គម្រោង​ស្ថាបនា​ផ្លូវជាតិ ២៧០ ប្រវែង ៥៨គីឡូម៉ែត្រ​នឹង​បញ្ចប់​នៅ​ឆ្នាំ២០២១

0

ដោយ ៖ រ៉ា​ណេ​ត

កំពង់ចាមៈ គម្រោង​ស្ថាបនា​ផ្លូវជាតិ​លេខ២៧០ ដែលមាន​ប្រវែង៥៨គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ឃុំ​រកា​កោង​ស្រុក​មុខកំពូល ខេត្តកណ្តាល ទៅ​ស្រុក​កងមាស ខេត្តកំពង់ចាម ដែល​កំពុង​មមាញឹក​ក្នុងការ​ស្ថាបនា នឹងត្រូវ​បញ្ចប់​ឱ្យ​រួចរាល់​ក្នុង​ឆ្នាំ២០២១ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរណ៍ និង​ការដឹកជញ្ជូន។

អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់​ដា បានបញ្ជាក់​សាជាថ្មី​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០កន្លងមក​ថា បច្ចុប្បន្ន​ក្រុមការងារ​ជំនាញ​ថ្នាក់​ខេត្ត និង​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​កំពុងតែ​ជំរុញ និង​ព​ន្លឿ​ន​ការស្ថាបនា​ផ្លូវ​លេខ២៧០នេះ បន្ទាប់ពី​ផ្លូវ​មួយ​ខ្សែ​នេះ​មាន​សភាព​ខូចខាត​ធ្ងន់ធ្ងរ ដែល​បង្ក​ផល​លំបាក​ក្នុងការ​ធ្វើដំណើរ ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ទាំង​ការធ្វើ​ចរាចរណ៍ និង​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ។

លោក​បាន​បញ្ជាក់ថា “ក្រសួង​បានធ្វើ​ការប្ដេជ្ញា​ចិ​ត្ដ​ជាមួយ​ខេត្ដ​ថា នឹង​ស្ថាបន​ឱ្យ​រួច បើទោះបី​ទំហំ​ថវិកា​មានការ​ប៉ះពាល់​ដោយសារ Covid-19 យ៉ាង​ក៏ដោយ ប៉ុន្ដែ​កងវិស្វកម្ម​របស់​ក្រសួង​សាធារណ​ការធ្វើឱ្យ​រួច” ។ លោក​បន្តថា “នេះ​ជា​សំណួរដដែលៗរាប់​ឆ្នាំ​មកហើយ ដែល​យើង​កំពុង​ប៉ះពាល់​ថវិកា ហើយ​បើ​អត់​ថវិកា​ធ្វើ​ទេ​ក៏​ពិបាក​ដែរ ហើយ​អ្នកធ្វើ​ក៏ត្រូវ​ការ​ថវិកា​ជា​ទ្រង់ទ្រាយ​ធំ​ដែរ ដើម្បី​ធានា​គុណភាព” ។

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ដ​កំពង់ចាម លោក​សុខ ស្រ៊ុន បាន​បញ្ជាក់ថា កំណាត់​ផ្លូវ២៧០នេះ គឺមាន​ប្រវែង​ជាង៥៨គីឡូម៉ែត្រ ដោយបាន​សាងសង់​ជា​គ្រួស​កៅស៊ូ​បាន​ចំនួន ៤៨គីឡូម៉ែត្រ ហើយ​នៅសល់១២គីឡូ​ទៀត ត្រូវបាន​ផ្អាក​សាងសង់​មួយរយៈ​បន្ទាប់ពី​មានការ​ផ្ទុះ​ជំងឺ Covid-19 ។ ផ្លូវ​លេខ២៧០នេះ ជា​ផ្លូវ​ស្របតាម​មាត់ទន្លេ ត​ភ្ជាប់​ពី​ស្រុក​មុខកំពូល​ខេត្ដ​កណ្ដាល ទៅ​ស្រុក​កងមាស ខេត្ដ​កំពង់ចាម ហើយ​កំពុង​មានការ​មមាញឹក​ក្នុង​ការធ្វើ​ចរាចរណ៍ និង​ជា​ផ្លូវ​សេដ្ឋកិច្ច​យ៉ាងសំខាន់ សម្រាប់​ខេត្ត​ទាំង២នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here