ដោយ វុត្ថា
ភ្នំពេញៈ ក្នុងរយៈពេល២០ឆ្នាំ ចាប់ពីឆ្នាំ ២០០០ ដល់ខែមិថុនា ឆ្នាំ២០២០ នេះ កម្ពុជា បានចេញលិខិតអនុញ្ញាតសាងសង់សំណង់ចំនួន៥០,៩៦៨គម្រោង ដែលមានផ្ទៃក្រឡាសំណង់ជាង១៤៥លានម៉ែត្រការ៉េ ដែលមានទុនវិនិយោគជាង៥៦,៩៦១លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានឱ្យដឹងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២០នេះបង្ហាញថា គម្រោងអគារខ្ពស់ៗចាប់ពី៥ ជាន់ឡើងនូវទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០០៥ រហូតដល់ខែមិថុនា ឆ្នាំ២០២០កន្លងមកនេះ មានចំនួន១៩៤៥ អគារ។
ក្នុងនោះអគារខ្ពស់ៗ ចាប់ពី៥ជាន់ទៅ៩ ជាន់មានចំនួន១០២២ អគារ។ អគារខ្ពស់ៗចាប់ពី១០ ជាន់ទៅ១៩ជាន់មានចំនួន៥៦៦ អគារ ។ អគារខ្ពស់ៗចាប់ពី២០ ជាន់ទៅ ២៩ជាន់មានចំនួន១៨៧អគារ។ អគារខ្ពស់ៗចាប់ពី៣០ ជាន់ទៅ៣៩ជាន់មានចំនួន ១១៤ អគារ និងអគារខ្ពស់ៗចាប់ពី៤០ ជាន់ទៅ មានចំនួន៤៦ អគារ។
របាយការណ៍ដដែលបន្ថែមថា ដោយឡែក នៅខេត្តព្រះសីហនុ មានអគារចាប់ពី ៥ ជាន់ឡើងទៅចំនួន៣៤៦ អគារ។ សម្រាប់គម្រោងបុរីលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈបុរី គិតពីឆ្នាំ២០០៣ ដល់ខែមិថុនា ឆ្នាំ ២០២០ មានចំនួន៣៤៨ គម្រោង ។
សេដ្ឋវិទូបានឱ្យដឹងថា វិស័យសំណង់នៅកម្ពុជា បាននឹងកំពុងដើរតួនាទីជាកំលាំងចលករមួយដ៏សំខាន់ ក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ ខណៈវិស័យនេះ ពិតជាបានង្ហាញ ពីការវិវត្តឈានឡើងនៃសេដ្ឋកិច្ចកម្ពុជា ប្រកបដោយស្ថេរភាព និងនិរន្តរភាព តាមរយៈការដាក់ចេញ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់មានប្រសាសន៍កន្លងមកនេះថា ក្នុងវិស័យសំណង់កម្ពុជា មានក្រុមហ៊ុនបរទេសមកធ្វើការបោះទុនវិនិយោគ ជាច្រើន រួមមាន ក្រុមហ៊ុនចិនជាប់ចំណាត់ថ្នាកទី១ ក្រុមហ៊ុនមកពីប្រទេសកូរ៉េជាប់ចំណាត់ថ្នាកទី។ ក្រុមហ៊ុនមកពីប្រទេសជប៉ុន ជាប់ចំណាត់ថ្នាក់ទី៣ និងបណ្តាក្រុមហ៊ុនធំៗមកពីបណ្តាប្រទេសផ្សេងទៀត ទាំងនៅក្នុងតំបន់អាស៊ី អឺរ៉ុប និងអាមេរិកជាដើម៕