ដោយៈ រ៉ាណេត
កំពតៈ គម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរខ្សាច់ថ្មី លើកដំបូងនៅក្នុងខេត្តកំពត ត្រូវបានរដ្ឋបាលខេត្ត ជំរុញឱ្យក្រុមនហ៊ុនទទួលសិទ្ធិវិនិយោគ បង្កើនល្បឿនឱ្យបានលឿនបំផុត ដោយអនុវត្តទៅតាមគម្រោង និងផែនការមេដែលបានកំណត់ ដើម្បីបង្កើនសមត្ថភាពទទួលកំណើនទេសចរជាតិ និងអន្តរជាតិ ដែលជាផែនការរបស់រាជរដ្ឋាភិបាល។
ជាថ្មីម្ដងទៀតអភិបាលខេត្តកំពត លោកជាវ តាយ បានបើកកិច្ចប្រជុំពិភាក្សាបន្ទាន់នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ស្ដីពី ផែនការអភិវឌ្ឍន៍នៅតំបន់ឆ្នេរខ្សាច់ថ្មី ស្ថិតនៅក្នុងឃុំបឹងទូកស្រុកទឹកឈូ ខេត្តកំពត ដើម្បីប្រាកដពីលទ្ធភាពនៃល្បឿន អភិវឌ្ឍន៍របស់ក្រុមហ៊ុនក្នុងការប្រែក្លាយតំបន់នេះ ទៅជារមណីយដ្ឋានឆ្នេរខ្សាច់សមុទ្រដ៏ទាក់ទាញ ក្នុងរយៈពេលដ៏ខ្លី ពោលគឺអាចទទួលទេសចរនៅត្រឹមដំណាច់ឆ្នាំ២០២០ ។
ក្នុងកិច្ចប្រជុំនេះ ក៏បានពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការ និងអនុគណ:កម្មការអភិវឌ្ឍ រមណីយដ្ឋានខ្សាច់ថ្មីនេះផងដែរ។
លោកជាវ តាយ អភិបាលខេត្ត បានមានប្រសាសន៍រំលឹកបញ្ជាក់ថា គម្រោងកិច្ចអភិវឌ្ឍ រមណីយដ្ឋានឆ្នេរខ្សាច់ថ្មីនេះ ធ្វើយ៉ាងណាជំរុញល្បឿនអភិវឌ្ឍន៍ឆ្នេរខ្សាច់អោយបានឆាប់ដើម្បីបំរើភ្ញៀវទេសចរ។
គម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរខ្សាច់ថ្មី ដែលមានទីតាំងស្ថិតនៅភូមិសាស្ត្រ ដូចបានបង្ហាញខាងលើនេះ ត្រូវបានផ្តល់សិទ្ធិដល់ក្រុមហ៊ុន (អាយ.ជី.ប៊ី) Cambodia Co.ltd ។
បច្ចុប្បន្ន ខេត្តកំពតមានឆ្នេរសមុទ្រប្រវែង៧៦គីឡូម៉ែត្រ ប៉ុន្តែខេត្តនេះនៅមិនទាន់មានឆ្នេរខ្សាច់ សម្រាប់ភ្ញៀវទេសចរមកកំសាន្តនៅឡើយ ដូច្នេះហើយទើបរដ្ឋបាលខេត្តរៀបចំតំបន់ឆ្នេរខ្សាច់មួយចំនួន សម្រាប់ជាទីតាំងកម្សាន្ត ដើម្បីបំពេញសេចក្តីត្រូវការរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ មកសម្រាកលំហែរក្នុងឱកាសថ្ងៃឈប់សម្រាក និងពិធីបុណ្យផ្សេង។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ខេត្តកំពតនៅពេលបច្ចុប្បន្ននេះ មិនទាន់មានឆ្នេរដូចបណ្តាខេត្ត ដែលនៅជាប់មាត់សមុទ្រមួយចំនួនរបស់កម្ពុជានោះទេ ហើយទីតាំងឆ្នេរដែលបាននឹងកំពុងរៀបចំនេះ ស្ថិតនៅមិនឆ្ងាយពីទីរួមខេត្ត និងនៅជិតរមណីយដ្ឋានភ្នំបូកគោ ព្រមទាំងនៅមិនឆ្ងាយពីរមណីយដ្ឋានទឹកឈូ ពោលឆ្នេរថ្មីនេះ គឺមានទីតាំងល្អសម្រាប់ភ្ញៀវទេសចរមកកំសាន្ត។
លោកបានបន្តទៀតថា នៅពេលភ្ញៀវទេសចរមកលេង នៅក្នុងតំបន់ឆ្នេរទាំងនេះកាន់តែច្រើន វានឹងផ្តល់ចំណូលដល់ពលរដ្ឋមូលដ្ឋាន ហើយម្យ៉ាងទៀតក៏ផ្តល់ចំណូលដល់សេដ្ឋកិច្ចក្នុងខេត្ត តាមរយៈវិស័យទេសចរណ៍ ដែលជាចលករយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចជាតិ៕