ដោយ វុត្ថា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការ ពង្រឹងការគ្រប់គ្រង និងអភិរក្សតំបន់ធម្មជាតិសរុបចំនួន៦៩កន្លែង គ្របដណ្តប់លើផ្ទៃដីប្រមាណជាង ៧,២ លានហិកតា ស្មើប្រមាណ ៤១%នៃផ្ទៃដីសរុបរបស់កម្ពុជា ខណៈតំបន់ការពារ និងអភិរក្សមួយចំនួននៅក្នុងប្រទេសត្រូវបានទន្ទ្រាន និងកាន់កាប់ធ្វើជាកម្មសិទ្ធិខុសច្បាប់។
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បានបង្ហាញនៅក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើការ គ្រប់គ្រង តំបន់ការពារធម្មជាតិនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២០កន្លងមកបានឱ្យដឹងថា តំបន់ធម្មជាតិនទាំងនោះរួមមាន តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រាមសារ តំបន់ស្នូលនៃឋបនីយជីវមណ្ឌល តំបន់បេតិកភណ្ឌធម្មជាតិ តំបន់ឧទ្យានជាតិសមុទ្រ និងរបៀងអភិរក្សជីវៈចម្រុះ។
យោងតាមអនុក្រឹត្យ ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែនដែលបានផ្សព្វផ្សាយកាលពីន្លងមកនេះបង្ហាញថា ការបង្កើតតំបន់ការពារធម្មជាតិ ធ្វើឡើងក្នុងគោលបំណងដើម្បី ធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី សារព័នមជ្ឈដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌ ថែរក្សាការពារលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។
អនុក្រឹត្យដដែលបន្តថា តំបន់ការពារធម្មជាតិនេះ នឹង ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកប ដោយនិរន្តភាព លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការ គ្រប់គ្រង ការការពារ និងកាអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ ថែរក្សាការពារ វប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និងសារៈសំខាន់ផ្នែកវប្បធម៌របស់សហគមន៍មូលដ្ឋាន និងបង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ការពារធម្មជាតិ សម្រាប់ជាផលប្រយោជន៍ ដល់សង្គមជាតិគ្រប់ជំនាន់។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីបានចេញ“វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ” ជូនក្រសួងបរិស្ថានចំនួន១៨ប័ណ្ណ ក្នុងនោះ១០ប័ណ្ណ សម្រាប់សម្គាល់កម្មសិទ្ធិដីរដ្ឋក្នុងតំបន់ស្នូល និងតំបន់អភិរក្សនៃដែន ជម្រកសត្វព្រៃ ពាមក្រសោប ខេត្តកោះកុង ដែលគ្រប់ដណ្តប់លើផ្ទៃដីសរុប៤.៦៧២,៦១ហិកតា និង៨ប័ណ្ណសម្រាប់សម្គាល់កម្មសិទ្ធិដីរដ្ឋក្នុងតំបន់ស្នូល នៃដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគីរី ដែលគ្របដណ្តប់លើផ្ទៃដីសរុប ៤៥.៥១៩,២៦ ហិកតា។
ក្រសួងបរិស្ថានបញ្ជាក់ថា “នេះគឺជាលទ្ធផលប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលរាជរដ្ឋាភិបាលបានគាំទ្រ និងជំរុញឱ្យមានការចុះបញ្ជីដីរដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិជាលើកដំបូង ហើយក៏ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលលើការងារការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជាផងដែរ។ ក្រសួងបរិស្ថាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ នឹងបន្តដកស្រង់មេរៀន និងបទពិសោធពីគម្រោងនេះ ដើម្បីកែសម្រួលនីតិវិធី និងជំរុញដំណើរការចុះបញ្ជីដីរដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិដទៃទៀតនៅទូទាំងប្រទេស៕