ដោយ ប៊ី
ហ្សាការតាៈ ខណៈការលក់ផ្ទះនៅក្នុងប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេរំពឹងថានឹងមានការធ្លាក់ចុះនៅឆ្នាំនេះ ដោយសារជំងឺរាតត្បាត អ្នកទិញលំនៅដ្ឋានមួយចំនួនកំពុងពន្យារពេលការទិញ និងគ្រោងនឹងទិញលំនៅដ្ឋាននៅឆ្នាំក្រោយ។ នេះបើយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនផ្តល់ប្រឹក្សាទីផ្សារ MarkPlus Inc ដែលមានមូលដ្ឋាននៅទីក្រុង ហ្សាការតា។

-->
ក្រុមហ៊ុន MarkPlus ដែលបានស្ទង់មតិលើអ្នកឆ្លើយសំណួរចំនួន១០០នាក់ ដែលរស់នៅភាគច្រើននៅហ្សាការតាបានរកឃើញថា អតិថិជនកំពុងសន្សំប្រាក់របស់ពួកគេដើម្បីរក្សាស្ថេរភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ចំពេលមានជំងឺរាតត្បាតCovid-19 ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់ប្រទេសនេះ។
ទោះជាយ៉ាងណាក៏ដោយ ចំនួនពាក់កណ្តាលនៃអ្នកឆ្លើយតប ដែលបានស្ទង់មតិ នៅតែរំពឹងថា នឹងទិញផ្ទះនៅឆ្នាំក្រោយ។
កាលពីសប្តាហ៍មុន សហការីជាន់ខ្ពស់ក្រុមហ៊ុនខាងលើ លោក Irfan Setiawan បាននិយាយថា “តម្រូវការនាពេលអនាគត ប្រហែលជាមិនខ្លាំងទេ ប៉ុន្តែយើងរំពឹងថាតម្រូវការនឹងកើនឡើងវិញនៅឆ្នាំក្រោយ ដោយសារអតិថិជនមានគម្រោងទិញផ្ទះមួយរួចទៅហើយ” ។
លោកIrfan បានមានប្រសាសន៍ថា ដើម្បីរំពឹងពីការងើបឡើងវិញនេះ លោករំពឹងថា ស្ថានភាពបច្ចុប្បន្ននឹងមានផលប៉ះពាល់ សម្រាប់យុទ្ធសាស្ត្រកំណត់តម្លៃ សម្រាប់អ្នកលក់ និងអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន។
ការស្ទង់មតិថ្មីមួយទៀត ធ្វើឡើងដោយធនាគារកណ្តាលឥណ្ឌូនេស៊ីបានឱ្យដឹងថា បច្ចុប្បន្នការលក់ផ្ទះតូចៗ មធ្យម និងធំបានធ្លាក់ចុះ៤៣,១៩ភាគរយ ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំនេះដោយសារជំងឺរាតត្បាតរាលដាល។
ទោះយ៉ាងណា ការស្ទង់មតិរបស់ក្រុមហ៊ុន MarkPlus បានឱ្យដឹងថា អតិថិជន១០ ភាគរយ នៅតែកំពុងស្វែងរកទិញផ្ទះ អំឡុងពេលមានជំងឺរាតត្បាត ទោះបីជាមានវិបត្តិសេដ្ឋកិច្ចក៏ដោយ។
ស្រដៀងគ្នានេះដែរការស្ទង់មតិដោយក្រុមហ៊ុន 99.co និង rumah123.com បានរកឃើញថា ៧៦ភាគរយនៃអ្នកឆ្លើយតបដែលត្រូវបានស្ទង់មតិ នៅតែស្វែងរកអចលនទ្រព្យសម្រាប់រស់នៅក្នុងឆ្នាំនេះ។
លោក Ming H Chong នាយកប្រតិបត្តិក្រុមហ៊ុន 99.co បាននិយាយថា “ឥឡូវនេះ អតិថិជនកំពុងស្វែងរកនិងរុករក [សម្រាប់គេហដ្ឋាន] តាមអ៊ិនធរណេត។ ពួកគេក៏ងាយស្រួលជាងមុនដែរ” ៕