ដោយ ៖ រ៉ាណេត
ភ្នំពេញៈ ផ្ទុយពីការលើកឡើងថាទីផ្សារអចលនទ្រព្យកម្ពុជា មានការធ្លាក់ចុះដោយសារវិបត្តិសេដ្ឋកិច្ចសាកល ដែលបណ្តាលមកពីជំងឺឆ្លង Covid-19 អ្នកជំនួញនៅក្នុងវិស័យមួយនេះបានអះអាងថា តម្លៃទីផ្សារមិនបានធ្លាក់ចុះនោះទេ ដែលជាឧបសគ្គសម្រាប់ការទិញទុកវិនិយោគបន្ត។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Show Up Real Estate លោក អ៊ិន ណាង បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះថា ទីផ្សារអចលនទ្រព្យកម្ពុជានៅពេលបច្ចុប្បន្ននេះ មិនធ្លាក់ចុះដូចការលើកឡើងរបស់មនុស្ស មួយចំនួនតូចនោះឡើយ ផ្ទុយទៅវិញតម្លៃទីផ្សារនៃវិស័យមួយនេះនៅតែបន្តរក្សាភាពល្អប្រសើរ។
-->
លោកបញ្ជាក់ថា “អ្នកដែលនិយាយថាតម្លៃទីផ្សារអចលនទ្រព្យធ្លាក់ចុះ ជាពិសេសតម្លៃដីធ្លី គឺភាគច្រើនពួកគាត់មិនស្ថិតក្នុងវិស័យនេះនោះទេ។ យើងទទួលស្គាល់ថា ការលក់ចេញពិបាកបន្ដិចនៅពេលនេះ ប៉ុន្តែតម្លៃមិនធ្លាក់ចុះនោះទេ” ។ លោកបន្ថែមថា “ពេលនេះ អ្នកជំនួញដីធ្លីកំពុងស្វែងរកទិញដីដែលមានទីតាំងល្អៗ ក្នុងតម្លៃល្អ ឬទាបជាងទីផ្សារដែលអាចមានឱកាសចំណេញក្នុងការវិនិយោគបន្ត។
លោកបន្តថា “ខ្ញុំនៅតែអះអាងថា តម្លៃដីគឺស្ថិតក្នុងកម្រិតខ្ពស់ដូចឆ្នាំកន្លងទៅដដែល អ្នកលក់ចង់លក់ចេញឱ្យបានឆាប់ ប៉ុន្តែដាក់តម្លៃខ្ពស់ ហើយសម្រាប់អ្នកដែលនិយាយថាពិបាកលក់ចេញទោះជាក្នុងតម្លៃទាបជាងទីផ្សារ អាចទាក់ទងមកខ្ញុំបានគ្រប់ពេល ខ្ញុំរង់ចាំទិញជានិច្ចឱ្យតែតម្លៃទាបជាងទីផ្សារ” ។
ស្រដៀងគ្នានេះ នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រីតាំង ហួរ បានមានប្រសាសន៍ថា មិនថាទោះជាដីនៅក្នុងក្រុង នៅតំបន់ជាយក្រុង ឬតាមបណ្តាខេត្តនានា នៅតែមានតម្លៃថ្លៃ លើកលែងតែខេត្តព្រះសីហនុ ដែលទីផ្សារដីធ្លីបានធ្លាក់ចុះបន្តិច ប៉ុន្តែបើប្រៀបធៀបតម្លៃទីផ្សារគឺនៅតែខ្ពស់ដដែល។

លោកស្រីបានបន្តថា “ខ្ញុំមានភ្ញៀវច្រើនដែលកំពុងស្វែងទិញដី ដែលមានទីតាំងល្អទុកវិនិយោគ ប៉ុន្តែពិបាកទិញបន្តិច ដោយសារតែពាក់ព័ន្ធទៅនឹងតម្លៃខ្ពស់។ លោកស្រីបន្តថា “សម្រាប់អ្នកទិញដីសម្រាប់សង់លំនៅដ្ឋានលក្ខណៈឯកជន គឺមិនពិបាកទិញនោះទេ ប៉ុន្តែសម្រាប់ការទិញទុកវិនិយោគបន្តយកចំណេញហាក់ពិបាក។ ដីដែលអាចទិញទុកលក់ចំណេញ ទាល់តែតម្លៃទាបជាងទីផ្សារទើបមានឱកាសច្រើន” ៕