ដោយៈ រ៉ាណេត
ព្រះសីហនុៈ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន កំពង់ផែអន្តរជាតិទឹកជ្រៅនៅក្រុងព្រះសីហនុ នឹងបង្កើនលទ្ធភាពកាន់តែធំទូលាយ និងមានជម្រៅរហូតដល់១៨ម៉ែត្រ ដែលអាចទទួលការចូលចតនាវាដឹកជញ្ជូនធំៗ កំពុងចរាចរណ៍នៅលើសមុទ្រអន្តរជាតិបានប្រមាណ៩៧ភាគរយ។

-->
បច្ចុប្បន្ននេះ កំពង់ផែដែលបម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹក ក្នុងខេត្តព្រះសីហនុ មានចំនួន៣ រួមមាន កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែឧកញ៉ាម៉ុង និងកំពង់ផែអន្តរជាតិស្ទឹងហាវ ស្ថិតនៅក្នុងស្រុកស្ទឹងហាវ។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្ត នៅទីស្ដីការគណរដ្ឋមន្ត្រី នាដើមសប្ដាហ៍នេះថា បច្ចុប្បន្នកំពង់ផែអន្តរជាតិទឹកជ្រៅដែលកំពុងដំណើរការនៅក្រុងព្រះសីហនុមានជម្រៅ៨,៥ ម៉ែត្រ ប៉ុន្តែនៅក្នុងផែនការមេរបស់រាជរដ្ឋាភិបាល នឹងធ្វើការអភិវឌ្ឍពង្រីកវិសាលភាពឱ្យកាន់ធំទូលាយជាងនេះ។
លោកបន្តទៀតថា “កំពង់ផែទាំង៣នេះ គឺមានសារសំខាន់ណាស់ ក្នុងការគាំទ្រវិស័យដឹកជញ្ជូនតាមផ្លូវទឹក ដែលនាំយកទំនិញនានាពីកម្ពុជា ឆ្ពោះទៅកាន់ទីផ្សារប្រទេសនានា ក៏ដូចជានាំយកទំនិញពីបណ្តាប្រទេសដទៃ មកកាន់កម្ពុជាផងដែរ ដែលទាំងអស់នេះគឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិយ៉ាងសំខាន់” ។
លោកអភិបាលខេត្តគួច ចំរើនបានមានប្រសាសន៍ឲ្យដឹងទៀតថា ពេលនេះគម្រោងនៃការអភិវឌ្ឍ និងពង្រីកវិសាលភាពកំពង់ផែអន្តរជាតិទឹកជ្រៅ គឺស្ថិតក្នុងការសិក្សា និងការដាក់ដេញថ្លៃក្នុងដំណាក់កាលទី១ ដែលមានជម្រៅត្រឹម១៤,៥ម៉ែត្រ ដែលគ្រោងសាងសង់នៅត្រឹមពាក់កណ្តាលឆ្នាំ២០២១ និងបញ្ចប់នៅត្រឹមឆ្នាំ២០២៤ ជាមួយការចំណាយប្រមាណជាង២០០លានដុល្លារ។ សម្រាប់ដំណាក់កាលទី២ និងទី៣នឹងត្រូវអនុវត្តព្រមគ្នា ដែលអាចពង្រីកវិសាលភាពកាន់តែធំទូលាយ និងមានជម្រៅរហូតដល់១៨ម៉ែត្រ ហើយគម្រោងនេះនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៨ ។

ជាមួយនឹងរូបភាពថ្មីការអភិវឌ្ឍកំពង់ផែអន្តរជាតិ ទឹកជ្រៅក្រុងព្រះសីហនុ ដែលមានជម្រៅរហូតដល់១៨ម៉ែត្រនេះ អាចមានលទ្ធភាពទទួលការចូលចតនាវា ដឹកទំនិញធំៗកំពុងចរាចរណ៍នៅលើផ្ទៃសមុទ្រអន្តរជាតិ បានរហូតដល់ប្រមាណ៩៧ភាគរយ ដោយការអភិវឌ្ឍទាំងនេះ គឺស្ថិតនៅក្រោមជំនួយពីប្រទេសដៃគូអភិវឌ្ឍន៍រដ្ឋាភិបាលជប៉ុន៕