ដោយៈរ៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីឈ្មោះ ដែលមានប្រភពមកពីសហរដ្ឋអាមេរិក Coldwell Banker Cambodia និងមានអាយុជាង ១១០ឆ្នាំមកហើយនោះ បានប្រកាសចាប់ផ្តើមបើកដំណើរការទទួល និងផ្តល់សេវាកម្មក្នុងទីផ្សារអចលនទ្រព្យ កម្រិតខ្ពស់លើកដំបូងនៅកម្ពុជា។

-->
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Coldwell Banker Cambodia លោក Ken Lo បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ដែលទើបតែសម្ពោធបើកដំណើរការ ជាផ្លូវការនៅកម្ពុជាកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ មួយនេះ មានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនដ៏ធំ និងល្បីឈ្មោះលំដាប់ទី៣ជាសាកល។
លោកបន្តទៀតថា “ជាមួយនឹងការបើកដំណើរការផ្តល់សេវានៅកម្ពុជា ជាលើកដំបូងនៅពេលនេះ ក្រុមហ៊ុនបានផ្តោតសំខាន់ទៅលើឯកទេស និងជំនាញផ្នែកអចលនទ្រព្យសម្រាប់ពាណិជ្ជកម្ម (Commercial Real Estate) និងទីផ្សារអចលនទ្រព្យលំដាប់ខ្ពស់” ។ លោកបន្តទៀតថា “ទីផ្សារគោលដៅរបស់យើង គឺខុសពីបណ្តាក្រុមហ៊ុនភ្នាក់ងារទូទៅ នៅដែលកំពុងដំណើរការសព្វថ្ងៃនេះនៅកម្ពុជា ដោយសារតែពួកគេធ្វើសេវាកម្មចំរុះ បានន័យថា មិនថាអចលនវត្ថុនោះមានកម្រិតតូច ធំ ឬមធ្យមនោះទេ គឺធ្វើទាំងអស់ ប៉ុន្តែសម្រាប់ទីផ្សារគោលដៅ របស់Coldwell Banker Cambodia គឺជាប្រភេទអចលទ្រព្យកម្រិតខ្ពស់មានតម្លៃថ្លៃអាចចាប់ពី១លានដុល្លារឡើងទៅ” ។
ជាមួយនឹងការបង្ហាញពីគោលដៅទីផ្សារខាងលើនេះ លោក Ken Lo ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា សម្រាប់ការផ្តល់សេវាកម្ម នៅក្នុងទីផ្សារអចលទ្រព្យនៅកម្ពុជា ដែលជាការចូលរួមចំណែកមួយយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់វិស័យអចលនទ្រព្យកម្ពុជាឱ្យមានភាពល្អប្រសើរមួយកម្រិត ខណៈដែលបណ្តាប្រទេសជច្រើន លើសាកលលោកកំពុងជួបវិសេដ្ឋកិច្ច តាមរយៈក្រុមហ៊ុន Coldwell Banker Cambodia មានការផ្គត់ផ្គង់ទៅលើទីផ្សារ Office Space បែបទាន់សម័យជាច្រើនទីតាំង និងស្របតាមតម្រូវការនាពេលបច្ចុប្បន្ន។

លោកបានបញ្ជាក់ថា ក្រុមហ៊ុនជាច្រើន ដែលកំពុងប្រតិបត្តិការនៅពេលបច្ចុប្បន្ន បាន និងកំពុងធ្វើការវិវឌ្ឍទីស្នាក់ការរបស់ខ្លួន ពីការជួលផ្ទះល្វែង ឬវីឡាតូចៗ មកកាន់សំណង់អាគារទំនើបខ្ពស់ៗលំដាប់ស្ដង់ដារអន្តរជាតិ ដែលក្រៅពីអាចជួយបង្កើនកេរ្តិ៍ឈ្មោះ ថែមទាំងជួយផ្តល់ទំនុកចិត្ត ដល់ដៃគូវិនិយោគរបស់ខ្លួនថែមទៀត។ ដូច្នេះការសម្រេចចិត្តជ្រើសរើស Office Space កម្រិតស្តង់ដារធ្វើជាទីស្នាក់ការក្រុមហ៊ុន គឺជាជម្រើសដ៏ប្រសើរបំផុត” ។
ជាមួយគ្នានេះ តាមរយៈក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ លំដាប់អន្តរជាតិដែលមានកេរ្តិ៍ឈ្មោះប្រចាំនៅសហរដ្ឋអាមេរិក ដែលទើបតែបង្ហាញវត្តមាននៅកម្ពុជា នាពេលនេះ លោក Ken Lo បានធ្វើការលើកទឹកចិត្តដល់បណ្តាម្ចាស់អគារ ក៏ដូចជាអ្នកអភិវឌ្ឍន៍អគារធំៗលំដាប់អន្តរជាតិនៅកម្ពុជា ជាពិសេសអគារបម្រើវិស័យ Office Space អាចជួបប្រឹក្សាជាមួយក្រុមហ៊ុន Coldwell Banker ក្នុងនាមជាដៃគូសហការ ដើម្បីផ្គត់ផ្គង់ចំណែកទីផ្សារ ក៏ដូចជាការណែនាំអតិថិជនល្អៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមចក្ខុវិស័យនៃការបណ្តាក់ទុនវិនិយោគ។
ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Coldwell Banker Cambodia មានទទួលបម្រើសេវា និងប្រឹក្សាតែចំពោះអចលនវត្ថុទាំងឡាយណា ដែលមានតម្លៃខ្ពស់អាចចាប់ពី៨០ម៉ឺនដុល្លារ ឬ១លានដុល្លាររឡើងទៅ ដោយក្នុងនោះមិនថាជាប្រភេទអគារពាណិជ្ជកម្ម ខុនដូ លំនៅដ្ឋាន និងទីតាំងជួលដូចជា Commercial Land, Commercial Industrial, Property Residence ។

បន្ថែមពីនេះ ក្រុមហ៊ុនក៏មាននាំយកអចលនទ្រព្យពីកម្ពុជា ទៅលក់នៅលើទីផ្សារក្រៅប្រទេស ហើយក៏នាំយកអចលនទ្រព្យ នៅក្រៅប្រទេសមកលក់នៅប្រទេសកម្ពុជាវិញផងដែរ ដូចជាប្រទេសអូស្ត្រាលីជាដើម ដែលមានប្រជាជនខ្មែរទៅរស់នៅ និងសិក្សាបន្តនៅទីនោះច្រើន។ សម្រាប់អ្នកដែលមានកូនចៅរៀនចប់នៅក្នុងស្រុក ហើយត្រូវបញ្ជូនទៅសិក្សាបន្តនៅប្រទេសអូស្ត្រា ឬកាណាដា អាចទិញអចលនទ្រព្យ ឬលំនៅដ្ឋានតាមរយៈ Coldwell Banker Cambodia ដែលជាក្រុមហ៊ុន មានការទទួលស្គាល់លំដាប់ពិភពលោក៕