ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជានឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងវិនិយោគិនបរទេសកាន់តែច្រើនថែមទៀត ក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីកសាងរួចរាល់នៅឆ្នាំ២០២៣ខាងមុខនេះ។
នៅក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយបង្ហាញពីក្ដីរំពឹងប្រកបដោយភាពជឿជាក់ថា នឹងជួយបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជាបានកាន់តែប្រសើរ និងផ្តល់ទំនុកចិត្តដល់បណ្តាអ្នកវិនិយោគអន្តរជាតិបានកាន់តែច្រើន។
សម្តេចតេជោ បានមានប្រសាសន៍សង្កត់ធ្ងន់ថា បន្ទាប់ពីគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយនេះត្រូវបានបញ្ចប់ដាក់ឱ្យដំណើរជាផ្លូវការ ក្រៅពីអាចជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនតាមផ្លូវអាកាសទាំងក្នុង និងក្រៅស្រុក ថែមទាំងអាចមានលទ្ធភាពក្នុងការទាក់ទាញកំណើនទេសចរអន្តរជាតិ ជាពិសេសវិនិយោគិនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោកផងដែរ ខណៈដែលបច្ចុប្បន្នលទ្ធផលនៃការសាងសង់បានប្រមាណជាង៣០ភាគរយ។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានកោតសរសើរដល់គណៈកម្មការសាងសង់ដែលបានប្រឹងប្រែងសម្របសម្រួល ដោះស្រាយបញ្ហាផ្សេងៗ ដើម្បីសម្រួលដល់ការសាងសង់ព្រលានយន្តហោះថ្មីនេះ ហើយក៏ជាការរួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋដែលកំពុងជួបវិបត្តិការងារដោយសារជំងឺ Covid-19 ផងដែរ ហើយនេះក៏ជាគោលដៅមួយសំខាន់សម្រាប់ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងការបំពេញតម្រូវការ។
នៅក្នុងឱកាសជាមួយគ្នានេះ សម្តេចតេជោ ក៏បានបញ្ជាក់ថា ក្រោយពីការស្ថាបនាព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្ដាលនេះរួចរាល់ ព្រលានយន្តហោះចាស់ ពោធិ៍ចិនតុង គឺរក្សាទុកនៅដដែល តែអាចប្រែក្លាយគោលដៅប្រើប្រាស់ ដូចជា ទី១) ជាព្រលានយន្ត ហោះសម្រាប់កងទ័ព ទី២) ប្រើសម្រាប់ការហោះហើរផ្ទៃក្នុង ទី៣) ប្រើសម្រាប់ការដឹកជញ្ជូន ទំនិញគ្រប់ប្រភេទ និងទី៤ ប្រើសម្រាប់ភ្ញៀវ និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្លូវការ។
ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅព្រំប្រទល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ នេះគឺជាប្រភេទព្រលានយន្ដហោះ 4F ដែលអាចឱ្យយន្តហោះធំៗ ដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។ ព្រលានយន្តហោះថ្មីនេះ សាងសង់លើផ្ទៃដីទំហំ ប្រមាណ ២,៦០០ហិកតា ក្រោមការវិនិយោគដោយក្រុមហ៊ុន OCIC ក្នុងទំហំទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារអាម៉េរិក ។តាមរយៈវត្តមានព្រលានយន្តហោះអន្តរជាតិមួយនេះ អាចទទួលអ្នកដំណើរបានប្រមាណ១៣លាននាក់នៅឆ្នាំ២០៣០ ហើយអាចទទួលអ្នកដំណើរ៣០លាននាក់ នៅឆ្នាំ២០៥០ ៕