ដោយៈ រ៉ាណេត
ភ្នំពេញៈ ត្បិតថា រហូតមកដល់ពាក់កណ្តាលឆ្នាំ២០២០នេះ សេដ្ឋកិច្ចពិភពលោកកំពុងដាំក្បាលចុះ ដោយសារឥទ្ធិពលនៃ Covid-19 ប៉ុន្តែសម្រាប់ទីផ្សារដីធ្លីនៅក្នុងប្រទេសកម្ពុជានៅតែរក្សាបាននូវភាពល្អប្រសើរ និងផ្តល់ឱកាសដល់វិនិយោគិននៅក្នុងវិស័យមួយនេះដដែលបើប្រៀប ទៅនឹងបណ្តាប្រទេសមួយចំនួនក្នុងតំបន់។

-->
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា សេដ្ឋកិច្ចទីផ្សារដីធ្លីស្រុកខ្មែរ នៅតែមានសន្ទុះកើនឡើង ស្របពេលដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ចំពោះវិស័យនេះ ជាពិសេសកំពុងមមាញឹក ជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ ដែលធ្វើឱ្យតម្លៃដីធ្លីកើនឡើង១កម្រិតទៀត។
លោកបានបញ្ជាក់ថា “បច្ចុប្បន្ននេះសេដ្ឋកិច្ចពិភពលោក កំពុងតែស្ថិតក្នុងភាពប្រឈម ប៉ុន្តែសម្រាប់ស្រុកខ្មែរ ហាក់មានភាពធូស្រាលជាងគេបន្តិច បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនានាដែលស្ថិតនៅក្នុងតំបន់” ។ លោកបន្តថា “ជាក់ស្ដែងរាជរដ្ឋាភិបាលបានជំនះលើការរាតត្បាតនៃជំងឺឆ្លង ហើយទទួលបានលទ្ធផលល្អក្នុងការទប់ស្កាត់។ យើងឃើញថា ឥឡូវនេះចរន្តទិញ-លក់ក្នុងទីផ្សារដីធ្លី ចាប់ផ្តើមមានសកម្មភាពឡើងវិញ ទោះជានៅមិនទាន់ខ្លាំងក្លាដូចឆ្នាំ២០១៩ក៏ដោយ” ។
លោកបានបន្តថា “ពេលនេះ សម្រាប់អ្នកដែលមានលុយ និងមានលទ្ធភាពគ្រប់គ្រាន់ គួរតែពិចារណាទៅលើការទិញដីទុក សម្រាប់វិនិយោគបន្តយកចំណេញ ជាពិសេសក្រោយពេលបញ្ចប់វិបត្តិនៃជំងឺឆ្លងនេះ ស្ថានភាពអចលនទ្រព្យនៅកម្ពុជាមានភាពល្អប្រសើរឡើងវិញ ហើយសកម្មភាពអភិវឌ្ឍន៍ នៅក្នុងវិស័យសំណង់ចាប់ផ្តើមដំណើរការល្អឡើងវិញ នោះតម្លៃដីក៏នឹងមានការកើនឡើងផងដែរ” ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ផងដែរថា តម្លៃដីធ្លីនៅលើទីផ្សារក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន វាមិនថ្លៃដូចកំឡុងឆ្នាំ២០១៨នោះទេ ដោយសារតែការចាកចេញរបស់ជនជាតិចិន កាលពីចុងឆ្នាំ២០១៩ ជាពិសេសសម្ពាធនៃវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីការផ្ទុះឡើងនូវជំងឺឆ្លង Covid-19 ប៉ុន្តែបើនិយាយពីអនាគត អ្នកដែលមានលទ្ធភាពគ្រប់គ្រាន់គួរតែត្រៀមលុយទិញដីពីបច្ចុប្បន្នឱ្យហើយទៅ។

លោកបានបន្តទៀតថា “តម្លៃដីធ្លីនៅកម្ពុជា ប្រៀបធៀបទៅនឹងប្រទេសផ្សេងៗទៀតក្នុងអាស៊ានគឺនៅខុសគ្នាឆ្ងាយណាស់ ដូចជា ប្រទេសថៃ វៀតណាម សឹង្ហបុរីនិងម៉ាឡេស៊ី ដូច្នេះវាក៏នៅតែជាឱកាសសម្រាប់ វិនិយោគនៅក្នុងវិស័យមួយនេះ ដែលអាចទទួលបានភាគលាភក្នុងអត្រាខ្ពស់” ។ លោកបន្តថា “ជាទូទៅពីមួយឆ្នាំទៅមួយឆ្នាំ តម្លៃដីគឺមានការកើនឡើងជាប់ជាប្រចាំ ក្នុងរង្វង់ប្រមាណ១៥-២០ភាគរយ ឬនៅតំបន់ខ្លះកើនឡើងខ្ពស់ជាងនេះ ជាពិសេសតំបន់ដែលមានការអភិវឌ្ឍន៍ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាវិស័យលំនៅដ្ឋានផងដែរ” ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Advance Property លោកឡុង គឹមសួគ៌ បានលើកឡើងថា ស្ថិតក្នុងស្ថានភាពនេះ បើទោះជាតម្លៃទីផ្សារអចលនទ្រព្យ ក៏ដូចជាវិស័យដីធ្លីមិនមានការឡើងថ្លៃ ប៉ុន្តែវាក៏មិនធ្លាក់ចុះនោះដែរ ហើយសម្រាប់អ្នកដែលមានធនធាន និងលំហូរសាច់ប្រាក់គ្រប់គ្រាន់ អាចមានឱកាសច្រើនក្នុងការទិញទុក និងលក់បន្តយកចំណេញក្រោពេលវិបត្តិ នៃជំងឺសាកលមួយនេះ ត្រូវបានផុតរលត់ ជាពិសេសនៅតាមតំបន់សំខាន់ៗ ដែលស្ថិតនៅជាយរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមានសក្ដានុពលមួយចំនួន។

លោកបន្តថា “តំបន់ណាដែលមានគម្រោងអភិវឌ្ឍន៍កាន់តែច្រើន និងមានល្បឿនលឿន សន្ទុះនៃការឡើងថ្លៃគឺកាន់តែខ្ពស់ ដូច្នេះសម្រាប់អ្នកដែលមានលុយ ហើយចង់វិនិយោគនៅក្នុងវិស័យនេះ” ។ លោកបន្តថា “មុនពេលសម្រេចចិត្ត ត្រូវសិក្សាទៅលើស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់ និងការសិក្សាពីគម្រោងអភិវឌ្ឍន៍ឱ្យបានច្បាស់លាស់ ទើបមិនជួបហានិភ័យលើការវិនិយោគ” ៕