សហគ្រាសតូចធំ កំពុងដំណើរការសរុបជាង ២៧០ទីតាំង ដែលផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋបានជាង១០ម៉ឺនកន្លែង៕






