ដោយៈ រ៉ាណេត
ភ្នំពេញៈ មានការលើកឡើងផ្សេងៗគ្នាជាច្រើន ពាក់ព័ន្ធទៅនឹងវិធីសាស្ត្រ ក្នុងការអភិវឌ្ឍខ្លួនក្លាយជាភ្នាក់ងារលក់អចលនទ្រព្យម្នាក់ ដែលមានប្រសិទ្ធភាព និងទទួលបានជោគជ័យខ្ពស់ ដោយក្នុងនោះមានអ្នកខ្លះ លើកយកពីបទពិសោធន៍ផ្ទាល់ខ្លួនមកបង្ហាញ ហើយអ្នកខ្លះទៀត បានលើកយកទ្រឹស្ដីពីការសិក្សាស្រាវជ្រាវមកធ្វើជាអំណះអំណាង។
ជាការចែករំលែកនូវចំណេះដឹងពាក់ព័ន្ធ ទៅនឹងគន្លឹះដែលអាចអភិវឌ្ឍន៍ខ្លួនក្លាយជាភ្នាក់ងារលក់អចលនទ្រព្យម្នាក់ ដែលអាចទទួលបានភាគរយជោគជ័យខ្ពស់ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Basac Realthy Co,. Ltd លោក នី ទីណាតបានលើកយកពីចំណុចសំខាន់ៗមួយចំនួន ដែលលោកធ្លាប់អនុវត្ត និងទទួលបានលទ្ធផលល្អមកបង្ហាញដូចខាងក្រោមនេះ។
ក្នុងការធ្វើបទបង្ហាញនៅអង្គសិក្ខាសាលាស្ដីពី ការចែករំលែកចំណេះដឹងការអភិវ ឌ្ឍខ្លួនជាភ្នាក់ងារអចលទ្រព្យនៅភោជនីយដ្ឋាន សួគ៌ា កាលពីពេលថ្មីៗនេះថា វិធីសាស្ត្រក្នុងការអនុវត្តគឺមានច្រើន ប៉ុន្តែអ្វីដែលសំខាន់ និងចាំបាច់បន្ថែមពីលើចំណង់ចំណូលចិត្ត ការព្យាយាម ការចេះរៀបចំខ្លួន និងចំណេះដឹងទូទៅពាក់ព័ន្ធ ទៅនឹងវិស័យអចលនទ្រព្យ នៅមានចំណុចមួយចំនួនទៀតដែលលោកធ្លាប់បានអនុវត្តន៍។
លោកនី ទីណាតបានបញ្ជាក់ថា “ក្រៅពីអ្វីដែលខ្ញុំរៀបរាប់ខាងលើនេះ ភ្នាក់ងារដែលមានឱកាសជោគជ័យ គឺត្រូវចេះជ្រើសរើសអតិថិជនពិតប្រាកដ ដឹងពីតម្រូវការពិតប្រាកដរបស់អតិថិជន យល់ដឹងពីនីតិវិធីច្បាប់ និងមានអចលនទ្រព្យច្រើនប្រភេទសម្រាប់ដាក់លក់ដល់អតិថិជន” ។ លោកបន្តថា “ជាបទពិសោធន៍របស់ខ្ញុំ ស្ទើរតែគ្រប់អតិថិជនដែលមកជួបយើង ភាគច្រើនពួកគាត់ក៏ធ្លាប់ជួបជាមួយបណ្តាភ្នាក់ងារ នៃក្រុមហ៊ុនដទៃទៀត ដែលប្រឡូកនៅក្នុងទីផ្សាររួមជាមួយគ្នា ដូច្នេះនៅពេលដែលដឹងថា ពួកគាត់ធ្លាប់ជួបជាមួយភ្នាក់ងារមុនៗ យើងគួរស្វែងយកពីគោលបំណងរបស់ភ្ញៀវ ហើយជ្រើសរើសប្រភេទអចលនទ្រព្យ ដែលស្ថិតក្នុងគោលបំណងរបស់ពួកគាត់ ដោយអាចមានចាប់ពី២-៣ប្រភេទឡើងទៅ ដែលមានតម្លៃប្រហាក់ប្រហែលគ្នា” ។
លោកបន្តថា កុំព្យាយាមនិយាយបង្អាប់ភ្នាក់ងារមុនៗ ដែលពួកគាត់បានជួប ប៉ុន្តែត្រូវព្យាយាមបង្ហាញពីជំនាញ ចំណេះដឹង និងភាពស្មោះត្រង់ទៅកាន់ពួកគាត់ ដើម្បីឱ្យពួកគាត់ស្គាល់ពីតម្លៃ និងផ្តល់ទំនុកកាន់តែខ្លាំងមកលើយើង។ អ្វីដែលសំខាន់ គឺការចេះគ្រប់គ្រងពេលវេលាជាក់លាក់ ក្នុងការណាត់ជួបជាមួយភ្ញៀវ។ មុនពេលកំណត់ពេលណាត់ជួប ឬសន្យាចេញជួបភ្ញៀវ ចាំបាច់បំផុតប្រាកដថា បានត្រៀមខ្លួនរួចរាល់ ដោយក្នុងនោះ ត្រូវរាប់បញ្ចូលទាំងការរៀបចំឯកសារដែលពាក់ព័ន្ធ ការស្វែងយល់បន្ថែមពីចរន្តអចលនទ្រព្យ ដែលស្ថិតនៅជុំវិញទីតាំងគោលដៅរបស់ភ្ញៀវ ជៀសវាងការទទួលបានដំណឹងយឺតជាងភ្ញៀវ ឬជាដំណឹងលឿនរហ័ស ប៉ុន្តែមិនច្បាស់ការណ៍។
ជាមួយនឹងការបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនខាងលើនេះ លោកនី ទីណាតក៏បានបញ្ជាក់ផងដែរថា ការរក្សាបាននូវកិច្ចទំនាក់ទំនងល្អជាមួយភ្ញៀវ ក៏ដូចជាដៃគូសហការដែលស្ថិតនៅក្នុងវិស័យរួមគ្នា ក៏ជាចំណុចសំខាន់ដែលភ្នាក់ងារត្រូវតែប្រកាន់ខ្ជាប់ រួមជាមួយនឹងការព្យាយាមសិក្សា ស្វែងយល់បន្ថែមទៀតពីមនុស្ស ដែលមានភាពជោគជ័យនៅក្នុងវិស័យមួយនេះ៕