ការសិក្សា៖ ទីផ្សារ​លំនៅដ្ឋាន​នៅ​ឥណ្ឌូនេស៊ី​រំពឹងថា​នឹង​ងើប​ឡើងវិញ​នៅ​ឆ្នាំក្រោយ

0

ដោយ ប៊ី

ហ្សា​ការ​តាៈ ខណៈ​ការលក់​ផ្ទះ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ការធ្លាក់ចុះ​នៅ​ឆ្នាំនេះ ដោយសារ​ជំងឺ​រាតត្បាត អ្នកទិញ​លំនៅដ្ឋាន​មួយចំនួន​កំពុង​ពន្យារពេល​ការទិញ និង​គ្រោង​នឹង​ទិញ​លំនៅដ្ឋាន​នៅ​ឆ្នាំក្រោយ។ នេះ​បើ​យោងតាម​ការស្ទង់មតិរ​បស់​ក្រុមហ៊ុន​ផ្តល់​ប្រឹក្សា​ទីផ្សារ MarkPlus Inc ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង ហ្សា​ការ​តា។

ក្រុមហ៊ុន MarkPlus ដែល​បាន​ស្ទង់​មតិ​លើ​អ្នកឆ្លើយ​សំណួរ​ចំនួន១០០នាក់ ដែល​រស់នៅ​ភាគច្រើន​នៅ​ហ្សា​ការ​តា​បាន​រកឃើញថា អតិថិជន​កំពុង​សន្សំ​ប្រាក់​របស់​ពួកគេ​ដើម្បី​រក្សា​ស្ថេរភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន ចំពេល​មាន​ជំងឺ​រាតត្បាត​Covid-19 ដែល​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ។

ទោះជា​យ៉ាងណាក៏ដោយ ចំនួន​ពាក់កណ្តាល​នៃ​អ្នក​ឆ្លើយតប ដែល​បាន​ស្ទង់​មតិ នៅតែ​រំពឹងថា នឹង​ទិញ​ផ្ទះ​នៅ​ឆ្នាំក្រោយ។

កាលពី​សប្តាហ៍​មុន សហការី​ជាន់ខ្ពស់​ក្រុមហ៊ុន​ខាងលើ លោក Irfan Setiawan បាន​និយាយថា “តម្រូវការ​នាពេល​អនាគត ប្រហែលជា​មិន​ខ្លាំង​ទេ ប៉ុន្តែ​យើង​រំពឹងថា​តម្រូវការ​នឹង​កើន​ឡើងវិញ​នៅ​ឆ្នាំក្រោយ ដោយសារ​អតិថិជន​មាន​គម្រោង​ទិញ​ផ្ទះមួយ​រួចទៅហើយ” ។

លោក​Irfan បាន​មានប្រសាសន៍ថា ដើម្បី​រំពឹង​ពី​ការ​ងើបឡើង​វិញ​នេះ លោក​រំពឹងថា ស្ថានភាព​បច្ចុប្បន្ន​នឹងមាន​ផលប៉ះពាល់ សម្រាប់​យុទ្ធសាស្ត្រ​កំណត់​តម្លៃ សម្រាប់​អ្នកលក់ និង​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន។

ការស្ទង់មតិ​ថ្មី​មួយទៀត ធ្វើឡើង​ដោយ​ធនាគារកណ្តាល​ឥណ្ឌូនេស៊ី​បានឱ្យដឹងថា បច្ចុប្បន្ន​ការលក់​ផ្ទះតូចៗ មធ្យម និង​ធំ​បាន​ធ្លាក់ចុះ៤៣,១៩ភាគរយ ក្នុង​រយៈពេល ៣ខែ​ដំបូង​នៃ​ឆ្នាំនេះ​ដោយសារ​ជំងឺ​រាតត្បាត​រាលដាល។

ទោះយ៉ាងណា ការស្ទង់មតិ​របស់​ក្រុមហ៊ុន​ MarkPlus បានឱ្យដឹងថា អតិថិជន១០ ភាគរយ នៅតែ​កំពុង​ស្វែងរក​ទិញ​ផ្ទះ អំឡុងពេល​មាន​ជំងឺ​រាតត្បាត ទោះបី​ជាមាន​វិបត្តិ​សេដ្ឋកិច្ច​ក៏ដោយ។

ស្រដៀង​គ្នា​នេះដែរ​ការស្ទង់មតិ​ដោយ​ក្រុមហ៊ុន 99.co និង rumah123.com បាន​រកឃើញថា ៧៦ភាគរយ​នៃ​អ្នក​ឆ្លើយតប​ដែល​ត្រូវបាន​ស្ទង់​មតិ នៅតែ​ស្វែងរក​អចលនទ្រព្យ​សម្រាប់​រស់នៅក្នុង​ឆ្នាំនេះ។

លោក Ming H Chong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន 99.co បាន​និយាយថា “ឥឡូវនេះ អតិថិជន​កំពុង​ស្វែងរក​និង​រុករក [សម្រាប់​គេហដ្ឋាន] តាម​អ៊ិន​ធរ​ណេ​ត។ ពួកគេ​ក៏​ងាយស្រួល​ជាង​មុន​ដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here