អ្នកជំនួញ​អចលនទ្រព្យ​ថា​ម្ចាស់​ដី​មិន​ព្រម​ចុះថ្លៃ ទោះបី​កំពុង​ស្ថិតក្នុង​វិបត្តិ​សេដ្ឋកិច្ច

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញៈ ផ្ទុយ​ពី​ការ​លើកឡើងថា​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា មានការ​ធ្លាក់ចុះ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​សាកល ដែល​បណ្តាលមកពី​ជំងឺឆ្លង Covid-19 អ្នកជំនួញ​នៅក្នុង​វិស័យ​មួយ​នេះ​បាន​អះអាងថា តម្លៃ​ទីផ្សារ​មិនបាន​ធ្លាក់ចុះ​នោះទេ ដែលជា​ឧបសគ្គ​សម្រាប់​ការទិញ​ទុក​វិនិយោគ​បន្ត។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Show Up Real Estate លោក អ៊ិន ណា​ង បាន​មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ​ថា ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​នៅពេល​បច្ចុប្បន្ននេះ មិន​ធ្លាក់ចុះ​ដូច​ការលើកឡើង​របស់​មនុស្ស មួយចំនួន​តូច​នោះឡើយ ផ្ទុយទៅវិញ​តម្លៃ​ទីផ្សារ​នៃ​វិស័យ​មួយ​នេះ​នៅតែ​បន្ត​រក្សា​ភាពល្អប្រសើរ។

លោក​បញ្ជាក់ថា “អ្នក​ដែល​និយាយថា​តម្លៃ​ទីផ្សារ​អចលនទ្រព្យ​ធ្លាក់ចុះ ជាពិសេស​តម្លៃ​ដីធ្លី គឺ​ភាគច្រើន​ពួកគាត់​មិន​ស្ថិតក្នុង​វិស័យនេះ​នោះទេ។ យើង​ទទួលស្គាល់ថា ការលក់​ចេញ​ពិបាក​បន្ដិច​នៅពេលនេះ ប៉ុន្តែ​តម្លៃ​មិន​ធ្លាក់ចុះ​នោះទេ” ។ លោក​បន្ថែមថា “ពេលនេះ អ្នកជំនួញ​ដីធ្លី​កំពុង​ស្វែងរក​ទិញ​ដី​ដែលមាន​ទីតាំងល្អៗ ក្នុងតម្លៃ​ល្អ ឬ​ទាប​ជាង​ទីផ្សារ​ដែល​អាច​មានឱកាស​ចំណេញ​ក្នុងការ​វិនិយោគ​បន្ត។

លោក​បន្តថា “ខ្ញុំ​នៅតែ​អះអាងថា តម្លៃ​ដី​គឺ​ស្ថិតក្នុង​កម្រិត​ខ្ពស់​ដូច​ឆ្នាំ​កន្លងទៅ​ដដែល អ្នកលក់​ចង់​លក់​ចេញ​ឱ្យបាន​ឆាប់ ប៉ុន្តែ​ដាក់​តម្លៃ​ខ្ពស់ ហើយ​សម្រាប់​អ្នក​ដែល​និយាយថា​ពិបាក​លក់​ចេញ​ទោះជា​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ អាចទាក់ទង​មក​ខ្ញុំ​បាន​គ្រប់ពេល ខ្ញុំ​រង់ចាំ​ទិញ​ជានិច្ច​ឱ្យតែ​តម្លៃ​ទាប​ជាង​ទីផ្សារ” ។

ស្រដៀង​គ្នា​នេះ នាយិកា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ AMATAK Property Service លោកស្រី​តាំង ហួរ បាន​មានប្រសាសន៍ថា មិន​ថា​ទោះជា​ដី​នៅក្នុង​ក្រុង នៅ​តំបន់​ជាយក្រុង ឬ​តាម​បណ្តា​ខេត្ត​នានា នៅតែមាន​តម្លៃ​ថ្លៃ លើកលែងតែ​ខេត្ត​ព្រះសីហនុ ដែល​ទីផ្សារ​ដីធ្លី​បាន​ធ្លាក់ចុះ​បន្តិច ប៉ុន្តែ​បើ​ប្រៀបធៀប​តម្លៃ​ទីផ្សារ​គឺ​នៅតែ​ខ្ពស់​ដដែល។

លោកស្រី​បាន​បន្តថា “ខ្ញុំ​មាន​ភ្ញៀវ​ច្រើន​ដែល​កំពុង​ស្វែង​ទិញ​ដី ដែលមាន​ទីតាំង​ល្អ​ទុក​វិនិយោគ ប៉ុន្តែ​ពិបាក​ទិញ​បន្តិច ដោយសារតែ​ពាក់ព័ន្ធ​ទៅនឹង​តម្លៃ​ខ្ពស់។ លោកស្រី​បន្តថា “សម្រាប់​អ្នកទិញ​ដី​សម្រាប់​សង់​លំនៅដ្ឋាន​លក្ខណៈ​ឯកជន គឺ​មិន​ពិបាក​ទិញ​នោះទេ ប៉ុន្តែ​សម្រាប់​ការទិញ​ទុក​វិនិយោគ​បន្ត​យកចំណេញ​ហាក់​ពិបាក។ ដី​ដែល​អាច​ទិញ​ទុក​លក់​ចំណេញ ទាល់តែ​តម្លៃ​ទាប​ជាង​ទីផ្សារ​ទើប​មានឱកាស​ច្រើន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here