អ្នកជំនាញ៖ ទីផ្សារ​ចលនទ្រព្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ​នឹងមាន​សន្ទុះ​ឡើងវិញ​ក្រោយ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធធំៗបញ្ចប់

0

ដោយៈ វុត្ថា

ភ្នំពេញៈ វិស័យ​អចលនទ្រព្យ នៅក្នុង​ខេត្ត​ព្រះសីហនុ  ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​សន្ទុះ​រីកចំរើន​យ៉ាងខ្លាំង ដោយសារ​មានការ​ចូលរួម​វិនិយោគ​ពី​វិនិយោគិន​ចិន​ទៅលើ​វិស័យ​សណ្ឋាគារ ផ្ទះសំណាក់ ខុន​ដូរ ភោជនីយដ្ឋាន និង​ផ្សារ​ទំនើប​ផងដែរ ហើយនឹង​បន្ត​មានការ​រីកចំរើន​បន្ថែ​ម​ទៀត​បន្ទាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាំង​ក្រុង​ត្រូវបាន​បញ្ចប់​ការសាងសង់​រួចរាល់។


លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ប្រាប់​គេហទំព័រ propertyarea.asia នៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២០កន្លងមក​ថា វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ នៅតែមាន​សន្ទុះ​រីកចំរើន​បន្ថែមទៀត​ប​ន្ទា​ប់​មាន​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ល្អ បង្កើន​ការទាក់ទាញ​វិនិយោគ និង​ទេសចរណ៍ ។

លោក​បន្តថា ចាប់តាំងពី​ដើមឆ្នាំ២០២០ កម្ពុជា​ជួប​វិបត្តិ​ជំងឺ Covid-19 ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ មាន​ស្ថានភាព​ធ្លាក់ចុះ ទៅលើ​វិនិយោគ​វិស័យ​អចលនទ្រព្យ តែ​បន្ទាប់​រដ្ឋាភិបាល​ដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ខេត្ត ជា​ខេត្ត​សេដ្ឋកិច្ច​គំរូ និង​ចំណាយ​ថវិកា​ប្រមាណ៣០០លាន​ដុល្លារ ក្នុងការ​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុង​ក្រុង និង​ការរៀបចំ​ឆ្នេរ​ធ្វើឱ្យមាន​ភាព​ទាក់ទាញ​បន្ថែមទៀត ។

លោក​បន្តថា “ការរៀបចំ​បែបនេះ គឺ​ឱ្យមាន​ចំណាប់អារម្មណ៍​ពី​ទេសចរ​ឱ្យមក​លេង​នៅក្នុង​ខេត្ត​មួយ​នេះ កាន់តែច្រើន​ថែមទៀត ដើម្បី​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច​នៅក្នុង​ស្រុក។ លោក​បន្តថា “ម្យ៉ាងទៀត​ខេត្ត​ព្រះសីហនុ បើ​ធៀប​ទៅនឹង​ប្រទេស​នៅក្នុង​តំបន់​អាស៊ី គឺ​ដូច​ទៅនឹង​ទីក្រុង​ហុងកុង​កាលពី៣ឆ្នាំមុន ដែល​ទទួលបាន​នូវ​ការវិនិយោគធំៗពី​ប្រទេស​ចិន និង​មកពី​បណ្តា​ប្រទេសធំៗផ្សេងទៀត​ផងដែរ” ។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ដែលមាន​វិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និង​កសិកម្ម ដែលជា​វិស័យ​អាទិភាព​សម្រាប់​ការអភិវឌ្ឍ​ខឿនសេដ្ឋកិច្ច​ជាតិ​របស់​រា​ជ​រដ្ឋាភិបាល។

លោក​បន្តថា សក្តានុពល​នៅ​ក្នុ​ខេត្ត​ជាប់​តំបន់ឆ្នេរ​មួយ​នេះ រួមមាន កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន១០ ទីតាំង (៤កំពុងដំណើរការ និង៦ត្រៀម​ដំណើការ) អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ជា “តារា​រៈនា​ទិសនិរតី” ។

លោក​បន្ថែមថា ការស្ថាបនា​ផ្លូវ​ក្រុង​ចំនួន៣៤ខ្សែ មាន​ប្រវែង​សរុប៨២.៥០៥គីឡូ ម៉ែត្រ​ក្នុង​ខេត្ត​ព្រះសីហនុ រហូតមកដល់​បច្ចុប្បន្ន​សម្រេចបាន​ប្រមាណ៩៤ភាគរយ ដោយ​មិន​គិត​បញ្ចូល​ការងារ​អ៊ុត​កៅស៊ូ គំនូស​សញ្ញា​ចរាចរណ៍ ដាំ​ដើមឈើ បំពាក់​កាមេរ៉ា​សុវត្ថិភាព បង្គោល​ភ្លើងស្តុប​ចរាចរណ៍ បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ និង​ការរៀប​កម្រាល​ថ្ម​ក្រា​នី​ត​នោះឡើយ។

លោក​គួច ចំរើន​បាន​បញ្ជាក់ថា  ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់នេះ ពិតជា​បាន​ចូលរួមចំណែក​ដ៏​ធំធេង ក្នុងការ​សម្រេច​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល ដែល​បានកំណត់ ក្នុង​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ចក្ខុវិស័យ​ឆ្នាំ២០៣០ សំដៅ​អភិវឌ្ឍន៍​ជា​ប៉ូល​អភិវឌ្ឍ​ជាតិ ប្រកបដោយ​ចីរភាព​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ឱ្យ​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង មជ្ឈមណ្ឌល​កំណើន​ជាតិ និង​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ជាតិ តាមរយៈ​ការអភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ និង​ការធ្វើសមាហរណកម្ម​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា។

របាយការណ៍​របស់រ​ដ្ឋ​បាល​ខេត្ត​ព្រះសីហនុ បាន​បង្ហាញថា  គម្រោង​វិនិយោគ​ដែល​ទទួលបាន​ការលើក​ទឹកចិត្ត និង​កំពុងដំណើរការ មាន​ចំនួន១៩៤ គម្រោង និង​មាន​ទុនវិនិយោគ​សរុប​ជាង៣០លាន​ដុល្លា​អាមេរិក។ ដោយឡែក​គិត​ចាប់ពី​ឆ្នាំ២០១៧ រហូតដល់​ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ រដ្ឋបាលខេត្ត​បាន​បាន​លិខិតអនុញ្ញាត​មាន​ចំនួន១ ៣៥៥ គម្រោង នៅលើ​ផ្ទៃក្រឡា​សំណង់​សរុប​ជាង១៣ លាន​ម៉ែត្រការ៉េ មាន​ទុនវិនិយោគ​សរុប​ជាង៧ពាន់​លាន​ដុល្លារ។

សំណង់​អាគារខ្ពស់ៗនៅ​ទូទាំង​ខេត្ត មាន​កម្ពស់​ចាប់ពី ៥ ដល់៥៣ជាន់ គិត​ចាប់ពី​ឆ្នាំ២០០៥ – ២០២០ ត្រឹម​ខែឧសភា មាន​ចំនួន៥២៩ គម្រោង៕

LEAVE A REPLY

Please enter your comment!
Please enter your name here