ដោយ ចរិយា
ភ្នំពេញៈ ក្រោយពីបិទអាជីវកម្មអស់មួយរយៈ ដោយសារតែរងឥទ្ធិពលពីជំងឺកូវីដ១៩ សណ្ឋាគារ ផ្ទះសំណាក់ និងប៊ូទិកមួយចំនួនទៀត នៅតែមិនមានភ្ញៀវសម្រាកនិងលំហែនៅឡើយ ហើយម្ចាស់អាជីវកម្មមួយចំនួន ក៏សម្រេចប្តូរអាជីវកម្មពីសណ្ឋាគារ និងបូទិកទៅជាអាជីវកម្មផ្សេងជំនួសវិញ ដើម្បីរកចំណូលសម្រាប់ផ្គត់ផ្គង់បុគ្គលិក និងម្ចាស់អាជីវកម្មខ្លួនឯង។
លោកស្រីក្លេខៃ ចិន្ដាប្រធានសមាគមសណ្ឋាគារកម្ពុជា បានថ្លែងតាមទូរសព្ទអោយដឹងថា ទីតាំងសណ្ឋាគារ ផ្ទះសំណាក់ និងបូទិកមួយចំនួន បានកែប្រែអាជីវកម្មរបស់ខ្លួនទៅជាអាជីវកម្មផ្សេង ដែលមិនបម្រើអោយវិស័យទេសចរណ៍ ឬវិស័យដែលនៅតែរងផលប៉ះពាល់។
លោកស្រីបន្តថា “បើទោះបីជាបច្ចុប្បន្ននេះ ក្រសួងទេសចរណ៍បានជំរុញអោយពលរដ្ឋក្នុងស្រុកធ្វើដំណើរកម្សាន្ត និងសម្រាកនៅផ្ទះសំណាក់សណ្ឋាគារ និងប្រើប្រាស់សេវាកម្មទេសចរណ៍ផ្សេងៗក្ដី តែក៏វាមិនអាចធ្វើអោយអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ប៊ូទិកនៅទីតាំងមួយចំនួន ដែលរងផលប៉ះពាល់ដោយសារតែកូវីដ១៩ មិនទាន់ងើបឡើងវិញបានឡើយ។លោកស្រីបន្តថា “សណ្ឋាគារខ្លះផ្ដោតលើភ្ញៀវទេសចរក្រៅស្រុក ហើយសម្រាប់ភ្ញៀវទេសចរក្នុងស្រុកវិញ ក៏មិនបានប្រើប្រាស់សេវាកម្មទេសចរណ៍ អស់សក្ដានុពលដូចភ្ញៀវអន្តរជាតិឡើយ” ។
លោកស្រីបន្ថែមថា សម្រាប់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ក៏ដូចជាទីតាំងទេសចរណ៍ដទៃទៀត ដែលមិនប្រភពទុនគ្រប់គ្រាន់ ក៏បានប្រកាសលក់ទីតាំងនោះទីអ្នកទី២ ទី៣បន្ត ដើម្បីអោយអ្នកបន្តអាចកែប្រែជំនួសខ្លួនដែលមិនមានលទ្ធភាព។
លោកតុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជាបានថ្លែងថា ជាការពិតណាស់អាជីវកម្មមួយចំនួន ដែលប៉ះពាល់ដោយសារកូវីដ បានកែប្រែដើម្បីអាចរកចំណូលចិញ្ចឹមបុគ្គលិក ផ្ដល់ប្រាក់ចំណូលដល់បុគ្គលិកខ្លះៗ ក្នុងការលើកកម្ពស់កម្រិតជីវភាព ហើយក្នុងនាមក្រសួងទេសចរណ៍ក៏រីករាយនិងសាទរ ឃើញម្ចាស់អាជីវកម្មបត់បែនទៅតាមកាលៈទេសៈបែបនេះ ។
លោកបន្តថា កាលពីខែឧសភា២០២០កន្លងទៅនេះ គេឃើញថាចលនាទេសចរណ៍ក្នុងស្រុក ក៏ចាប់ផ្ដើកកម្រើកឡើងវិញជាបណ្ដើរឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ១៩នៅកម្ពុជាហាក់មានភាពធូរស្រាលឡើងវិញ ក៏ប៉ុន្តែសម្រាប់តំបន់ខ្លះនៅតែចោទជាបញ្ហា ដែលធ្វើអោយម្ចាស់អាជីវកម្ម ដែលជួលទីតាំងត្រូវបង្ខំចិត្តលក់ ឬក៏ផ្លាស់ប្តូរអាជីវកម្ម។
យោងតាមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីចុងសប្ដាហ៍កន្លងទៅនេះ រាជរដ្ឋាភិបាលបានសម្រេចអោយម្ចាស់អាជីវកម្មក្លឹបកម្សាន្ត និងខេធីវី ផ្លាស់ប្តូរអាជីវកម្មទៅជាភោជនីយដ្ឋាន និងអាចទទួលភ្ញៀវ ហើយនៅតែបន្តបិទ អាជីវកម្មក្លឹបកម្សាន្តនិងខារ៉ាអូខេដដែល ដើម្បីបន្តការពារការឆ្លងរាលដាលនៃកូវីដ១៩នេះ៕