កំពង់ផែ​ទឹក​ជ្រៅ​លំដាប់​អន្តរជាតិ​ក្រុងព្រះសីហនុ នឹង​បង្កើន​លទ្ធភាព​កប៉ាល់​ចូល​ចត​រហូតដល់​ជម្រៅ១៨ម៉ែត្រ

0

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន កំពង់ផែ​អន្តរជាតិ​ទឹក​ជ្រៅ​នៅ​ក្រុងព្រះសីហនុ នឹង​បង្កើន​លទ្ធភាព​កាន់តែ​ធំ​ទូលាយ និង​មាន​ជម្រៅ​រហូតដល់១៨ម៉ែត្រ ដែល​អាច​ទទួល​ការចូល​ចត​នាវា​ដឹកជញ្ជូនធំៗ កំពុង​ចរាចរណ៍​នៅលើ​សមុទ្រ​អន្តរជាតិ​បាន​ប្រមាណ៩៧ភាគរយ។

បច្ចុប្បន្ននេះ កំពង់ផែ​ដែល​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក ក្នុង​ខេត្ត​ព្រះសីហនុ មាន​ចំនួន៣ រួមមាន កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កំពង់ផែ​ឧកញ៉ា​ម៉ុង និង​កំពង់ផែ​អន្តរជាតិ​ស្ទឹងហាវ ស្ថិតនៅ​ក្នុងស្រុក​ស្ទឹងហាវ។

អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្ត នៅ​ទីស្ដីការគណរដ្ឋមន្ត្រី នា​ដើម​សប្ដាហ៍​នេះ​ថា បច្ចុប្បន្ន​កំពង់ផែ​អន្តរជាតិ​ទឹក​ជ្រៅដែលកំពុងដំណើរការនៅ​ក្រុងព្រះសីហនុ​មាន​ជម្រៅ៨,៥ ម៉ែត្រ ប៉ុន្តែ​នៅក្នុង​ផែនការមេ​របស់​រាជរ​ដ្ឋា​ភិ​បាល នឹងធ្វើ​ការអភិវឌ្ឍ​ពង្រីក​វិសាលភាព​ឱ្យ​កាន់​ធំ​ទូលាយ​ជាង​នេះ។

លោក​បន្តទៀតថា “កំពង់ផែ​ទាំង៣នេះ គឺមាន​សារសំខាន់​ណាស់ ក្នុងការ​គាំទ្រ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក ដែល​នាំយក​ទំនិញ​នានា​ពី​កម្ពុជា ឆ្ពោះទៅកាន់​ទីផ្សារ​ប្រទេស​នានា ក៏ដូចជា​នាំយក​ទំនិញ​ពី​បណ្តា​ប្រទេស​ដទៃ មកកាន់​កម្ពុជា​ផងដែរ ដែល​ទាំងអស់នេះ​គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ​យ៉ាងសំខាន់” ។

លោក​អភិបាលខេត្ត​គួច ចំរើន​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀតថា ពេលនេះ​គម្រោងនៃការអភិវឌ្ឍ និង​ពង្រីក​វិសាលភាព​កំពង់ផែ​អន្តរជាតិ​ទឹក​ជ្រៅ គឺស្ថិតក្នុងការសិក្សា និងការដាក់ដេញថ្លៃក្នុងដំណាក់កាល​ទី១ ដែលមាន​ជម្រៅ​ត្រឹម១៤,៥ម៉ែត្រ ដែល​គ្រោងសាងសង់នៅត្រឹមពាក់កណ្តាលឆ្នាំ២០២១ និង​បញ្ចប់​នៅត្រឹម​ឆ្នាំ២០២៤ ជាមួយការចំណាយប្រមាណជាង២០០លានដុល្លារ។ សម្រាប់​ដំណាក់កាល​ទី២ និង​ទី៣នឹងត្រូវ​អនុវត្ត​ព្រម​គ្នា ដែល​អាច​ពង្រីក​វិសាលភាព​កាន់តែ​ធំ​ទូលាយ និង​មាន​ជម្រៅ​រហូតដល់១៨ម៉ែត្រ ហើយ​គម្រោង​នេះ​នឹងបញ្ចប់​ការសាងសង់​នៅឆ្នាំ២០២៨ ។

ជាមួយនឹង​រូបភាព​ថ្មី​ការអភិវឌ្ឍ​កំពង់ផែ​អន្តរជាតិ ទឹក​ជ្រៅ​ក្រុងព្រះសីហនុ ដែលមាន​ជម្រៅ​រហូតដល់១៨ម៉ែត្រ​នេះ អាចមាន​លទ្ធភាព​ទទួល​ការចូល​ចត​នាវា ដឹកទំនិញធំៗកំពុង​ចរាចរណ៍​នៅលើ​ផ្ទៃសមុទ្រ​អន្តរជាតិ បាន​រហូតដល់​ប្រមាណ៩៧ភាគរយ ដោយ​ការអភិវឌ្ឍ​ទាំងនេះ គឺ​ស្ថិតនៅក្រោម​ជំនួយ​ពី​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​រដ្ឋាភិបាល​ជ​ប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here