រដ្ឋបាល​ខេត្តកំពត​គ្រោង​រៀបចំ​ផែនទី​កំណត់​តំបន់​សួន​កសិឧស្សាហកម្ម និង​អេកូ​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ការវិនិយោគ

0

ដោយៈ រ៉ា​ណេ​ត

កំ​ពតៈ រដ្ឋបាលខេត្ត និង​សភាពាណិជ្ជកម្ម​ខេត្តកំពត កំពុង​សិក្សា​រៀបចំ​គម្រោង​បង្កើត​ផែនទី​កំណត់​តំបន់​សួន​កសិឧស្សាហកម្ម និង​អេកូ​ទេសចរណ៍ ដើម្បី​ងាយស្រួល​ក្នុងការ​បង្ហាញ​ដល់​បណ្តា​វិនិយោគិន ក្នុង​គោលបំណង​បង្កើន​ភាព​ទាក់ទាញ​លើ​ការវិនិយោគ​នៅក្នុង​ខេត្ត។

លោក​ឧកញ៉ា ហាក់ សុ​វណ្ណា ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តកំពត-កែប បាន​មានប្រសាសន៍ថា នៅក្នុង​ឱកាស​ចូលជួប​ពិភាក្សា​ការងារ ជាមួយ​រដ្ឋបាល​ខេត្តកំពត នៅ​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ថា កន្លងមកនេះ មាន​វិនិយោគ​គិ​ន​ជាច្រើន បាន​ចាប់អារម្មណ៍​ខេត្តកំពត​ជាខ្លាំង ដោយឡែក​ក្នុង​ខេត្ត​មួយ​នេះ នៅ​មិនទាន់មាន​ផែនទី​កំណត់​សម្រាប់​អនុវត្ត​ជាក់លាក់​នៅឡើយ​ថា តំបន់​ណា​ជា​តំបន់កសិកម្ម តំបន់​ណា​ជា​តំបន់កសិឧស្សាហកម្ម ហើយ​តំបន់​ណា ជា​តំបន់​អេកូ​ទេសចរណ៍​តំបន់​ណា។

ដូចនេះ សភាពាណិជ្ជកម្ម​ខេត្ត បាន​ស្នើសុំ​ធ្វើការ​នេះ​ជាមួយ​រដ្ឋបាលខេត្ត និង​មន្ទីរជំនាញ ដើម្បី​ងាយស្រួល​នាពេល​ក្រោយ បង្ហាញ​ដល់​វិនិយោគ​គិ​ន។

ជាមួយគ្នានេះ លោក​ឧកញ៉ា ហាក់ សុ​វណ្ណា ក៏បាន​ជម្រាបជូន​អំពី​តួនាទី​របស់​សភាពាណិជ្ជកម្ម​ខេត្ត ទៅលើ​ការជួយ​សម្របសម្រួល ជាមួយ​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន សំដៅ​ធ្វើយ៉ាងណា​ឱ្យ​វិស័យ​ទាំង២នេះ មាន​សុខដុម​នីយកម្ម​ជាមួយគ្នា ជាពិសេស អាច​កៀរគរ​វិនិយោគិន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក មក​បណ្តាក់ទុន​វិនិយោគ​នៅក្នុង​ខេត្ត​ឱ្យបាន​កាន់តែច្រើន។

អភិបាល​ខេត្តកំពត លោក ជាវ តា​យ បាន​មានប្រសាសន៍ថា សភាពាណិជ្ជកម្ម​ខេត្តកំពត-កែប បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​រីកចម្រើន ពិសេស​ខេត្តកំពត  ហើយ​ពេល​បច្ចុប្បន្ននេះ ក្រៅពី​កំណើន​នៃ​ចំនួន​គម្រោង​វិនិយោគ​លើ​គ្រប់​វិស័យ កំណើន​ភ្ញៀវទេសចរ​ក្នុង​ខេត្ត ក៏បាន​កើន​ឡើងជា​បន្តបន្ទាប់​នៅតាម​តំបន់​អេកូ​ទេសចរណ៍ ដោយ​ក្នុងនោះ​ភ្ញៀវទេសចរ​ប្រមាណ៥២ភាគរយ បាន​ទៅលេង​នៅ​តំបន់​ទឹកឈូ។

លោក​បាន​បញ្ជាក់ថា ពាក់ព័ន្ធ​ទៅនឹង​គម្រោង​នៃ​ការបង្កើត​ផែនទី សម្រាប់​កំណត់​តំបន់​សួន​កសិក​ឧស្សាហកម្ម តំបន់​អេកូ​ទេសចរណ៍ ក៏ដូចជា​តំបន់កសិកម្ម​ជាដើម​នេះ តម្រូវ​មានការ​សិក្សា​ឱ្យបាន​លម្អិត ដើម្បី​ជៀសវាង​មាន​ផលប៉ះពាល់ផ្សេងៗ ដែល​អាច​កើតមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here