កំពង់ផែ​ចំនួន៤ ជំរុញ​សក្តានុពល​លើ​ការវិនិយោគ​អចលនទ្រព្យ​នៅ​ខេត្ត​ជាប់​តំបន់ឆ្នេរ

0

ដោយៈ រ៉ា​ណេ​ត

កំ​ពតៈ បន្ថែម​ពីលើ​សក្ដានុពល ដែលមាន​ស្រាប់​នៃ​វិស័យ​ទេសចរណ៍ធម្មជាតិ កំពង់ផែសំខាន់ៗចំនួន៤ នៅក្នុង​ខេត្តកំពត ដែល​ក្រៅពី​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន ថែមទាំង​បាន​ជួយ​ជម្រុញ បង្កើន​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ នៅក្នុង​ខេត្ត​មួយ​នេះ​ផងដែរ។

នាយិការ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០កន្លងមក​ថា កំពត គឺជា​ខេត្ត​មានការ​ទទួលស្គាល់ថា ជា​គោលដៅ​ទេសចរណ៍​កម្រិត​ខ្ពស់ ហើយក៏​ជា​គោលដៅ សម្រាប់​ការវិនិយោគ​វិស័យ​អចលនទ្រព្យ ជាពិសេស​ផ្នែក​ដីធ្លី​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​ផងដែរ។

លោកស្រី​បាន​បញ្ជាក់ថា “ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ជាធម្មតា​តម្រូវការ​នៃ​ការប្រើប្រាស់​ដី​នៅក្នុង​ខេត្តកំពត តែង​កើន​ឡើងជា​បន្តបន្ទាប់ ដែល​ធ្វើឱ្យ​តម្លៃ​ដី​កើនឡើង​ប្រមាណ​ជាង៣០ភាគរយ។ លោកស្រី​បន្តថា “តម្រូវការ​នៃ​ការប្រើប្រាស់​ដី​នេះ ភាគច្រើន​គឺ​ការអភិវឌ្ឍន៍​កែច្នៃ​បន្ថែម​ទៅជា​តំបន់​កម្សាន្ត ក៏ដូចជា​ប្រភេទ​លំនៅដ្ឋាន​លំហែរ​កាយ​ជាដើម” ។

កំពង់ផែ​ចំនួន៤ ដែល​បាន​ចូលរួម​យ៉ាងសំខាន់ ក្នុងការ​ជម្រុញ​កំណើនសេដ្ឋកិច្ច និង​បង្កើន​ការវិនិយោគ ក្នុង​វិស័យ​អចលនទ្រព្យ រួមមាន  ទី១ កំពង់ផែ វិញ ហួរ ដែលមាន​ជម្រៅ​ទឹក​រហូតដល់១៤ម៉ែត្រ អាច​សម្រាប់​ដឹកជញ្ជូន​ទំនិញ​តាម​កប៉ាល់ធំៗ ទី២កំពង់ផែ​របស់​ឧកញ៉ា ទ្រី ភាព សម្រាប់​ដឹកជញ្ជូន​ប្រេង​ចូល។ ទី៣ កំពង់ផែ​របស់​ជំទាវ កែវ ម៉ាលី សម្រាប់​ដឹកជញ្ជូន​នាំចេញ​ស្រូវ និង​ផលិតផលផ្សេងៗ ចេញចូល​ប្រទេស​ថៃ។ និង​ទី៤.គម្រោង​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត ដែល​បើក​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ដែល​ធ្វើដំណើរ​តាម​កប៉ាល់ ពិសេស​ទេសចរ​មកពី​ប្រទេស​វៀតណាម និង​ថៃ​អាច​ចូល​ចត​បាន។

ដោយឡែក​សម្រាប់​វត្តមាន​របស់​កំពង់ផែសំខាន់ៗ ជាពិសេស​កំពង់ផែ​ទេសចរណ៍​ដែល​កំពុងដំណើរការ​សាងសង់​នោ​ពេល​បច្ចុប្បន្ននេះ ក៏​ជា​ចំណែក​មួយ​យ៉ាងសំខាន់​នៅក្នុង​ការជួយ​ទាក់ទាញ ការវិនិយោគ​ក្នុង​វិស័យ​នានា ដែល​ក្នុងនោះ​វិស័យ​អចលនទ្រព្យ​ក៏​រួមចំណែក​ផងដែរ។

លោកស្រី​តាំង ហូរ​បាន​បញ្ជាក់ថា ទោះបីជា​កំពង់ផែ ត្រូវបាន​ផ្តោត​សំខាន់​ទៅលើ​វិស័យ​ដឹកជញ្ជូន ប៉ុន្តែ​វា​ក៏បាន​ជះឥទ្ធិពល​ដល់​វិស័យ​អចលនទ្រព្យ​ផងដែរ ដែល​ក្នុងនោះ​រួមមាន ដូចជា ការប្រើប្រាស់​ដី​ធ្វើជា​ទីតាំង​ស្តុក​ទំនិញ ឬ​ឃ្លាំង ការប្រើប្រាស់​សម្រាប់​អភិវឌ្ឍន៍​ជា​លំនៅដ្ឋាន​លំនៅដ្ឋាន​រយៈពេល​ខ្លី ឬ​ផ្ទះសំណាក់​សណ្ឋាគារ​ជាដើម ហើយ​ក៏បាន​ចូលរួម​ក្នុងការ​ជ្រោ​ន​ជ្រែង​សេដ្ឋកិច្ច​នៅក្នុង​តំបន់​ផងដែរ។

លោក​ឧកញ៉ា តេង រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​R Investment Co, Ltd បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ​មាន​អ្នកវិនិយោគ​ជាច្រើន បាន​ទម្លាក់​ទុន​ធ្វើការ​អភិវឌ្ឍ​តំបន់​មួយចំនួន ឱ្យក្លាយ​ទៅជា​តំបន់​កម្សាន្ត​បែប​កែច្នៃ និង​ធម្មជាតិ ជាពិសេស​តំបន់​ដែល​ស្ថិតនៅ​ជាប់មាត់​ព្រែក ជាប់​សមុទ្រ និង​តំបន់​ក្បែរ​ជើងភ្នំ។

លោក​បន្តថា ជាមួយនឹង​សកម្មភាព​ដែល​កំពុងអភិវឌ្ឍន៍ ក៏មាន​គម្រោង​ថ្មី​បន្តបន្ទាប់​ទៀត ដែល​មិនយូរ​មិនឆាប់​ខេត្តកំពត នឹង​ក្លាយទៅជា​ទីតាំង​គោលដៅ​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយភាព​ជាក់​មិន​ខាន។ ដូច្នេះ​បានន័យថា ខេត្តកំពត​មាន​សក្ដានុពល​ខ្លាំង ទៅលើ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ហើយក៏​ស័ក្តិសម​ទៅនឹង​ការអភិវឌ្ឍ វិស័យ​លំនៅដ្ឋាន​បែប​លំហែរ​កាយ​ផងដែរ។

ជាមួយនឹង​ការបង្ហាញ​ពី​សក្ដានុពល ក្នុងការ​វិនិយោគ​ខាងលើនេះ លោក​ឧកញ៉ា តេង រិទ្ធី បានបញ្ជាក់​សម្រាប់​ការអភិវឌ្ឍ លើ​វិស័យ​លំនៅដ្ឋាន​បែប​លំហែរ​កាយ គឺ​ត្រូវបាន​ធ្វើឡើង​ជាច្រើន​គម្រោង និង​ច្រើន​កម្រិត ហើយ​តម្លៃ​ក៏​អាស្រ័យ​ទៅតាម​គម្រោង​ផងដែរ ដែល​ក្នុងនោះ​មានតម្លៃ​ចាប់ពី​ជាង៣-៤ម៉ឺន​ដុល្លារ​ឡើងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here