ដោយ វុត្ថា
ភ្នំពេញៈ គម្រោងផ្លូវជាតិលេខ៧ ដែលជាគម្រោងគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវទី២ (Road Asset Management) មានប្រវែងសរុប ១៦៤គីឡូម៉ែត្រ ដោយលើកកម្ពស់គុណភាពផ្លូវពី DBST ទៅជា AC ដែលចំណាយថវិកាសរុបប្រមាណ ៣៦ដុល្លារអាមេរិកបានសាងសង់រួចរាល់សម្រេចបានប្រមាណ ៨០%ហើយ។

-->
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកនៅក្នុងពិធីចុះត្រួតពិនិត្យគុណភាព និងលក្ខណៈបច្ចេកទេសសាងសង់ កំណាត់ផ្លូវជាតិលេខ៧ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២០កន្លងមកបានឱ្យដឹងថា គម្រោងនេះត្រូវបានបែងចែកជាបីការដ្ឋានធំៗ ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៨ខែ និងរយៈពេលថែទាំចំនួន៣៦ខែសាងសង់ដោយក្រុមហ៊ុនចិន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនកូរ៉េ ។
លោកទេសរដ្ឋមន្ត្រីបន្តថា “ក្រសួងនឹងមិនទាន់ចេញវិញ្ញាបនបត្រ បញ្ជាក់ឱ្យក្រុមហ៊ុនសាងសង់ឡើយ ដោយសារមានបញ្ហាបច្ចេកទេសមួយចំនួន ទាក់ទងនឹងការសាងសង់” ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធសហការគ្នា កែសម្រួលលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវអនុវត្តតាមកិច្ចសន្យា និងសៀវភៅបន្ទុកឱ្យបាន១០០% ។

លោកស៊ុន ចាន់ថុលបានបន្តថា បើផ្លូវនោះពិនិត្យ មិនមានគុណភាពស្របតាមលក្ខណៈបច្ចេកទេសទេ ក្រសួងនឹងមិនទទួលយកផ្លូវនោះឡើយ ព្រោះក្រសួងឈរលើគោលការណ៍ “សាងសង់ផ្លូវឱ្យមានគុណភាព រឹងមាំ ជាប់បានយូរអង្វែង” ហើយក្រសួងនឹងធ្វើការត្រួតពិនិត្យជាប្រចាំ តាមការដ្ឋានសាងសង់ទាំងអស់ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ន ក្រុមហ៊ុនម៉ៅការសាងសង់ កំពុងកែលម្អលក្ខណៈបច្ចេកទេស ត្រង់ចំណុចទាំងឡាយណា ដែលមិនសមស្របតាមលក្ខណៈបច្ចេកទេស នៅលើកំណាត់ផ្លូវនេះ៕