លោក​ស៊ុន ចាន់ថុល៖ គម្រោង​ផ្លូវជាតិ​លេខ៧ តម្លៃ​ជាង ៣៦លាន​ដុល្លារ​សម្រេចស្ថាបនា​បាន ៨០ភាគរយ​ហើយ

0

ដោយ ​វុត្ថា

ភ្នំពេញៈ គម្រោង​ផ្លូវជាតិ​លេខ៧ ដែលជា​គម្រោង​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ផ្លូវ​ទី២ (Road Asset Management) មាន​ប្រវែង​សរុប ១៦៤គីឡូម៉ែត្រ ដោយ​លើកកម្ពស់​គុណភាព​ផ្លូវ​ពី DBST ទៅជា AC ដែល​ចំណាយ​ថវិកា​សរុប​ប្រមាណ ៣៦ដុល្លារ​អាមេរិក​បាន​សាងសង់​រួចរាល់​សម្រេចបាន​ប្រមាណ ៨០%ហើយ។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​នៅក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​គុណភាព និង​លក្ខណៈ​បច្ចេកទេស​សាងសង់ កំណាត់​ផ្លូវជាតិ​លេខ៧ នៅ​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២០កន្លងមក​បានឱ្យដឹង​ថា គម្រោង​នេះ​ត្រូវបាន​បែងចែក​ជា​បី​ការដ្ឋានធំៗ ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន១៨ខែ និង​រយៈពេល​ថែទាំ​ចំនួន៣៦ខែ​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​កូរ៉េ ។

លោក​ទេសរដ្ឋមន្ត្រី​បន្តថា “ក្រសួង​នឹងមិន​ទាន់​ចេញ​វិញ្ញាបនបត្រ បញ្ជាក់​ឱ្យ​ក្រុមហ៊ុន​សាងសង់​ឡើយ ដោយសារ​មាន​បញ្ហា​បច្ចេកទេស​មួយចំនួន ទាក់ទង​នឹង​ការសាងសង់” ។

ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​សហការគ្នា កែសម្រួល​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​ត្រូវអនុវត្ត​តាម​កិច្ចសន្យា និង​សៀវភៅ​បន្ទុក​ឱ្យបាន១០០% ។

លោក​ស៊ុន ចាន់ថុល​បាន​បន្តថា បើ​ផ្លូវ​នោះ​ពិនិត្យ មិនមាន​គុណភាព​ស្រប​តាម​លក្ខណៈ​បច្ចេកទេស​ទេ ក្រសួង​នឹងមិន​ទទួលយក​ផ្លូវ​នោះឡើយ ព្រោះ​ក្រសួង​ឈរលើ​គោលការណ៍ “សាងសង់​ផ្លូវ​ឱ្យមាន​គុណភាព រឹងមាំ ជាប់​បានយូរ​អង្វែង” ហើយ​ក្រសួង​នឹងធ្វើ​ការត្រួតពិនិត្យ​ជាប្រចាំ តាម​ការដ្ឋាន​សាងសង់​ទាំងអស់ ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

បច្ចុប្បន្ន ក្រុមហ៊ុន​ម៉ៅការ​សាងសង់ កំពុង​កែលម្អ​លក្ខណៈ​បច្ចេកទេស ត្រង់ចំណុច​ទាំងឡាយណា ដែល​មិន​សម​ស្របតាម​លក្ខណៈ​បច្ចេកទេស នៅលើ​កំណាត់​ផ្លូវ​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here