ដោយ ៖ ដែន ចែងចាំង
ភ្នំពេញ ៖ អ្នកណាជាអតិថិជនទិញខុនដូនៅកម្ពុជាពិតប្រាកដ នៅពេលការផ្គត់ផ្គង់ខុនដូកើនខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈឆ្នាំនេះចំនួនខុនដូ១៣០០០យូនីតទៀតនឹងដាក់ចូលទីផ្សារ។
ភាគហ៊ុននៃគំរោងក្រុមហ៊ុនលំនៅដ្ឋានអ៊ិលកម្ពុជាភ្នំពេញលោក ទុយ ប៊ុន បានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា ការលក់ខុនដូនាពេលបច្ចុប្បន្ននេះ នៅតែមិនទាន់មានរោគសញ្ញាប្រសើរនៅឡើយទេ តែយើងនៅតែបន្តលក់ដាច់ជាបណ្តើរ ហើយយើងនៅតែបន្តវិនិយោគគំរោងថ្មីមួយទៀត ដែលគ្រោងចាប់ផ្តើមនៅខែសីហាខាងមុខនេះ ព្រោះយើងគិតថាទោះជាលក់មិនដាច់ ក៏អាចប្រើប្រាស់សំរាប់ជួលបានផងដែរ។
-->

លោកបន្តថា “គំរោងរបស់ខ្ញុំនៅតែដើរទៅមុខត្រឹកៗ ហើយខ្ញុំគិតថានៅតែមានអ្នកទិញ ដែលពួកគេជាអ្នកធ្វើការ និងអ្នកចង់រស់នៅទីក្រុង”។ លោកបន្តថា “ខ្ញុំផ្តោតលើប្រជាជនមានប្រាក់ចំណូលមធ្យម និងលក់ក្នុងតំលៃសមរម្យក្នុងតំលៃ១០០០ទៅ១១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយគំរោងថ្មីរបស់យើងនឹងមានតំលៃទាបជាងនេះទៀតផង”។
ជាមួយនឹងការប្រមើលមើលទៅកាន់អនាគត លោកទុយ ប៊ុនមិនបញ្ជាក់ជាក់លាក់នោះទេ តែលោកមិនមានសុទិដ្ឋិនិយមច្រើនឡើយ ដោយសារលោកដឹងថា គំរោងដែលមានតំលៃប្រហាក់ប្រហែលគំរោងខុនដូ L បានផ្អាកការសាងសង់ហើយ។
លោកបន្តថា អតិថិជនរបស់លោកភាគច្រើនជាជនជាតិខ្មែរ មានន័យក ណ្តាល ពិសេសអ្នកទើបរៀបការរួចថ្មីៗ បានមកទិញគំរោងរបស់លោក ទោះជាពួកគេលំបាកបន្តិចក្តី ប៉ុន្តែពួកគេអាចរស់នៅបាន ជាក់ស្តែងគំរោងទី១ និងទី២របស់លោកដែលបានបញ្ចប់ការសាងសង់ មានអ្នកមករស់នៅប្រមាណ៧០ភាគរយ និងគំរោងទី៣ ដែលទើបបញ្ចប់ការសាងសង់ មានអ្នកមករស់នៅប្រមាណ៥០ភាគរយផងដែរ។
យោងតាមការសិក្សារបស់ក្រុមហ៊ុន អចលនទ្រព្យលំដាប់អន្តរជាតិ CBRE Cambodia បានរកឃើញថា គិតរហូតដល់ដំណាច់ឆ្នាំនេះ ខុនដូចំនួន៧០០០យូនីតទៀតនឹងដាក់ចូលទីផ្សារ ដែលធ្វើឲ្យចំនួនខុនដូដាក់ដំនើរការលើទីផ្សារកើនឡើងដល់១២០០០យូនីត។

នាយិកាក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានថ្លែងឲ្យដឹង ការលក់ខុនដូនៅតែដំណើការ សម្រាប់ខុនដូដែលផ្តោតលើប្រជាជនមានជីវភាពមធ្យម ប៉ុន្តែខុនដូដែលមានតំលៃថ្លៃ ផ្តោតលើប្រជាជនមានជីវភាពធូរធារខ្លាំងមានការលក់យឺតបន្តិច។ អ្នកនាងបន្តថា “វាមិនមានអ្វីគួរឲ្យបារម្ភនោះទេ បើទោះជាមានការបារម្ភពីការផ្គត់ផ្គង់លើសតម្រូវការក្តី ប៉ុន្តែទីផ្សារជាក់ស្តែងមិនមានបញ្ហានោះទេ”។
នៅពេលសួរពីចំនួនខុនដូលក់ចេញពិតប្រាកដ ក្នុងគំរោងថ្មីៗអ្នកនាងធីតាបានបន្តថា “យើងពិតជាមានការលំបាកក្នុងការប្រមូលទិន្នន័យពីការលក់ ដោយសារគំរោងខុនដូនិមួយៗ មិនបង្ហាញពីតម្លាភាពនៃការលក់របស់ពួកគេនោះទេ”។
ទោះជាយ៉ាងណាអ្នកវិនិយោគខុនដូប្រណីតនៅកម្ពុជា មិនមានការព្រួយបារម្ភពីទីផ្សារនោះឡើយ ជាក់ស្តែងលោកឧកញ៉ា សៀ រិទ្ឋី អគ្គនាយកក្រុមហ៊ុន World Bridge Land Group ដែលបានវិនិយោគទឹកប្រាក់រាប់រយលានដុល្លារលើគំរោង The Bridge, The Peak និងគំរោង KOWLOON Bay បានថ្លែងថា លោកមើលមិន ឃើញបញ្ហានោះទេ ប៉ុន្តែវានឹងជាបញ្ហាប្រសិនជាម្ចាស់ខុនដូសាងសង់មិនផ្តោត សំខាន់លើទីតាំង មិនមានគំរោងផែនការ និងជំនាញច្បាស់លាស់។លោកបន្តថា ខុនដូដែលប្រឈមនឹងបញ្ហាដែលស្ថិតនៅទីតាំងមិនសមស្រប និងមិនមានមូលដ្ឋាន ទុន វិនិយោគគ្រប់គ្រាន់។ លោកបន្តថា “ខុនដូរបស់ខ្ញុំផ្តោតសំខាន់លើទីតាំង គុណភាពសំណង់ និងមានមូលដ្ឋានទុនវិនិយោគរឹងមាំ ហើយខ្ញុំមិនមែនលក់ផ្ទះតែមួយមុខទេ តែខ្ញុំលក់Lifestyle”។

យោងតាមការសិក្សា Urban Living Solution បានរកឃើញថានៅឆ្នាំ ២០៣០ចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ នឹងកើនដល់៤លាននាក់ ដែលនឹងធ្វើឲ្យបែបផែននៃការរស់នៅក្នុងទីក្រុងភ្នំពេញផ្លាស់ប្តូរ ហើយចំនួនយុវជនវ័យក្មេងដែលមានភាពស៊ីវិល័យនឹងរស់នៅតាមខុនដូច្រើន ដោយសារកត្តាប្រជាសាស្រ្ត ការកកស្ទះចរាចរក្នុងទីក្រុង ការរីកចំរើនបច្ចេកវិទ្យា ដែលធ្វើឲ្យជីវិតពួកគេកាន់តែមានភាពងាយស្រួលក្នុងការរស់នៅ។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនវិនិយោគ ខុនដូ ធំៗ ជាច្រើនគំរោងនៅទីក្រុងភ្នំពេញផងដែរបានថ្លែងថា ពិតណាស់ស្ថានភាពទីផ្សារ បច្ចុប្បន្ននេះ មិនមានអ្វីគួរឲ្យបារម្ភនោះទេ ព្រោះខុនដូដែលមានទីតាំងល្អនៅតែលក់ បាន ផ្ទុយទៅវិញគំរោងនៅឆ្ងាយៗមានការពិបាកលក់បន្តិច។ លោកបន្តថា អតិថិជនទិញខុនដូសព្វថ្ងៃនៅតែជាជនបរទេសភាគច្រើន ពិសេ សជនជាតិចិន និងចិនតៃវ៉ាន់ នៅតែនាំមុខជនជាតិខ្មែរ ប៉ុន្តែនិន្នាការនៃការទិញខុនដូរបស់ប្រជាជនខ្មែរកើនឡើង។
លោកបន្តថា “ប្រសិនជាស្ថានភាពនយោបាយដូចសព្វថ្ងៃនេះ មិនមានបញ្ហានោះទេ ប៉ុន្តែអ្វីដែលជាការបារម្ភ នៅតែបារម្ភ ព្រោះប្រជាជនខ្មែរគិតពីស្ថានភាពពេលបោះឆ្នោតមកដល់នៅពេលខាងមុខ”។
អគ្គនាយកក្រុមហ៊ុន Khmer Fondation Appraisal លោកឧកញ៉ានួន រិទ្ឋីនៅតែមានសុទិដ្ឋិនិយមពីទីផ្សារខុនដូ និងអាផាតម៉ិននៅកម្ពុជា ដោយលោកបានថ្លែងថា ខុនដូដែលបានបញ្ចប់ការសាងសង់បច្ចុប្បន្ន មានប្រមាណ៣០ភាគរយនៃ ខុនដូសរុប និងមានគំរោងជាច្រើនទៀតនឹងចាប់ផ្តើមនៅពេលអនាគត ដោយសារពួកគេគិតថា ទីផ្សារនៅតែមានសក្តានុពល ហើយទីផ្សារបច្ចុប្បន្នគឺការផ្គត់ផ្គង់ និងតម្រូវការកំពុងមានតុល្យភាពគ្នា ទោះជាការលក់មានភាពយឺតយ៉ាវបន្តិចបន្តួចក្តី។ លោកបន្តថា “ទោះជាការលក់ចេញយឺតបន្តិចក្តី តែខ្ញុំមានសុទិដ្ឋិនិយមសម្រាប់អនាគត”៕









