ដោយៈ រ៉ាណេត
ព្រះសីហនុៈ វាជសំណួរដែលយើងត្រូវឆ្លើយ និងចាំមើលទាំងអស់គ្នានាពេលអនាគត ខណៈបច្ចុប្បន្នរដ្ឋាភិបាលបាន និងកំពុងដើរស្របគ្នានឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដោយគ្រោងប្រែក្លាយខេត្តនេះជាតំបន់ឧស្សាហកម្ម។

ដោយៈ រ៉ាណេត
ព្រះសីហនុៈ វាជសំណួរដែលយើងត្រូវឆ្លើយ និងចាំមើលទាំងអស់គ្នានាពេលអនាគត ខណៈបច្ចុប្បន្នរដ្ឋាភិបាលបាន និងកំពុងដើរស្របគ្នានឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដោយគ្រោងប្រែក្លាយខេត្តនេះជាតំបន់ឧស្សាហកម្ម។

ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ គោលនយោបាយនេះត្រូវបានកែខៃឲ្យកាន់តែប្រសើរឡើង តាមរយៈការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍន៍ ដោយប្រែក្លាយទីក្រុងនេះជាទីក្រុងមានការអភិវឌ្ឍ “ដោយពហុបំណង” ស្របពេលការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្ត សម្រេចបានជាង៩៤ភាគរយ ខណៈពេលដែលកំណើនអាគារពាណិជ្ជកម្មកំពុងកើនឡើងយ៉ាងស្អេកស្កះ។
អភិបាលខេត្តព្រះសីហនុ លោកគួច ចំរើនដែលជាបញ្ញវ័ន្តវ័យក្មេង និងទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ ហើយត្រូវបានសម្តេចតេជោផ្លាស់ប្តូរពីខេត្តកំពង់ចាម ទៅកាន់ខេត្តដែលមានការរីកចម្រើនយ៉ាងលឿននេះ ពិតជាមិនមែនជារឿងចៃដន្យឡើយ។
មានប្រសាសន៍ស្វាគមន៍សម្តេចតេជោ កាលពីល្ងាចថ្ងៃទី ១មិថុនាកន្លងមក ក្នុងពេលសម្តេចអញ្ជើញពិនិត្យវឌ្ឍនភាពផ្លូវទាំង៣៤ខ្សែ ដែលសមិទ្ឋិផលនេះនឹងផ្លាស់ប្តូរមុខមាត់ខេត្តនេះជាថ្មីម្តងទៀត លោកគួច ចំរើនបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់ផែន ក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុ ជាមួយចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំនិងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប ជាមួយរមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលនឹងទាក់ទាញទេសចរ និងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស និងបំរើដល់ការរស់នៅដ៏ល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋខ្មែរយើងផងដែរ។
លោកបញ្ជាក់ថា គិតចាប់ពីថ្ងៃបើកការដ្ឋានស្ថាបនាផ្លូវកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី រហូតមកដល់បច្ចុប្បន្ន ការងារស្ថាបនាផ្លូវក្រុងចំនួន ៣៤ខ្សែ សម្រេចបានប្រមាណ៩៤% ដោយមិនគិតបញ្ចូលការងារអ៊ុត កៅស៊ូ គំនូសសញ្ញាចរាចរណ៍ ដាំដើមឈើ បំពាក់កាមេរ៉ាសុវត្ថិភាព បង្គោលភ្លើងស្តុបចរាចរណ៍ បង្គោលភ្លើងបំភ្លឺផ្លូវ និងការរៀបកម្រាលថ្មក្រានីត។ ចំពោះការងារចាក់បេតុង និងដាក់លូគ្រោងនឹងបញ្ចប់នៅដើម ខែមិថុនា ឆ្នាំ២០២០” ។

ការស្ថាបនាផ្លូវទាំង៣៤ខ្សែក្នុងក្រុងព្រះសីហនុនេះ បានដំណើការទៅតាមផែនការដោយរលូន ទទួលបានការចូលរួមសហការយ៉ាងល្អ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមានការយកចិត្តទុកដាក់ខ្ពស់ពីក្រុមហ៊ុន និងអង្គភាពទទួលការងារស្ថាបនាផ្លូវ ដោយគោរពទៅតាមប្លង់សុរិយោដី ប្លង់ស្ថាបត្យកម្ម ប្លង់គ្រឿងបង្គុំ និងបទដ្ឋានបច្ចេកទេសផ្លូវ ដែលសិក្សាដោយក្រុមការងារ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីធានាបានទាំងគុណភាព និងសោភ័ណភាព។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងអាជ្ញាធរខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញពិនិត្យលទ្ធផលដំបូង នៃការស្ថាបនាផ្លូវនៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ។

ជាមួយនឹងសក្តានុពលមានស្រាប់ ដោយមានកំពង់ផែទឹកជ្រៅតែមួយគត់របស់ប្រទេស មានផ្លូវរថភ្លើង មានព្រលានយន្តហោះលំដាប់អន្តរជាតិ ដែលនឹងបញ្ចប់ការពង្រីកនាពេលខាងមុខ ដើម្បីឲ្យយន្តហោះធំៗអាចចុះចតបាន និងមានផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ពិសេសឆ្នេរខ្សាច់ និងបណ្តាកោះនានាដ៏ស្រស់ស្ងាតដូចឋានសួគ៌ ពិតណាស់ ខេត្តនេះកំពុងដើរទៅមុខដោយរលូន និងកាន់តែមានភាពស័ក្តិសមជាទីក្រុងស៊ីវិល័យមួយ និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុទី១សំរាប់ប្រទេសនាពេលអនាគត៕