រដ្ឋាភិបាល​ជួល​កោះរ៉ុង​ឱ្យ​វិស័យ​ឯកជន​ធ្វើការ​អភិវឌ្ឍន៍

0

ដោយៈ វុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​ជួល​កោះរ៉ុង នៃ​ខេត្ត​ព្រះសីហនុ ឱ្យ​ក្រុមហ៊ុន​វិស័យ​ឯកជន​អភិវឌ្ឍន៍ ខណៈ​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​វិនិយោគ​បាន និង​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​សាងសង់​ជា​ប្រភេទ​នៃ​សណ្ឋាគារ​ផងដែរ។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ នៅក្នុង​ស​ន្និ​ស​ទី​សារព័ត៌មាន​ស្តីពី «វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ» នា​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន និង​កំពុង​សាងសង់​ផ្លូវ​នៅក្នុង​តំបន់​កោះរ៉ុង​នេះ តែ​យ៉ាងណាក៏ដោយ​តំបន់​នេះ​គ្មាន​ទឹកសាប​ប្រើប្រាស់ មានតែ​ទឹកប្រៃ  ហើយ​អ្វីដែល​ត្រូវការ​គឺ​ទឹកស្អាត​ប្រើប្រាស់ និង​អគ្គិសនី​សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​វិនិយោគ។

លោក​បន្តថា “ឥឡូវ​យើង​មិនទាន់មាន​ស្ថានីយ៍​ទឹកស្អាត​ទេ យើង​មិនទាន់មាន​អគ្គិសនី ឯ​ចំណែក​ផ្លូវថ្នល់​ក៏​មិនទាន់​ល្អ បើទោះបី​ភ្ញៀវទេសចរ​ទៅលេង​រាល់ថ្ងៃ​ក៏ដោយ ពួកគេ​មិនទាន់បាន​ទៅ​មើល​ការអភិវឌ្ឍ​ជារួម​នៅលើ​កោះ​នោះទេ។

លោក​បន្ថែមថា “ដូច្នេះហើយ យើង​កំពុង​ជំរុញ​ធ្វើ​យ៉ាងម៉េច​ឱ្យមាន​ទឹកស្អាត និង​អគ្គិសនី​ប្រើប្រាស់​ឱ្យបាន​គ្រប់គ្រាន់។ ម្យ៉ាងទៀត យើង​មិនអាច​ត​បណ្តាញ​ទុយោ​ទឹក ឬ​បណ្តាញ​អគ្គិសនី​ដោយ​អូស​កាត់​សមុទ្រ​នោះទេ ព្រោះ​មានការ​ចំណាយ​ច្រើនណាស់ យើង​ត្រូវតែមាន​ការវិនិយោគ​នៅ​ទីនោះ​តែម្តង” ។

លោក​អភិបាលខេត្ត​បញ្ជាក់ទៀតថា រហូត​ម​ដល់ពេលនេះ រាជ​រដ្ឋា​ភិ​បានឱ្យ​មានការ​វិនិយោគ​អគ្គិសនី តែ​យើង​មិនទាន់​បានបញ្ចប់​ការសិក្សា ពី​ផលប៉ះពាល់​ចប់​ចុង​ចប់​ដើម​នោះទេ  តែ​សម្រាប់​ទឹកស្អាត​វិញ គឺ​ប្រើប្រាស់​មិនទាន់មាន​ស្តង់ដារ ពោលគឺ​មិនទាន់មាន​ឡា​បូ​ពិនិត្យ។

លោក​អភិបាលខេត្ត​បញ្ជាក់ថា កន្លងមកនេះ​រាជរដ្ឋាភិបាល​បាន​បង្កើត ក្រុង​មួយ និង​សង្កាត់​ពីរ សម្រាប់​បំរើសេវា​ជូន​ដល់​ប្រជាពលរដ្ឋ ដែលមាន​ចំនួន១០០០ គ្រួសារ តែ​អ្វីដែល​សំខាន់​គឺ ការ​ង្កើ​ត​នេះ​ដើម្បី​បំរើសេវា និង​ការពារ​ដល់​ភ្ញៀវទេសចរ ដែល​ទៅលេង​កម្សាន្ត​នៅ​ទីនោះ។

រាជរដ្ឋាភិបាល​កម្ពុជា​កាលពីដើមឆ្នាំ២០១៩ បានចេញ​អនុក្រឹត្យ​លេខ០២ អនក្រ.បក ស្តីពី​ការបង្កើត​ក្រុង​កោះរ៉ុង នៃ​ខេត្ត​ព្រះសីហនុ ដោយ​កាត់​យក​សង្កាត់​ចំនួន២ គឺ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម នៃ​ខេត្ត​ព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here