ទីផ្សារ​ជួល​អាគារ​នៅ​ក្រុងព្រះសីហនុ​ចាប់ផ្តើម​កម្រើក​ឡើងវិញ​បន្ទាប់​វិបត្តិ

0

ដោយៈ រ៉ា​ណេ​ត

ព្រះសីហនុៈ កំណើន​នៃ​តម្រូវការ​ទីផ្សារ​ជួល​អាគារ ក្នុង​ក្រុងព្រះសីហនុ​នៅ​ដើម​ឆមាស​ទី២ឆ្នាំ២០២០ បានចាប់ផ្តើម​មាន​សន្ទុះ​ឡើងវិញ​គួរឱ្យកត់សម្គាល់ ខណៈដែល​កំណើន​ទេសចរ​ក្នុងស្រុក និង​អន្តរជាតិ ជាពិសេស​ការវិលត្រឡប់​របស់​វិនិយោគិន​ចិន​មកកាន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ជាប់មាត់​សមុទ្រ​មួយ​នេះ​ចាប់ផ្តើម​កើនឡើង​ខ្ពស់។

ចាប់តាំងពី​មាន​ភាពស្ងប់ស្ងាត់​ពី​ការ​រាតត្បាត​នៃ​ជំងឺឆ្លង ទាំង​កំណើន​ទេសចរ​ក្នុងស្រុក និង​អន្តរជាតិ ជាពិសេស​ការវិលត្រឡប់​របស់​វិនិយោគិន​ចិន មកកាន់​ក្រុងព្រះសីហនុ​មាន​កំណើន​ជាប់​ជាប្រចាំ ពោលគឺ​ចាប់តាំងពី​ក្នុងអំឡុង​ខែឧសភា ឆ្នាំ២០២០ និង​បន្ត​រហូតមកដល់​បច្ចុប្បន្ន ដែល​ជំរុញ​ឱ្យ​តម្រូវការ​ទីផ្សារ​ជួល​អាគារ មាន​សកម្មភាព​ឡើងវិញ។

នេះ​បើតាម​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់ រដ្ឋបាលខេត្ត​ព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ។

លោក​នង ឌី​ណា​រ៉ា ប្រធានការិយាល័យ​ទំនាក់ទំនង​សាធារណៈ និង​ពិធីការ​នៃ​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​ថា ចាប់តាំងពី​អំឡុង​ខែឧសភា ឆ្នាំ២០២០ បន្ទាប់ពី​ស្ថានភាព​នៃ​ជំងឺ Covid-19 មាន​ភាពស្ងប់ស្ងាត់ ជាពិសេស​នៅក្នុង​ប្រទេស​កម្ពុជា មានការ​ទប់ស្កាត់បាន​ល្អ​នោះ កំណើន​ទេសចរ​ក្នុងស្រុក​ចាប់ផ្តើម​មាន​កំណើន​ជា​បន្តបន្ទាប់ ខណៈដែល​បញ្ហា​សណ្តាប់ធ្នាប់ និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវថ្នល់​នានា​នៅ​ទូទាំង​ខេត្ត​ជិត​បញ្ចប់​ជា​ស្ថាពរ។

លោក​បាន​បញ្ជាក់ថា “ក្រៅពី​កំណើន​ទេសចរ​ក្នុងស្រុក បច្ចុប្បន្ននេះ​ក៏មាន​វត្តមាន​របស់​ទេស​ចរ និង​វិនិយោគិន​ចិន ដែល​វិលត្រឡប់​មកកាន់​ក្រុងព្រះសីហនុ​វិញ​ដែរ ដែល​ក្នុងនោះ​ភាគច្រើន​ជា​វិនិយោគិន​ចាស់ មក​បញ្ចប់​គម្រោង​រប​ស់​ពួកគេ ដែល​បន្សល់ទុក​មុនពេល​កើតមាន​វិបត្តិ​ជំងឺ​រាតត្បាត” ។ លោក​បន្តថា“ទាំង​ការវិលត្រឡប់​របស់​វិនិយោគិន និង​ទេសចរ​ចិន បាន​ជួយ​ជំ​រុញឱ្យ​ទីផ្សារ​នៃ​ការជួល​អាគារ​សម្រាប់​ស្នាក់នៅ ក៏ដូចជា​អាគារ​អាជីវកម្ម​ដែល​ធ្លាប់​ស្ងាប់​ស្ងាត់​នោះ ចាប់ផ្តើម​មាន​តម្រូវការ​វិញ ហើយ​វា​ក៏​ជាស​ញ្ញា​ល្អ​មួយផ្នែក​នៅក្នុង​ចំណោម​ផ្នែក​ដទៃទៀត នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ” ។

មុន​ការ​ផ្ទុះឡើង​នៃ​ករណី​វីរុស Covid-19 ដែល​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ព្រះសីហនុ មាន​សន្ទុះ​យ៉ាង​ខ្លាំងក្លា​ហួសការ​ស្មាន​ទុក​នោះ វត្តមាន​របស់​ប្រជាជន​ចិន​សរុប​នៅក្នុង​ខេត្ត​មួយ​នេះ​មាន​ប្រមាណ៨០,០០០ នាក់ ឬ​ជិត​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប​របស់​ខេត្ត​ព្រះសីហនុ ខណៈ​ពួកគេ​បានមក​ធ្វើការ​វិនិយោគ​យ៉ាង​ច្រើ ន​លើ​វិស័យ​ទេសចរណ៍ កាស៊ីណូ សំណង់ សេវាកម្ម ផលិតកម្ម និង​រហូតដល់​អាជីវកម្ម​ចល័ត​តូចតាច​នៅតាម​ដងផ្លូវ។

ដោយឡែក ផ្អែក​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍ ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់ថា ក្នុង​រយៈពេល៦ខែ​ដំបូង​នៃ​ឆ្នាំ២០២០ ភ្ញៀវទេសចរ​ចំនួន៤៧៣,២៥៧ នាក់​បានមក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ដែល​ចំ​នួ​នេះ​មានការ​ធ្លាក់ចុះ​ចំនួន១,៣៤៧,០១៣ នាក់ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here