ដោយៈ វុត្ថា
ភ្នំពេញៈ វិស័យអចលនទ្រព្យ នៅក្នុងខេត្តព្រះសីហនុ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានសន្ទុះរីកចំរើនយ៉ាងខ្លាំង ដោយសារមានការចូលរួមវិនិយោគពីវិនិយោគិនចិនទៅលើវិស័យសណ្ឋាគារ ផ្ទះសំណាក់ ខុនដូរ ភោជនីយដ្ឋាន និងផ្សារទំនើបផងដែរ ហើយនឹងបន្តមានការរីកចំរើនបន្ថែមទៀតបន្ទាប់ហេដ្ឋារចនាសម្ព័ន្ធទូទាំងក្រុងត្រូវបានបញ្ចប់ការសាងសង់រួចរាល់។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២០កន្លងមកថា វិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ នៅតែមានសន្ទុះរីកចំរើនបន្ថែមទៀតបន្ទាប់មានហេដ្ឋរចនាសម្ព័ន្ធល្អ បង្កើនការទាក់ទាញវិនិយោគ និងទេសចរណ៍ ។
-->
លោកបន្តថា ចាប់តាំងពីដើមឆ្នាំ២០២០ កម្ពុជាជួបវិបត្តិជំងឺ Covid-19 ធ្វើឱ្យខេត្តព្រះសីហនុ មានស្ថានភាពធ្លាក់ចុះ ទៅលើវិនិយោគវិស័យអចលនទ្រព្យ តែបន្ទាប់រដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ខេត្ត ជាខេត្តសេដ្ឋកិច្ចគំរូ និងចំណាយថវិកាប្រមាណ៣០០លានដុល្លារ ក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងក្រុង និងការរៀបចំឆ្នេរធ្វើឱ្យមានភាពទាក់ទាញបន្ថែមទៀត ។
លោកបន្តថា “ការរៀបចំបែបនេះ គឺឱ្យមានចំណាប់អារម្មណ៍ពីទេសចរឱ្យមកលេងនៅក្នុងខេត្តមួយនេះ កាន់តែច្រើនថែមទៀត ដើម្បីជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងស្រុក។ លោកបន្តថា “ម្យ៉ាងទៀតខេត្តព្រះសីហនុ បើធៀបទៅនឹងប្រទេសនៅក្នុងតំបន់អាស៊ី គឺដូចទៅនឹងទីក្រុងហុងកុងកាលពី៣ឆ្នាំមុន ដែលទទួលបាននូវការវិនិយោគធំៗពីប្រទេសចិន និងមកពីបណ្តាប្រទេសធំៗផ្សេងទៀតផងដែរ” ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ខេត្តព្រះសីហនុ ជាខេត្តដែលមានវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់រាជរដ្ឋាភិបាល។

លោកបន្តថា សក្តានុពលនៅក្នុខេត្តជាប់តំបន់ឆ្នេរមួយនេះ រួមមាន កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេសចំនួន១០ ទីតាំង (៤កំពុងដំណើរការ និង៦ត្រៀមដំណើការ) អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតដែលត្រូវបានប្រសិទ្ធនាមជា “តារារៈនាទិសនិរតី” ។
លោកបន្ថែមថា ការស្ថាបនាផ្លូវក្រុងចំនួន៣៤ខ្សែ មានប្រវែងសរុប៨២.៥០៥គីឡូ ម៉ែត្រក្នុងខេត្តព្រះសីហនុ រហូតមកដល់បច្ចុប្បន្នសម្រេចបានប្រមាណ៩៤ភាគរយ ដោយមិនគិតបញ្ចូលការងារអ៊ុតកៅស៊ូ គំនូសសញ្ញាចរាចរណ៍ ដាំដើមឈើ បំពាក់កាមេរ៉ាសុវត្ថិភាព បង្គោលភ្លើងស្តុបចរាចរណ៍ បង្គោលភ្លើងបំភ្លឺផ្លូវ និងការរៀបកម្រាលថ្មក្រានីតនោះឡើយ។

លោកគួច ចំរើនបានបញ្ជាក់ថា ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ ពិតជាបានចូលរួមចំណែកដ៏ធំធេង ក្នុងការសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ សំដៅអភិវឌ្ឍន៍ជាប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មជ្ឈមណ្ឌលកំណើនជាតិ និងមជ្ឈមណ្ឌលភស្តុភារកម្មជាតិ តាមរយៈការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងការធ្វើសមាហរណកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា។
របាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញថា គម្រោងវិនិយោគដែលទទួលបានការលើកទឹកចិត្ត និងកំពុងដំណើរការ មានចំនួន១៩៤ គម្រោង និងមានទុនវិនិយោគសរុបជាង៣០លានដុល្លាអាមេរិក។ ដោយឡែកគិតចាប់ពីឆ្នាំ២០១៧ រហូតដល់ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ រដ្ឋបាលខេត្តបានបានលិខិតអនុញ្ញាតមានចំនួន១ ៣៥៥ គម្រោង នៅលើផ្ទៃក្រឡាសំណង់សរុបជាង១៣ លានម៉ែត្រការ៉េ មានទុនវិនិយោគសរុបជាង៧ពាន់លានដុល្លារ។

សំណង់អាគារខ្ពស់ៗនៅទូទាំងខេត្ត មានកម្ពស់ចាប់ពី ៥ ដល់៥៣ជាន់ គិតចាប់ពីឆ្នាំ២០០៥ – ២០២០ ត្រឹមខែឧសភា មានចំនួន៥២៩ គម្រោង៕