អ្នកជំនាញ៖ ឆ្នាំ២០២០ ជា​ពេលវេលា​ដ៏​ល្អ ដែល​អ្នកមាន​លុយ​គួរតែ​ទិញ​ដី​ទុក

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ត្បិត​ថា រហូតមកដល់​ពាក់កណ្តាល​ឆ្នាំ២០២០នេះ សេដ្ឋកិច្ចពិភពលោក​កំពុង​ដាំ​ក្បាល​ចុះ ដោយសារ​ឥទ្ធិពល​នៃ Covid-19 ប៉ុន្តែ​សម្រាប់​ទីផ្សារ​ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​រក្សាបាន​នូវ​ភាពល្អប្រសើរ និង​ផ្តល់ឱកាស​ដល់​វិនិយោគិន​នៅក្នុង​វិស័យ​មួយ​នេះ​ដដែល​បើ​ប្រៀប ទៅនឹង​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ កាលពី​ល្ងាច​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា សេដ្ឋកិច្ច​ទីផ្សារ​ដីធ្លី​ស្រុក​ខ្មែរ នៅតែមាន​សន្ទុះ​កើនឡើង ស្រប​ពេលដែល​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​ចំពោះ​វិស័យនេះ ជាពិសេស​កំពុង​មមាញឹក ជាមួយ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ ដែល​ធ្វើឱ្យ​តម្លៃ​ដីធ្លី​កើនឡើង១កម្រិត​ទៀត។

លោក​បាន​បញ្ជាក់ថា “បច្ចុប្បន្ននេះ​សេដ្ឋកិច្ចពិភពលោក កំពុងតែ​ស្ថិតក្នុង​ភាព​ប្រឈម ប៉ុន្តែ​សម្រាប់​ស្រុក​ខ្មែរ ហាក់​មាន​ភាព​ធូ​ស្រាល​ជាងគេ​បន្តិច បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​នានា​ដែល​ស្ថិតនៅក្នុង​តំបន់” ។ លោក​បន្តថា “ជាក់ស្ដែង​រាជរដ្ឋាភិបាល​បាន​ជំនះ​លើ​ការ​រាតត្បាត​នៃ​ជំងឺឆ្លង ហើយ​ទទួលបាន​លទ្ធផល​ល្អ​ក្នុងការ​ទប់ស្កាត់។ យើង​ឃើញថា ឥឡូវ​នេះ​ចរន្ត​ទិញ-លក់​ក្នុង​ទីផ្សារ​ដីធ្លី ចាប់ផ្តើម​មាន​សកម្មភាព​ឡើងវិញ ទោះជា​នៅ​មិនទាន់​ខ្លាំងក្លា​ដូច​ឆ្នាំ២០១៩ក៏ដោយ” ។

លោក​បាន​បន្តថា “ពេលនេះ សម្រាប់​អ្នក​ដែលមាន​លុយ និង​មានលទ្ធភាព​គ្រប់គ្រាន់ គួរតែ​ពិចារណា​ទៅលើ​ការទិញ​ដី​ទុក សម្រាប់​វិនិយោគ​បន្ត​យកចំណេញ ជាពិសេស​ក្រោយពេល​បញ្ចប់​វិបត្តិ​នៃ​ជំងឺឆ្លង​នេះ ស្ថានភាព​អចលនទ្រព្យ​នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ​ឡើងវិញ ហើយ​សកម្មភាព​អភិវឌ្ឍន៍ នៅក្នុង​វិស័យ​សំណង់​ចាប់ផ្តើម​ដំណើរ​ការល្អ​ឡើងវិញ នោះ​តម្លៃ​ដី​ក៏​នឹងមាន​ការកើនឡើង​ផងដែរ” ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal លោក​ឧកញ៉ា នួន រិទ្ធី បាន​មានប្រសាសន៍​ផងដែរ​ថា តម្លៃ​ដីធ្លី​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្ន វា​មិន​ថ្លៃ​ដូច​កំឡុង​ឆ្នាំ២០១៨នោះទេ ដោយសារតែ​ការចាកចេញ​របស់​ជន​ជាតិចិន កាលពី​ចុងឆ្នាំ២០១៩ ជាពិសេស​សម្ពាធ​នៃ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក ដែល​បណ្តាលមកពី​ការផ្ទុះ​ឡើង​នូវ​ជំងឺឆ្លង Covid-19 ប៉ុន្តែ​បើ​និយាយ​ពី​អនាគត អ្នក​ដែលមាន​លទ្ធភាព​គ្រប់គ្រាន់​គួរតែ​ត្រៀម​លុយ​ទិញ​ដី​ពី​បច្ចុប្បន្ន​ឱ្យ​ហើយ​ទៅ។

លោក​បាន​បន្តទៀតថា “តម្លៃ​ដីធ្លី​នៅ​កម្ពុជា ប្រៀបធៀប​ទៅនឹង​ប្រទេសផ្សេងៗទៀត​ក្នុង​អាស៊ាន​គឺ​នៅ​ខុសគ្នា​ឆ្ងាយ​ណាស់ ដូចជា ប្រទេស​ថៃ វៀតណាម សឹង្ហ​បុរី​និង​ម៉ាឡេស៊ី ដូច្នេះ​វា​ក៏​នៅតែ​ជា​ឱកាស​សម្រាប់ វិនិយោគ​នៅក្នុង​វិស័យ​មួយ​នេះ ដែល​អាច​ទទួលបាន​ភា​គ​លាភ​ក្នុង​អត្រា​ខ្ពស់” ។ លោក​បន្តថា “ជាទូទៅ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ តម្លៃ​ដី​គឺមាន​ការកើនឡើង​ជាប់​ជាប្រចាំ ក្នុង​រង្វង់​ប្រមាណ១៥-២០ភាគរយ ឬ​នៅ​តំបន់​ខ្លះ​កើនឡើង​ខ្ពស់ជាង​នេះ ជាពិសេស​តំបន់​ដែលមាន​ការអភិវឌ្ឍន៍ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​វិស័យ​លំនៅដ្ឋាន​ផងដែរ” ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ Century21 Advance Property លោក​ឡុង គឹមសួគ៌ បាន​លើកឡើងថា ស្ថិតក្នុង​ស្ថានភាព​នេះ បើទោះជា​តម្លៃ​ទីផ្សារ​អចលនទ្រព្យ ក៏ដូចជា​វិស័យ​ដីធ្លី​មិនមាន​ការឡើង​ថ្លៃ ប៉ុន្តែ​វា​ក៏​មិន​ធ្លាក់ចុះ​នោះដែរ ហើយ​សម្រាប់​អ្នក​ដែលមាន​ធនធាន និង​លំហូរ​សាច់ប្រាក់​គ្រប់គ្រាន់ អាចមាន​ឱកាស​ច្រើន​ក្នុង​ការទិញ​ទុក និង​លក់​បន្ត​យកចំណេញ​ក្រោ​ពេល​វិបត្តិ នៃ​ជំងឺ​សាកល​មួយ​នេះ ត្រូវបាន​ផុតរលត់ ជាពិសេស​នៅតាម​តំបន់សំខាន់ៗ ដែល​ស្ថិតនៅ​ជាយ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ដែលមាន​សក្ដានុពល​មួយចំនួន។

លោក​បន្តថា “តំបន់​ណា​ដែលមាន​គម្រោង​អភិវឌ្ឍន៍​កាន់តែច្រើន និង​មាន​ល្បឿន​លឿន សន្ទុះ​នៃ​ការឡើង​ថ្លៃ​គឺ​កាន់តែ​ខ្ពស់ ដូច្នេះ​សម្រាប់​អ្នក​ដែលមាន​លុយ ហើយ​ចង់​វិនិយោគ​នៅក្នុង​វិស័យនេះ” ។ លោក​បន្តថា “មុនពេល​សម្រេចចិត្ត ត្រូវ​សិក្សា​ទៅលើ​ស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​តំបន់ និង​ការសិក្សា​ពី​គម្រោង​អភិវឌ្ឍន៍​ឱ្យបាន​ច្បាស់លាស់ ទើប​មិន​ជួប​ហានិភ័យ​លើ​ការវិនិយោគ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here