ដោយ វុត្ថា
ភ្នំពេញៈ អ្នកជំនាញបានមើលឃើញសញ្ញាវិជ្ជាមាន នៃចរន្តនៃការទិញ-លក់ក្នុងវិស័យអចលនទ្រព្យក្នុងស្រុក ហាក់មានសន្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីមានភាពស្ងប់ស្ងាត់ និងធ្លាក់ចុះនៃទីផ្សារដែលបណ្តាលមកពីវិបត្តិនៃជំងឺ Covcid-19 កាលពីពេលកន្លងមក។

-->
លោកស្រីតាំង ហួរ នាយិកាក្រុមហ៊ុន Amatak Property Service បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០កន្លងមកបានឱ្យដឹថា ពេលនេះ ចរន្តនៃការទិញ-លក់វិស័យអចលនទ្រព្យនៅក្នុងស្រុក ចាប់ផ្តើមមានសកម្មភាពឡើងវិញ ដែលជាសញ្ញាមួយបង្ហាញពីភាពវិជ្ជមាន និងឈានទៅរកភាពល្អប្រសើរឡើងវិញជាបណ្តើរ។
លោកស្រីបន្តថា “កាលពីប៉ុន្មានខែមុននៃឆ្នាំនេះ ហាក់មានសភាពស្ងប់ស្ងាត់ ប៉ុន្តែពេលនេះស្ថានភាពល្អប្រសើរ បានចាប់ផ្តើមបន្តិចម្ដងៗឡើងវិញ ជាមួយនឹងសកម្មភាពទិញលក់អចលនទ្រព្យ ដែលមានតម្លៃមធ្យម បន្ទាប់កម្ពុជាមានស្ថានភាពធូស្រាលនៃជំងឺកូវីដ១៩កាន់តែប្រសើរ” ។
លោកនី ទីណាត នាយកក្រុមហ៊ុន Basac Realty បានឱ្យដឹងដែរថា ចរន្ត និងតម្រូវការនៃការទិញ-លក់ជាប្រភេទដី សម្រាប់សាងសង់លំនៅដ្ឋាន និងលំនៅដ្ឋានសម្រាប់ស្នាក់នៅ ជាពិសេសចំពោះលំនៅដ្ឋានតម្លៃសមរម្យ ដែលក្រោម ១០ម៉ឺនដុល្លារ ឬលើស១០ជាងបន្តិចបន្តួចនៅតែមានតម្រូវការ។

លោកបន្តថា “ដោយឡែកសម្រាប់វិស័យដីធ្លី ភាគច្រើនគឺមាននៅតាមជាយក្រុងសម្រាប់អភិវឌ្ឍលំនៅដ្ឋាន ដែលសុទ្ធតែជាតម្រូវការទីផ្សារក្នុងស្រុកដូចគ្នា ប៉ុន្តែសម្រាប់គម្រោងធំៗនៃទីផ្សារមកពីក្រៅស្រុកគឺនៅមិនទាន់មាននោះទេ” ។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលវត្ថុកម្ពុជា បានឱ្យដឹងដែរថា កំណើនវិស័យអចលនទ្រព្យ នៅតែមានសារៈសំខាន់ ដើម្បីឆ្លើយតបទៅនឹងការផ្គត់ផ្គង់ ដល់កំណើនប្រជាពលរដ្ឋនខ្មែរ និងបណ្តាជនជាតិបរទេស ដែលជំរុញឱ្យមានចរន្តនៃការទិញ-លក់មានការងើបឡើងវិញ ខណៈ ទីក្រុងភ្នំពេញបាន និងកំពុងពង្រីវិសាលភាពរបស់ខ្លួន ។

លោកបន្ថែមទៀថា “កំណើនទាំងអស់នេះ បាននឹងកំពុងរុញច្រានដល់ការផ្គត់ផ្គត់លំនៅឋាន ហើយកំណើននេះ នៅតែបន្តរីកចំរើនបន្ថែមទៀត និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំរើដល់ការផ្គត់ផ្គង់ និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាប្រកបដោយចីរភាព” ។
លោកច្រឹក សុខនីមបានបន្តគូសបញ្ជាក់ថា បើទោះបីស្ថិតនៅក្នុងបញ្ហាប្រឈមខ្លះក៏ដោយ ប៉ុន្តែគម្រោងលំនៅឋានដែលបានសាងសង់រួចរាល់ ត្រូវបានដាក់ចូលទៅក្នុងទីផ្សារ ហើយលក់អស់ពីស្តុក ជាមួយគ្នានេះ កំណើននេះនៅតែបន្តមានឥទ្ធិពល និងសក្តានុពល ស្របពេលដែលតម្លៃវិញ ក៏នៅមានស្ថានភាពធូថ្លៃនៅឡើយ បើធៀបទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់។
លោកបន្តថា “វិស័យនេះនៅតែមានស្ថេរភាព និងអភិវឌ្ឍន៍ឆ្ពោះទៅមុខបន្ថែមទៀត” ៕