ដោយៈ រ៉ាណេត
កំពតៈ បន្ថែមពីលើសក្ដានុពល ដែលមានស្រាប់នៃវិស័យទេសចរណ៍ធម្មជាតិ កំពង់ផែសំខាន់ៗចំនួន៤ នៅក្នុងខេត្តកំពត ដែលក្រៅពីបម្រើដល់វិស័យដឹកជញ្ជូន ថែមទាំងបានជួយជម្រុញ បង្កើនការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងខេត្តមួយនេះផងដែរ។

ដោយៈ រ៉ាណេត
កំពតៈ បន្ថែមពីលើសក្ដានុពល ដែលមានស្រាប់នៃវិស័យទេសចរណ៍ធម្មជាតិ កំពង់ផែសំខាន់ៗចំនួន៤ នៅក្នុងខេត្តកំពត ដែលក្រៅពីបម្រើដល់វិស័យដឹកជញ្ជូន ថែមទាំងបានជួយជម្រុញ បង្កើនការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងខេត្តមួយនេះផងដែរ។

នាយិការក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០កន្លងមកថា កំពត គឺជាខេត្តមានការទទួលស្គាល់ថា ជាគោលដៅទេសចរណ៍កម្រិតខ្ពស់ ហើយក៏ជាគោលដៅ សម្រាប់ការវិនិយោគវិស័យអចលនទ្រព្យ ជាពិសេសផ្នែកដីធ្លីសម្រាប់បម្រើដល់វិស័យទេសចរណ៍ដ៏មានសក្ដានុពលផងដែរ។
លោកស្រីបានបញ្ជាក់ថា “ពីមួយឆ្នាំទៅមួយឆ្នាំ ជាធម្មតាតម្រូវការនៃការប្រើប្រាស់ដីនៅក្នុងខេត្តកំពត តែងកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យតម្លៃដីកើនឡើងប្រមាណជាង៣០ភាគរយ។ លោកស្រីបន្តថា “តម្រូវការនៃការប្រើប្រាស់ដីនេះ ភាគច្រើនគឺការអភិវឌ្ឍន៍កែច្នៃបន្ថែមទៅជាតំបន់កម្សាន្ត ក៏ដូចជាប្រភេទលំនៅដ្ឋានលំហែរកាយជាដើម” ។
កំពង់ផែចំនួន៤ ដែលបានចូលរួមយ៉ាងសំខាន់ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច និងបង្កើនការវិនិយោគ ក្នុងវិស័យអចលនទ្រព្យ រួមមាន ទី១ កំពង់ផែ វិញ ហួរ ដែលមានជម្រៅទឹករហូតដល់១៤ម៉ែត្រ អាចសម្រាប់ដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ ទី២កំពង់ផែរបស់ឧកញ៉ា ទ្រី ភាព សម្រាប់ដឹកជញ្ជូនប្រេងចូល។ ទី៣ កំពង់ផែរបស់ជំទាវ កែវ ម៉ាលី សម្រាប់ដឹកជញ្ជូននាំចេញស្រូវ និងផលិតផលផ្សេងៗ ចេញចូលប្រទេសថៃ។ និងទី៤.គម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលបើកសម្រាប់ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមកប៉ាល់ ពិសេសទេសចរមកពីប្រទេសវៀតណាម និងថៃអាចចូលចតបាន។
ដោយឡែកសម្រាប់វត្តមានរបស់កំពង់ផែសំខាន់ៗ ជាពិសេសកំពង់ផែទេសចរណ៍ដែលកំពុងដំណើរការសាងសង់នោពេលបច្ចុប្បន្ននេះ ក៏ជាចំណែកមួយយ៉ាងសំខាន់នៅក្នុងការជួយទាក់ទាញ ការវិនិយោគក្នុងវិស័យនានា ដែលក្នុងនោះវិស័យអចលនទ្រព្យក៏រួមចំណែកផងដែរ។
លោកស្រីតាំង ហូរបានបញ្ជាក់ថា ទោះបីជាកំពង់ផែ ត្រូវបានផ្តោតសំខាន់ទៅលើវិស័យដឹកជញ្ជូន ប៉ុន្តែវាក៏បានជះឥទ្ធិពលដល់វិស័យអចលនទ្រព្យផងដែរ ដែលក្នុងនោះរួមមាន ដូចជា ការប្រើប្រាស់ដីធ្វើជាទីតាំងស្តុកទំនិញ ឬឃ្លាំង ការប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ជាលំនៅដ្ឋានលំនៅដ្ឋានរយៈពេលខ្លី ឬផ្ទះសំណាក់សណ្ឋាគារជាដើម ហើយក៏បានចូលរួមក្នុងការជ្រោនជ្រែងសេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរ។

លោកឧកញ៉ា តេង រិទ្ធី អគ្គនាយកក្រុមហ៊ុនR Investment Co, Ltd បានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានអ្នកវិនិយោគជាច្រើន បានទម្លាក់ទុនធ្វើការអភិវឌ្ឍតំបន់មួយចំនួន ឱ្យក្លាយទៅជាតំបន់កម្សាន្តបែបកែច្នៃ និងធម្មជាតិ ជាពិសេសតំបន់ដែលស្ថិតនៅជាប់មាត់ព្រែក ជាប់សមុទ្រ និងតំបន់ក្បែរជើងភ្នំ។
លោកបន្តថា ជាមួយនឹងសកម្មភាពដែលកំពុងអភិវឌ្ឍន៍ ក៏មានគម្រោងថ្មីបន្តបន្ទាប់ទៀត ដែលមិនយូរមិនឆាប់ខេត្តកំពត នឹងក្លាយទៅជាទីតាំងគោលដៅទេសចរណ៍ ដ៏មានប្រជាប្រិយភាពជាក់មិនខាន។ ដូច្នេះបានន័យថា ខេត្តកំពតមានសក្ដានុពលខ្លាំង ទៅលើការអភិវឌ្ឍវិស័យទេសចរណ៍ ហើយក៏ស័ក្តិសមទៅនឹងការអភិវឌ្ឍ វិស័យលំនៅដ្ឋានបែបលំហែរកាយផងដែរ។
ជាមួយនឹងការបង្ហាញពីសក្ដានុពល ក្នុងការវិនិយោគខាងលើនេះ លោកឧកញ៉ា តេង រិទ្ធី បានបញ្ជាក់សម្រាប់ការអភិវឌ្ឍ លើវិស័យលំនៅដ្ឋានបែបលំហែរកាយ គឺត្រូវបានធ្វើឡើងជាច្រើនគម្រោង និងច្រើនកម្រិត ហើយតម្លៃក៏អាស្រ័យទៅតាមគម្រោងផងដែរ ដែលក្នុងនោះមានតម្លៃចាប់ពីជាង៣-៤ម៉ឺនដុល្លារឡើងទៅ៕