ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងចាប់ផ្ដើមសិក្សា និងកំណតើប្លង់គោលសម្រាប់ប្រើប្រាស់ដី នៅតំបន់ឧទ្យានជាតិសំខាន់ៗចំនួន៤ បន្ថែមទៀត ដែលគេរំពឹងថា ការអភិវឌ្ឍន៍តាមប្លង់គោលនេះ នឹងក្លាយជាសមិទ្ធផលថ្មីនៃការអនុវត្តគោលនយោបាយជាតិ ស្តីពីការរៀបចំដែនដីនៃកម្ពុជា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។

-->
យោងតាមរបាយការណ៍ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចេញផ្សាយកាលពីខែឧសភា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ បានបង្ហាញថា តំបន់ឧទ្យានចំនួន៤ ខាងលើនេះរួមមាន ឧទ្យានជាតិព្រះសីហនុ (រាម) ឧទ្យានជាតិ ព្រះសុរាម្រិតកុសមៈ (គីរីរម្យ) ឧទ្យានជាតិកែប និងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម (គូលែន) ។
គម្រោងសិក្សា និងប្រើប្រាស់ប្លង់គោលរបស់ក្រុមការងារជំនាញ នៃក្រសួងរៀបចំដែនដី បានសិក្សាស្រាវជ្រាវឃើញថា ភូមិសាស្ត្រឧទ្យានជាតិទាំង៤នេះ មានសក្តានុពលខ្ពស់ ក្នុងការអភិវឌ្ឍទៅជាទីក្រុងទេសចរណ៍ដ៏ពិសិដ្ឋមួយ មានអាកាសធាតុត្រជាក់ ទេសភាពធម្មជាតិ តំបន់ភ្នំ និងសមុទ្រដ៏ល្អឯកគ្មានពីរ។
ផ្អែកតាមរបកគំហើញនៃការសិក្សាស្រាវជ្រាវនេះ និងដើម្បីបង្ហាញកិត្យានុភាពជាតិ តាមរយៈការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងរៀបចំដែនដី បានផ្តួចផ្តើមរក្សា និងរៀបចំប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ ក្នុងចក្ខុវិស័យឆ្នាំ២០៣៥ ។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានអំពាវនាវ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ អ្នកវិនិយោគ និងធុរជនជាតិ-អន្តរជាតិទាំងអស់ ពិនិត្យលទ្ធភាពចូលរួមវិនិយោគ គម្រោងអភិវឌ្ឍនៅតាមតំបន់ឧទ្យានជាតិនានា ក៏ដូចជាវិនិយោគនៅកម្ពុជាមានជាអាទិ៍ ការអភិវឌ្ឍទេសចរណ៍ លំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បរិស្ថាន សេដ្ឋកិច្ច និងសង្គម ដូចជាអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យជាដើម។

លោកបានបញ្ជាក់ថា “រាល់ការវិនិយោគទាំងអស់ខាងលើនេះ សុទ្ធសឹងជាដំណោះស្រាយដ៏មានប្រសិទ្ធភាព សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព មានបរិយាប័ន្ន មានភាពធន់ និងមានភាពប្រកួតប្រជែងក្នុងតំបន់ និងអន្តរជាតិ” ៕
